ជាតិ
នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖ ការ​បែងចែក​ការងារ​ទៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បីកុំឱ្យរដ្ឋមន្ត្រី​នៅ​ឱបក្រសោប​ការងារ​
18, Dec 2019 , 2:11 pm        
រូបភាព
​ភ្នំពេញ​៖ ការបែងចែក​ការងារ​ទៅ​ថ្នាក់ក្រោម​ជាតិ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​ការអភិវឌ្ឍ​តាម​មូលដ្ឋាន​។ ហើយ​ការបែងចែក​នេះ ក៏​ជាការ​ចែករំលែក​ការងារ​ពី​រដ្ឋមន្ត្រីក្រសួង ដើម្បី​កុំឱ្យ​ពួកគេ​នៅតែ​ឱបក្រសោប​ការងារ ហើយ​ប៉ះពាល់​ដល់​ការបម្រើ​ផលប្រយោជន៍​ពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន​។​


​សម្ដេច ហ៊ុន សែន បាន​វាយតម្លៃថា មន្ត្រី​ថ្នាក់មូលដ្ឋាន​បច្ចុប្បន្ន សុទ្ធ​តែមាន​សមត្ថភាព​បំពេញការងារ​ច្រើន​ហើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដូច្នេះ​មិនចាំបាច់​ទាល់តែ​មានការ​សម្រេច​ពី​ក្រសួង ឬ​ថ្នាក់ជាតិ ដូច​មុន​ទៀតឡើយ​។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បាន​ពន្យល់ថា បើសិនជា​មិន​ផ្ដល់​អំណាច​ឱ្យ​ថ្នាក់ក្រោម​ជាតិ ហើយ​ទុកឱ្យ​ពួកគេ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់ជាតិ​នោះ វា​អាចធ្វើឱ្យ​ខាត​ពេលវេលា និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពលរដ្ឋ ។ បើតាម​សម្ដេច ហ៊ុន សែន ការបែងចែក​ការងារ​នេះ ក៏​ជា​ហេតុផល​មួយ ដើម្បី​កុំឱ្យ​រដ្ឋមន្ត្រី​នៅតាម​ក្រសួង​នានា ឱបក្រសោប​ការងារ​ផងដែរ​។​



 
​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នៅ​ព្រឹក​ថ្ងៃទី ១៨ ធ្នូ នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រហែលជា​ក្រសួង​មួយចំនួន បាន​មើលឃើញ​ហើយ​ថា ខ្ញុំ​ចុះហត្ថលេខា​យកតែ​ម្ដង ព្រោះ​បើ​រង់ចាំ​អស់លោក​(​រដ្ឋមន្ត្រី​) យល់​ព្រម​(​ផ្ទេរអំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ​) រង់ចាំ​សេះ​ដុះ​ស្នែង ពីព្រោះ​អស់លោក គិតថា កិច្ចការ​ទាំងអស់នេះ ទាល់តែ​រដ្ឋមន្ត្រី​គ្រប់គ្រង ដូច្នេះ​អស់លោក អត់​ព្រម​ប្រគល់​ឱ្យគេ​។ អ៊ីចឹង​បានជា​ខ្ញុំ​ចារ​មួយ​ទៅ​សម្ដេច ស ខេង រៀបចំ​អនុក្រឹត្យ​មក ចាំ​ខ្ញុំ​ចុះហត្ថលេខា​។ វិស័យ​អប់រំ ត្រូវ​ផ្ទេរ​ស្អី​ខ្លះ ,​វិស័យ​សុខាភិបាល ផ្ទេរ​ស្អី​ខ្លះ​, វិស័យ​កសិកម្ម ផ្ទេរ​ស្អី​ខ្លះ​, វិស័យ​ធនធានទឹក​ផ្ទេរ​ស្អី​ខ្លះ​, វិស័យ​ដីធ្លី​ផ្ទេរ​ស្អី​ខ្លះ​? រុញ​ទៅ​(​ថ្នាក់ក្រោម​ជាតិ​)​តែម្ដង ដើម្បី​យកទៅ​ធ្វើ​។ បើ​មិន​អ៊ីចឹង​ទេ រដ្ឋមន្ត្រី​យើង នៅ​ឱបក្រសោប​នៅ​ហ្នឹង​»​។​
 
​មិនតែប៉ុណ្ណោះ​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​រម្លឹក​មន្ត្រី​ថ្នាក់ជាតិ​ថា ត្រូវ​ផ្ដល់​អំណាច​ពិតប្រាកដ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ពោលគឺ​កុំ​ផ្ដល់​អំណាច​ខ្យល់ ទៅ​ពួកគេ ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​សម្រេចចិត្ត​ក្នុងការ​ដោះស្រាយ និង​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​។ «​យើង​បាន​ឃើញថា យើង​អន្តរាគមន៍​ពី​(​ថ្នាក់ជាតិ​)​នេះ​ទៅ វា​ឆ្ងាយ​ណាស់​។ ប៉ុន្តែ​បើ​យើង​ឱ្យអំណាច​នេះ ទៅ​ថ្នាក់មូលដ្ឋាន គឺ​ថ្នាក់មូលដ្ឋាន​ទទួលបន្ទុក ទទួលខុសត្រូវ​ធ្វើការ​។ ក៏ប៉ុន្តែ​យើង​ត្រូវឱ្យ​ទាំងមុខ​ងារ​គេ ផ្ដល់នូវ​ភារកិច្ច​ឱ្យគេ​គ្រប់គ្រាន់ ធនធានមនុស្ស​ក៏ត្រូវ​ឱ្យគេ​គ្រប់គ្រង ថវិកា​ក៏ត្រូវ​ឱ្យគេ ទើប​គេ​អាចធ្វើ​ទៅបាន​។ ហើយ​បើ​ឱ្យតែ​អំណាច​ខ្យល់ គឺ​ធ្វើ​អី​អត់​កើត​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​និយាយ​ពី​បញ្ហា​មន្ត្រី​នេះ សម្ដេច ហ៊ុន សែន ក៏បាន​លើក​ពី​មន្ត្រី​ពូកែ​ដោះស្រាយ​បញ្ហា និង​មន្ត្រី​ពូកែ​រាយការណ៍ ហើយ​បន្ទោស​ថ្នាក់ក្រោម​ខ្លួន​ដែរ​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល មន្ត្រី​ពូកែ​ដោះស្រាយ​បញ្ហា គឺ​អាចជួយ​អភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​។ ប៉ុន្តែ​មន្ត្រី​ពូកែ​តែ​រាយការណ៍​នោះ គឺជា​មន្ត្រី​អសមត្ថភាព ហើយ​មិនចាំបាច់​ផ្ដល់​ការងារ​ឱ្យ​ពួកគេ​ធ្វើ​បន្តទៀត​នោះទេ​៕

Tag:
 ​ហ៊ុន សែន​
  វិមជ្ឈការ​
© រក្សាសិទ្ធិដោយ thmeythmey.com