ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួយការ​៖ លោក កឹម សុខា ត្រៀមខ្លួន​ជានិច្ច សម្រាប់​ការផ្សះផ្សា​ជាតិ​
18, Dec 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក កឹម សុខា ប្រធាន​អតីត​គណបក្សប្រឆាំង បន្ត​បង្ហាញ​ឆន្ទៈ​របស់លោក ក្នុងការ​ដោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា ជាមួយ​គណបក្សកាន់អំណាច​។ លោក បង្ហាញ​ឆន្ទៈ​នេះ ក្នុង​ជំនួយ​ជាមួយ​លោក Taha Macpherson ឯកអគ្គរាជទូត​នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​បឹងកក់​២​។


 
​ក្រោយ​បញ្ចប់​ជំនួប លោក មុត ចន្ថា ជំនួយការ​របស់លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ដូច្នេះ​ថា​៖«​ឯកឧត្តម​កឹម សុខា បានបញ្ជាក់​ជំហរ​ថា លោក ត្រៀមខ្លួន​ជានិច្ច ដើម្បី​ចូលរួម​ដំណើរការ​ផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ ក្នុង​លក្ខខណ្ឌ​មួយ ដែល​លោក មាន​សេរីភាព​ពេញលេញ​ខាង​នយោបាយ​ឡើងវិញ​»​។ 
 
​យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេ មិនទាន់​ឃើញ​សញ្ញា​វិជ្ជមាន​ណាមួយ​ពី​គណបក្សកាន់អំណាច ក៏ដូចជា រដ្ឋាភិបាល ដែល​បង្ហាញ​ពី​បំណង​នៃ​ការចរចា​ជាមួយ​លោក លោក កឹម សុខា ឬ​ក្រុម​អ្នកប្រឆាំង​ឡើយ​។​
 
​ក្នុងជំនួប​នោះ ឯកអគ្គរាជទូត​នូ​វែ​ល​សេ​ឡង់ ប្រាប់ថា លោក នឹង​បន្ត​តាមដាន​ចំពោះ​សំណុំរឿង​របស់លោក កឹម សុខា និង​បន្ត​ជួយ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ នេះ​បើតាម​លោក មុត ចន្ថា​ដដែល​។ លោក Taha Macpherson ជា​ឯកអគ្គរាជទូត​នូ​វែ​ល​សេ​ឡង់ ទទួលបន្ទុក​ប្រចាំ​កម្ពុជា ថៃ និង ឡាវ ដោយមាន​ស្ថានទូត​នៅ​ថៃ​។ 
 
​ចំពោះ​សំណុំរឿង​របស់លោក កឹម សុខា តុលាការ​រាជធានី​ភ្នំពេញ កំណត់​បើកសវនាការ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ក្រោយពី​ឆ្លងកាត់​ការ​ស៊ើបសួរ​អស់​រយៈពេល​២​ឆ្នាំ​រួចមក​។ អាមេរិក ប្រកាស​មុន​នូ​វែ​ល​សេ​ឡង់​ថា នឹង​តាមដាន​ការកាត់ក្តី​លោក កឹម សុខា​។ សហ​មេធាវី នៅ​មិនទាន់​អាច​បញ្ជាក់​បានឡើយ​ថា លោក កឹម សុខា នឹងចូលរួម​សវនាការ ឬក៏​មិន​ចូលរួម​៕ 

Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com