កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស ខាន់ ចេ​សា ប្តេជ្ញា​ជួយ​កម្ពុជា​លើ​ការប្រកួត​ឆាក​អន្តរជាតិ បើសិន​ត្រូវការ​នាង​
18, Dec 2019 , 10:50 am        
រូបភាព
ដោយ:
​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន ខាន់ ចេ​សា ប្តេជ្ញា​បន្ត​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ បើ​កម្ពុជា​ត្រូវការ​រូបនាង​។ កីឡាការិនី​មាន​ឱ​ពុក​ខ្មែរ និង​ម្តាយ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​កាត់​អាមេរិក ប្តេជ្ញា​បែបនេះ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ថវិកា​លើក​ទឺ​ក​ចិត្ត​ពី​ណាហ្គា​វើ​លដ៍​នៅ​ថ្ងៃទី​១៦ ធ្នូ ដោយ​នាង​ទទួលបាន​ថវិកា​ចំនួន​៦​ពាន់​ដុល្លារ​។ ចេ​សា អះអាងថា ការប្រកួត SEA Games មាន​ភាពងាយស្រួល​ជាង​ជាង​ការប្រកួត​កីឡា Asian Games នៅ​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ​២០១៨ ដែល​នាង​ដណ្តើមបាន​មេដាយ​មាសដូចគ្នា​។​

 
​គ្មាន​ឡើយ​ពាក្យ​ថា​«​ទេ​»​សម្រាប់​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ប្រសិនបើ​កម្ពុជា​ត្រូវការ នាង ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា នៅ​ថ្ងៃ​អនាគត​។ លើសពីនេះ នាង ប្តេជ្ញា​នឹង​បន្ត​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កំណើត​របស់​ឪពុក​ខ្លួន ព្រោះ​ចង់​លើកស្ទួយ​មុខមាត់ និង​សាង​ភាពល្បីល្បាញ​ជូន​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ 
 
​ឆ្លើយ​សំនួរ​របស់លោក ញ៉ា​ន សុខ​វិសាល អ្នកសម្របសម្រួល​ក្នុង​កម្មវិធី​ប្រគល់​ថវិកា​លើក​ទីក​ចិត្ត​របស់​ណាហ្គា​វើ​លដ៍​ជូន​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម ដែល​សួរថា តើ​កីឡាការិនី ខាន់ ចេ​សា នឹង​បន្ត​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ទៀត​ឬ​យ៉ាងណា​? ចេ​សា ឆ្លើយ​យ៉ាងខ្លី​ថា​៖«​ខ្ញុំ​នឹង​នៅតែ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​បើ​ពួកគេ​ត្រូវការ​ខ្ញុំ​»​។ កីឡាការិនី​រូបនេះ ជំរុញ​ឲ្យ​យុវជន​យុវនារី​ងាក​មកលេង​កីឡា​ជឺ​ជិត​ស៊ូ​ឲ្យ​បាន​ច្រើន ព្រោះ​កីឡា​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ពង្រឹងស្មារតី​ទៀតផង​។​


 
​នៅពេល​សួរ​សំនួរ​ប្រៀបធៀប​រវាង​ការប្រកួត​ស៊ី​ហ្គេម​និង​កីឡា​អាស៊ី កីឡាការិនី​ខ្មែរ​-​អាមេរិក​រូបនេះ​ឆ្លើយ​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​មាន​ភាពងាយស្រួល​ជាង​ការប្រកួត​កីឡា​អាស៊ី ព្រោះ​នាង​ឆ្លងកាត់​តែ​៣​ប្រកួត​ប៉ុណ្ណោះ​ក្នុងការ​ទទួលបាន​មេដាយមាស ខណៈ​កីឡាអាសុី​ត្រូវ​ឆ្លងកាត់​ជាច្រើន​ប្រកួត ទម្រាំ​ទទួលបាន​មេដាយ​។  
 
​គួររំលឹកថា​កីឡាការិនី ខាន់ ចេ​សា ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន លើ​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ​ក្នុង​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម ក្រោយ​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន Napolis Jenna Kaila នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នាង ក៏​ជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី Asian Games នៅ​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ​២០១៨ ផងដែរ​។ 


 
​មេដាយមាស​កីឡា​ស៊ី​ហ្គេម​នេះ ចេ​សា ទទួលបាន​ថវិកា​លើក​ទឹក​ពី​យុទ្ធនាការ​ឆ្ពោះទៅរក​មេដាយមាស​រប​ស់​ណាហ្គា​វើ​លដ៍​ចំនួន​៦​ពាន់​ដុល្លារ​។ យុទ្ធនាការ​ដំណើរ​ឆ្ពោះទៅរក​មេដាយមាស​នេះ ក៏បានផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​មេដាយមាស​៣​ប្រភេទ​កីឡា​ទៀតផង​ដែរ​។ 
 
​កីឡាករ យ៉ុង ម៉េង​លី ម្ចាស់​មេដាយមាស​កីឡា Arnis, ម្ចាស់​មេដាយមាស់​កីឡា​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ទទួលបាន​ម្នាក់​៦​ពាន់​ដុល្លារ​។ ចំណែក​មេដាយមាស​កីឡា​ប៉េតង់​ដែលមាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង អ៊ុន ស្រី​យ៉ា ទទួលបាន​១​ម៉ឺន​ដុល្លារ​។ ដោយឡែក​គ្រូបង្វឹក​ទាំង​៤​ប្រភេទ​កីឡា​ទទួលបាន​ម្នាក់ៗ​១​ពាន់​ដុល្លារ​។ ណាហ្គា​វើ​ល​ដ៏ ក៏បានផ្តល់​ថវិកា​៤​ពាន់​ដុល្លារ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផងដែរ​។ សរុប​មេដាយមាស​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ ណាហ្គា​វើ​ល​ចំណាយ​ថវិកា​អស់​ចំនួន​៣៦,០០០​ដុល្លារ​៕ 



Tag:
 ខាន់ ចេ​សា​
  SEA Games
  ណាហ្គា​វើ​លដ៍​
© រក្សាសិទ្ធិដោយ thmeythmey.com