អន្តរជាតិ
ប៉ូលិសសិង្ហបុរី បដិសេធសារដែលព្រមានថាការប្រើទូរសព្ទខណៈឆ្លងផ្លូវនឹងរងពិន័យ ប្រភពរូប៖ សារព័ត៌មាន Straits Times
× ប៉ូលិសសិង្ហបុរី បានចេញមុខបដិសេធសារព្រមានមួយដែលអះអាងថា អ្នកថ្មើរជើងដែលប្រើទូរសព្ទដៃពួកគេខណៈឆ្លងកាត់ផ្លូវសាធារណៈ នឹងរងពិន័យ។ ការចេញមុខបកស្រាយនេះ ធ្វើឡើងក្រោយពីសារមួយដែលចែករំលែកសុះសាយលើបណ្តេញអនឡាញកាលពីថ្មីៗនេះ អះអាងថា ការល្មើសនៃប្រការនេះ ប្រហែលរងពិន័យជាប្រាក់ដល់ ៧៣៧ ដុល្លារ ចាប់ពីថ្ងៃ០១ ធ្នូ ឆ្នាំ២០១៩តទៅ។
«ប៉ូលិស ចង់បញ្ជាក់ថា វាពុំមែនជាបទល្មើសអ្វីឡើយចំពោះអ្នកថ្មើរជើងក្នុងការប្រើឧបករណ៍ទាក់ទងចល័តនៅពេលកំពុងឆ្លងកាត់ផ្លូវសាធារណៈ»។ កងកម្លាំងប៉ូលិសសិង្ហបុរី លើកឡើងបែបនេះ នៅថ្ងៃពុធ ១៨ ខែធ្នូ ដោយបន្ថែមថា យ៉ាងណាមិញ ប៉ូលិសគ្រាន់តែឲ្យយោបល់អ្នកថ្មើរជើងកុំធ្វើរឿងបែបនេះប៉ុណ្ណោះ ព្រោះថា ការប្រើទូរសព្ទដូច្នេះ អាចបង្កគ្រោះថ្នាក់ដល់ពួកគេ នៅពេលមានរថយន្តឆ្លងកាត់។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ប៉ូលិសសិង្ហបុរី សង្កត់ធ្ងន់ថា អ្នកថ្មើរជើងទាំងអស់ គួរមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយប្រយ័ត្នប្រយែងចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពួកគេ ហើយអ្នកថ្មើរជើងដទៃទៀតដែលធ្វើដំណើរក្បែរពួកគេ។ ទន្ទឹមនេះ ប៉ូលិស ក៏ទទូចឲ្យពលរដ្ឋសិង្ហបុរីទាំងអស់កុំចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កចលាចលដល់សាធារណៈ។
សូមបញ្ជាក់ថា រឿងហេតុនៃការភាន់ច្រលំនេះ កើតឡើងបន្ទាប់ពីប៉ូលិសសិង្ហបុរី បានធ្វើវិសោធនកម្មលើក្រមចរាចរណ៍មួយឈ្មោះថា «The Highway Code» ដែលជាក្រមប្រតិបត្តិមួយសម្រាប់អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ ហើយបានចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៩។ ពួកវា បានរាប់បញ្ចូល គោលការណ៍ណែនាំលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកចល័តផ្ទាល់ខ្លួន, ការផ្តល់ផ្លូវសម្រាប់រថយន្តសង្គ្រោះបន្ទាន់ និងការប្រើប្រាស់ឧបករណ៍ទាក់ទងចល័តរបស់អ្នកថ្មើរជើង៕
Tag:
សិង្ហបុរី
ទូរសព្ទ
អ្នកថ្មើរជើង
© រក្សាសិទ្ធិដោយ thmeythmey.com