កីឡាជាតិ
ជាតិ
រ៉ឹង ប៊ុន​ហៀ​ង ជា​កីឡាករ​ខ្មែរ​ទី​៤ ដែល​ចាក​ចេញពី​ក្រសួងការពារជាតិ​
18, Dec 2019 , 3:14 pm        
រូបភាព
កីឡាករ រ៉ឹង ប៊ុនហៀង ពេលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន, រូបភាពពី FFC
កីឡាករ រ៉ឹង ប៊ុនហៀង ពេលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន, រូបភាពពី FFC
ដោយ:
​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង បាន​ចែកផ្លូវ​ជាមួយ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​(​ទ័ព​)​ក្រោយ​រួមរស់​ជាមួយគ្នា​៥​ឆ្នាំ​។ ប៊ុន​ហៀ​ង ជា​កីឡាករ​ខ្មែរ​ទី​៤ ដែល​បាន​ចាក​ចេញពី​ក្លិប​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន បី​សម័យកាល​មួយ​នេះ​។

 
​ខុសពី​ក្លិប​ដទៃ​ដែល​កំពុង​មមាញឹក​ជាមួយ​ការបន្ត​កិច្ចសន្យា​និង​នាំចូល​កីឡាករ​ថ្មីៗ ដើម្បី​ត្រៀម​ការប្រកួត​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន រដូវ​កាល​ឆ្នាំ​២០២០ ក្រសួងការពារជាតិ​បានប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​សំខាន់ៗ​ជា​បន្តបន្ទាប់​។ 
 
​ជាក់ស្តែង​ក្រោយ​ចែកផ្លូវ​ជាមួយ​ខ្សែបម្រើ ឈិន ឈឿន​, ច្រឹង ពលរដ្ឋ និង​អ្នកចាំទី អ៊ុំ វិចិត្រ ក្លិប​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន បី​សម័យកាល​មួយ​នេះ បាន​បន្ត​ចែកផ្លូវ​ជាមួយ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់ខ្លួន គឺ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង​។ ការចែក​ផ្លូវ​ជា​បន្តបន្ទាប់​នេះ បាន​បង្កើតជា​ចម្ងល់​ដល់​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ដោយ​អ្នកខ្លះ​វាយតម្លៃថា ក្លិប​នេះ​អាច​នឹង​ជួប​បញ្ហា​ខ្វះ​កីឡាករ ក៏ដូចជា​បាត់បង់​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង​នៅ​រដូវ​កាល​ថ្មី​ខាងមុខ​ជាដើម​។ 
 
​ក្នុងចំណោម​កីឡាករ​ទាំង​៤​មានតែ​កីឡាករ ឈិន ឈឿន និង អ៊ុំ វិចិត្រ ប៉ុណ្ណោះ ដែល​បាន​ទ្រនំ​ថ្មី ក្នុងនោះ ឈិន ឈឿន ចុះកិច្ចសន្យា​លេង​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​អ្នកចាំទី អ៊ុំ វិចិត្រ ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​។ ចំណែក​កីឡាករ ច្រឹង ពលរដ្ឋ និង រ៉ឹង ប៊ុន​ហៀ​ង មិនមាន​ព័ត៌មាន​ផ្លូវការ​ពាក់ព័ន្ធ​ក្លិប​ថ្មី ដែល​ពួកគេ​ត្រូវ​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្នុង​រដូវ​កាល​ឆ្នាំ​២០២០​នៅឡើយ​ទេ​។​
 
​ក្រៅពី​កីឡាករ​កម្ពុជា​ទាំង​៤​រូប ក្លិប​នេះ​ក៏បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស​៣​រូប​ទៀត​ផងដែរ រួមមាន​កីឡាករ Bisan George, Mohamed Hamza Abdelhamed Allam និង Khan Mohammed Faeez​។​
 
​រ៉ឹង ប៊ុន​ហៀ​ង បាន​ចូលរួម​ជាមួយ​ក្រសួងការពារជាតិ​តាំងពី​ឆ្នាំ​២០១៥ ក្រោយ​ចាក​ចេញពី​ក្លិប​បៀ​ល​ប្រា​យូ​ណាយ​ធី​ត​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០១២៕        

Tag:
 បាល់ទាត់​
  រ៉ឹង ប៊ុន​ហៀ​ង​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com