ជាតិ
ក្រសួងកសិកម្ម ថា ស្រូវ​នៅតែមាន​តម្លៃ​សមរម្យ លើកលែងតែ​ស្រូវ​មានគុណ​ភាព​អន់​
18, Dec 2019 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហាក់​មិន​ជឿថា ស្រូវ​កំពុង​ធ្លាក់​ថ្លៃ​នោះទេ ។ បើតាម​ក្រសួងកសិកម្ម ស្រូវ​ដែល​ធ្លាក់​ថ្លៃ គឺ​មានតែ​ស្រូវ​គ្មាន​គុណភាព​ប៉ុណ្ណោះ​។ ការអះអាង​របស់​ក្រសួង​នេះ គឺ​ឆ្លើយតប​នឹង​ការរិះគន់​របស់​ពលរ​ដ្ឋ លើ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​។​


 
​ក្រសួងកសិកម្ម បាន​អះអាងថា ស្រូវ​នៅតាម​បណ្ដា​ខេត្ត​ដែល​កំពុង​ប្រមូល​ផល​នោះ គឺមាន​តម្លៃ​សមរម្យ​នៅឡើយ លើកលែងតែ​ស្រូវ ដែលមាន​គុណភាព​អន់​ប៉ុណ្ណោះ​។ ត្រង់ចំណុច​នេះ​ក្រសួងកសិកម្ម បាន​បកស្រាយ​ថា បញ្ហា​ស្រូវ​គុណភាព​អន់​នេះ ត្រូវបាន​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ​មួយចំនួន បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ ចុះ​ប្រមូល​ទិញ​ដោយផ្ទាល់ និង​ទិញ​តាម​កិច្ចសន្យា​យ៉ាង​សស្រាក់សស្រាំ​ផងដែរ​។​
 
​កាលពីពេល​ថ្មី​នេះ ពលរដ្ឋ​បាន​រិះគន់​រដ្ឋាភិបាល តាមរយៈ​បណ្ដាញ​សង្គម​ថា មន្ត្រី​បច្ចេកទេស​របស់​ក្រសួងកសិកម្ម ពុំបាន​ជួយ​រក​ទីផ្សារ និង​រក្សា​តម្លៃ​ស្រូវ​ឱ្យ​សមស្រប​ទៅតាម​តម្លៃ​វត្ថុធាតុដើម និង​ថ្លៃ​ពលកម្ម​សម្រាប់​ប្រជាកសិករ​នោះទេ ទើប​ធ្វើឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ តាម​មាត់​ឈ្មួញកណ្ដាល​។ ស្រូវ​ដែល​កំពុង​ធ្លាក់​ថ្លៃ​បច្ចុប្បន្ននេះ ភាគច្រើន​គឺ​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិ៍សាត់​ជាដើម​។ 
 
​ឆ្លើយតប​នឹង​ការរិះគន់​នេះ ក្រសួងកសិកម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន យ៉ាង​ដូច្នេះ​ថា​៖«​ព័ត៌មាន​(​ស្រូវ​ធ្លាក់​ថ្លៃ​)​ដែល​បាន​ចុះផ្សាយ​ខាងលើ គឺ​ផ្ទុយ​ពី​ការពិត​ដែល​ក្រសួង​បាននិងកំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ជាហេតុ​នាំឱ្យ​សាធារណជន ដែល​មិន​យល់​ហេតុផល​មានការ​ភាន់ច្រឡំ​មកលើ​រដ្ឋាភិបាល ពិសេស​មកលើ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​»​។ 
 
​កន្លងមក​រដ្ឋាភិបាល បាន​បញ្ចេញ​ថវិកា​បន្ថែម ៥០​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ស្រូវ​កសិករ ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញស្រូវ​ពី​កសិករ ហើយ​ស្តុក​ទុក កិន​កែច្នៃ និង​នាំចេញ​ផងដែរ​។​
 
​ទាក់ទិន​នឹង​តម្រូវការ​ថវិកា​សម្រាប់​ប្រមូល​ទិញស្រូវ​នេះ លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​(RDB) ដែលជា​ធនាគារ​របស់​រដ្ឋ បាន​អះអាងថា រ​រដ្ឋ​បាន​បញ្ចេញ​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ​ចំនួន​ពីរ​ម្ដង​រួចមកហើយ​ក្នុងឆ្នាំនេះ ហើយ​មិនមាន​កញ្ចប់​អ្វី​បន្ថែមទៀត​ទេ​។ លោក កៅ ថាច វិស័យ​ស្រូវ​អង្ករ​ត្រូវ​ការប្រមាណ​២០០ ទៅ​២៥០​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ការប្រមូល​ផល​ផ្កាម្លិះ​ក្នុង​ខែធ្នូ និង​ស្រូវ​សែន​ក្រអូប​វគ្គ​២ ចាប់ពី​ខែមករា​៕

Tag:
 ​វេ​ង សាខុន​
  កសិកម្ម​
  ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com