អន្តរជាតិ
ម៉ា​កាវ រឹតបន្តឹង​សន្តិសុខ​ទទួល​លោក ស៊ី ដើម្បី​អបអរ​ខួប​ទី​២០ ការ​ក្លាយជា​ទឹកដី​ចិន​វិញ
18, Dec 2019 , 2:35 pm        
រូបភាព
កម្លាំងសន្តិសុខ ដើរត្រួតពិនិត្យនៅព្រលានយន្តហោះម៉ាមាវ។ រូបថត AFP
កម្លាំងសន្តិសុខ ដើរត្រួតពិនិត្យនៅព្រលានយន្តហោះម៉ាមាវ។ រូបថត AFP
​អាជ្ញាធរ​ទីក្រុង​ម៉ា​កាវ បាន​រឹតបន្តឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​ដែល​ម៉ា​កាវ​ត្រូវប្រគល់​ឲ្យ​ចិន​ឡើងវិញ​។ លោក ស៊ី ក៏​នឹងចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រមុខ​ប្រតិបត្តិការ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ ក៏ដូចជា​ប្រកាស​គោលនយោបាយ​ថ្មីៗ​សម្រាប់​ម៉ា​កាវ ដែល​ត្រូវ​មើលឃើញថា ជាការ​ផ្ដល់​រង្វាន់​ឲ្យ​ទីក្រុង​នេះ​សម្រាប់​ការរក្សា​ស្ថិរ​ភាពល្អ ខុសពី​ទីក្រុង​ហុងកុង​ក្បែរ​ខាង​។​

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ទីក្រុង​ម៉ា​កាវ​នៅ​ថ្ងៃទី​១៨ ខែធ្នូ​នេះ ដើម្បី​ចូលរួម​ពិធី​រំឭក​ខួប​ទី​២០ នៃ​ការទទួលបាន​ម៉ា​កាវ​វិញ​ពី​ព័រទុយហ្កាល់​។ ព័រទុយហ្កាល់ ប្រគល់​ម៉ា​កាវ​ឲ្យ​ចិន​វិញ​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​១៩៩៩ ហើយ​ម៉ា​កាវ​ក៏ត្រូវ​ចិន​គ្រប់គ្រង​ក្រោមរូបភាព «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» រហូតមក​។​
 
​ដំណើរ​ទស្ស​កិច្ច​លោក ស៊ី នៅ​ទីក្រុង​ល្បែង​ដ៏​ធំ​របស់​ប្រទេស ត្រូវបាន​ចាត់ទុក​ជាកា​រ​លើកទឹកចិត្ត​អាជ្ញាធរ​ទីក្រុង​រដ្ឋបាល​ពិសេស​មួយ​នេះ ដែល​គោរព​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល​មជ្ឈិម និង​ការរក្សា​ស្ថិរភាព​បានល្អ មិន​ដូច​ទីក្រុង​ហុងកុង​ដែល​កំពុង​ជួប​បញ្ហា​រំជើបរំជួល​ធ្ងន់ធ្ងរ​អស់​រយៈពេល​៦​ខែ​មកនេះ​។ ដូច​ម៉ា​កាវ​ដែរ ហុងកុង​ជា​តំបន់​រដ្ឋបាល​ពិសេស​ដែល​ចិន​ត្រួតត្រា​តាម​រូបមន្ត​ប្រទេសមួយ ប្រព័ន្ធ​ពីរ ដោយ​រក្សា​សិទ្ធិ​ស្វ័យភាព​កម្រិត​ខ្ពស់​ឲ្យ​រដ្ឋាភិបាល​តំបន់​។ 
 
​ដើម្បី​ស្វាគមន៍​លោក ស៊ី ម៉ា​កាវ​ទាំងមូល ស្ថិតក្រោម​ការពង្រឹង​សន្តិសុខ​យ៉ាងខ្លាំង​។ សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​វាង​ម៉ា​កាវ និង​ហុងកុង ត្រូវបាន​កាត់បន្ថយ​ពាក់កណ្ដាល​ដើម្បី​សម្រួល​ដល់​ការត្រួតពិនិត្យ​សន្តិសុខ​។ ចំណែកឯ​ប្រព័ន្ធ​រថភ្លើង​ធុន​ស្រាល​ដែល​ទើប​ដាក់​ដំណើការ ក៏ត្រូវ​ផ្អាក​ដើម្បី​ការពារ​សន្តិសុខ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
  
​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ម៉ា​កាវ លោក ស៊ី នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រមុខ​ប្រតិបត្តិ​ថ្មី គឺ​លោក Ho Iat-seng នៅ​ថ្ងៃទី​២០ ខែធ្នូ​។ មេដឹកនាំ​ចិន ក៏ត្រូវ​រំពឹងថា នឹង​ប្រកាស​ពី​គោលនយោបាយ​គាំទ្រ​សេដ្ឋកិច្ច​ម៉ា​កាវ ក៏ដូចជា​វិធានការ​នានា​ដើម្បី​ប្រែក្លាយ​ទីក្រុង​ដែល​ពឹងផ្អែក​ខ្លាំង​លើ​កាស៊ីណូ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​។ មាន​អ្នកវិភាគ​ខ្លះ​ជឿថា ក្រុង​ប៉េកាំង​កំពុង​បំប៉ន​ម៉ា​កាវ​ដើម្បី​ទុក​ជំនួស​ហុងកុង​ផងដែរ​។ 
 
​ទោះ​មាន​ស្វ័យភាព​ខ្ពស់​ដូចគ្នា​ក្ដី គេ​កម្រ​ឃើញ​មាន​ការតវ៉ា​ប្រឆាំង​ណាមួយ​នៅ​ទី​ក្រុងមាន​ប្រជាជន​ជាង​៦​សែន​នាក់​នេះ​ណាស់ ខណៈ​នៅ​ហុងកុង​ឯណោះ បាតុកម្ម​កើតឡើង​មិន​លស់​ថ្ងៃ​ផង​។ នេះ​ទំនង​បណ្ដាលមកពី អាជ្ញាធរ​ទីក្រុង​នេះ អនុវត្ត​វិធានការ​ក្ដៅ​លើ​អ្នកមាន​និន្នាការ​ទៅរក​ប្រជាធិបតេយ្យ​។ ជាក់ស្ដែង កាលពី​សប្ដាហ៍​មុន អ្នកប្រឆាំង​ម្នា​ក់នៅ​ហុងកុង និង​ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​ហុងកុង មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ម៉ា​កាវ​ឡើយ​៕ 

Tag:
 ចិន​
  ម៉ា​កាវ​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com