នាយករដ្ឋមន្ត្រី​កម្ពុជា ផ្ដាំ​ឱ្យ​អ្នកដឹកនាំ​បន្តវេន ប្រកាន់ខ្ជាប់​គោលការណ៍​កុងសងស៊ីស ក្នុង​ក្របខណ្ឌ​អាស៊ាន​
អន្តរជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា ផ្ដាំ​ឱ្យ​អ្នកដឹកនាំ​បន្តវេន ប្រកាន់ខ្ជាប់​គោលការណ៍​កុងសងស៊ីស ក្នុង​ក្របខណ្ឌ​អាស៊ាន​
18, Dec 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាំ​ឱ្យ​អ្នកដឹកនាំ​កម្ពុជា ដែល​បន្តវេន​ពីស​ម្ដេច ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​កុងសងស៊ីស នៅក្នុង​ក្របខណ្ឌ​អាស៊ាន ដើម្បី​កុំឱ្យ​មាន​បែកបាក់​គ្នា នៅក្នុង​ក្រុម​រដ្ឋ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ​។​

 
«​គោលការណ៍​ស្មារតី​សហគមន៍ ដែល​ធ្វើការ​តាម​កុងសងស៊ីស ត្រូវ​ច្បាម​ឱ្យ​ជាប់​។ សូម​ផ្ដាំផ្ញើ​ទៅ​អ្នកជំនាន់ក្រោយ​បន្ទាប់ពី​ខ្ញុំ​ទៅ ដែល​ក្លាយជា​មេដឹកនាំ​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ផ្ដាំ​ឱ្យ​មេដឹកនាំ​កម្ពុជា​ជំនាន់​ក្រោយ កុំ​អនុវត្ត​ការងារ​បែប​ការបោះឆ្នោត​នៅក្នុង​ក្របខណ្ឌ​អាស៊ាន ដែលនាំឱ្យ​មានការ​បែកបាក់​គ្នា​។​



 
​ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា ក្របខណ្ឌ​អាស៊ាន វា​ផ្ដល់​ភាព​វិជ្ជមាន និង​ផលប្រយោជន៍​រួម​ដល់​ប្រទេស​ជា​សមាជិក ដោយ​មិន​បែងចែក​ប្រទេស​អ្នកមាន អ្នកក្រ ឬ​ធំ​-​តូច នោះទេ​។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នៅ​ព្រឹក​ថ្ងៃទី​១៨ ធ្នូ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា ភាព​វិជ្ជមាន​របស់​អាស៊ាន​មាន​៤​ចំណុច ដែល​កម្ពុជា​មើលឃើញ​នោះ រួមមាន​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​ផ្ទៃក្នុង​នៃ​ប្រទេស​សមាជិក​, ស្មារតី​សហគមន៍​អាស៊ាន ដែល​ធ្វើការ​តាមរបៀប​កុង​សុង​ស៊ី​ស (​មតិ​ឯកច្ឆន្ទ​) ក្នុង​ផ្ដល់​សិទ្ធ​សម្រេចចិត្ត និង​ផលប្រយោជន៍​ស្មើគ្នា​, ការអនុវត្តន៍​សេដ្ឋកិច្ចសង្គម ទាក់ទង​សមាហរណកម្ម និង​ច្រកទ្វារ​ចេញ​នៃ​ការទូត​របស់​កម្ពុជា​។​
 
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ត្រូវបាន​បង្កើតជា​ផ្លូវការ​នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​១៩៦៧ ដោយ​ស្ថាបនិក​ប្រាំ​ប្រទេស​រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ​។​មកទល់​បច្ចុប្បន្ន អង្គការ​ក្នុង​តំបន់​មួយ​នេះ មាន​សមាជិក​សរុប​ទាំង​១០​ប្រទេស​ដែល​បន្ថែម​ពី​សមាជិក​ចាស់​ទាំង​ប្រាំ​។ សមាជិក​ទាំងនោះ​រួមមាន ព្រុយ​ណេ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​កម្ពុជា ដែល​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៩៩ ។ ទី​ម័​រ​ខាងកើត កំពុងតែ​ស្ថិតនៅក្នុង​នីតិវិធី​នៃ​ការវាយតម្លៃ​ដើម្បី​មើល​ពី​លទ្ធភាព ដើម្បី​សុំ​ជា​សមាជិក​ទី​១១​របស់​អាស៊ាន​។​
 
​គោលបំណង នៃ​ការបង្កើត​ស្ថាប័ន​អន្តររដ្ឋាភិបាល​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច សង្គម វប្បធម៌ បច្ចេកទេស អប់រំ និង​វិស័យ​ជាច្រើន​ផ្សេងទៀត ក្នុងទិសដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​តាមរយៈ​ការគោរព​យុត្តិធម៌ និង​នីតិរដ្ឋ​ជាដើម​។ បើ​សរុប​ប្រជាជន​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​ជាង ៦០០​លាន​នាក់ ដែល​ស្មើ​ជិត​១០​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​៕

Tag:
 ហ៊ុន សែន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com