អន្តរជាតិ
ប្រទេស​ទទួលយក​ជន​ភៀសខ្លួន ទទូច​ឲ្យ​អន្តរជាតិ​ផ្ដល់ជំនួយ​បន្ថែមទៀត​
18, Dec 2019 , 8:39 pm        
រូបភាព
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងថ្លែងសុន្ទរកថា នៅក្នុងវេទិកាជនភៀសខ្លួនសកល។ រូបភាព៖  AP
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងថ្លែងសុន្ទរកថា នៅក្នុងវេទិកាជនភៀសខ្លួនសកល។ រូបភាព៖ AP
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ទទូច​ឲ្យ​ប្រទេស​លើ​ពិភពលោក​រួមគ្នា​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ក្នុង​ពិភពលោក​ដែលមាន​ចំនួន​ដ៏​ច្រើន​។ ការអំពាវនាវ​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​ប្រទេស​ទទួលយក​ជ​នៅ​ភៀសខ្លួន​ខ្លះ បាន​ចោទ​ប្រទេស​អ្នកមាន​ថា មិនបាន​ទទួល​អ​ម្រែ​ក​ជនភៀសខ្លួន​ស្មើគ្នា​។​


 
​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ចូលរួម​បើក​វេទិកា​ជនភៀសខ្លួន​សកល ដែល​ធ្វើឡើង​ក្នុង​រយៈពេល ២​ថ្ងៃ នាទី​ក្រុង​ហ្សឺ​ណែវ ស្វ៊ី​ស​ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃទី​១៨ ខែធ្នូ​។ ការ​ប្រារព្ធ​វេទិកា​មួយ​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​គម្រោង​មួយ​ក្នុង​គោលបំណង​ផល​ជំនួយ​ដល់​ជនរងគ្រោះ​។ 
 
​ក្នុង​វេទិកា​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​លើកឡើងថា ពិភពលោក ជំពាក់​គុណ​ប្រទេស​ទាំងអស់​ដែល​បានទទួល​ជនភៀសខ្លួន ប៉ុន្តែ​ការដឹងគុណ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ក្នុងន័យនេះ ប្រមុខ​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ បន្ថែម​ការទទួលខុសត្រូវ​ទៀត​។ បើទោះបីជា ប្រទេស​ទាំងនោះ បានទទួល​ជនភៀសខ្លួន​ក៏ពិតមែន ប៉ុន្តែ​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ព្រោះ​មាន​ប្រទេស​ខ្លះ​បានទទួល​យក​ជន​ភៀស​យ៉ាងច្រើន ខណៈពេល​ប្រទេស​ខ្លះ​បានទទួល​ជនភៀសខ្លួន​តែ​បន្តិច​ប៉ុណ្ណោះ​។ 
 
​តួ​ក​គី គឺជា​ប្រទេសមួយ ដែល​ទទួល​ជនភៀសខ្លួន​យ៉ាងច្រើន​ជាងគេ​ក្នុង​ពិភពលោក បានទាមទារ​ឲ្យ​ប្រទេស​អ្នកមាន​មួយចំនួន គិតគូរ​ពី​បញ្ហា​នេះ​។ ជាក់ស្តែង តួ​ក​គី បានទទួល​ជនភៀសខ្លួន ជាង ៥​លា​នាក់​។ ក្នុងនោះ មាន​ជនភៀសខ្លួន​ស៊ី​រី​ប្រមាណ ៣,៧ លាន​នាក់ ហើយ​តួ​ក​គី បាន​ចំណាយ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ សម្រាប់​ពួកគេ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក រៃ​ស៊ី​ប តៃ​យី​ប អ៊ែ​ដូ​ហ្កា​ន់ ប្រធានាធិបតី​តួ​ក​គី បាន​រិះគន់​ប្រទេស​អ្នកមាន ដូចជា​អឺរ៉ុប ថា បានកំណត់​ទទួលយក​ចំនួន​ជនភៀសខ្លួន​តែ​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ​។ 
 
​ក្រៅពី​តួ​ក​គី នៅមាន​ប្រទេស​មួយចំនួនទៀត​ដូចជា កូ​ស្តា​រី​កា ប៉ា​គី​ស្ថាន អេ​ត្យូ​ពី ក៏បាន​ទទូច​ឲ្យ​ប្រជាជាតិ​មួយចំនួន គឺ​គិតគូរ​ពី​បញ្ហា​ជនភៀសខ្លួន​ផងដែរ​។ ប្រធានាធិបតី​កូ​ស្តា​រី​កា Alvarado Quesasda ប្រាប់​វេទិកា​ខាងលើ ថា ប្រទេស​លោក​ត្រូវការ​ជំនួយ​ដើម្បី​បំពេញ​តាម​កាតព្វកិច្ច​របស់ខ្លួន បើ​គ្មាន​ជំនួយ​ទេ អ្នករងគ្រោះ​ជាងគេ នឹង​កាន់តែ​រងគ្រោះ​ថែម​។ 
 
​សូមបញ្ជាក់ថា តាមរយៈ​របាយការណ៍​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ UNHCR ឆ្នាំ​២០១៨ មនុស្ស​ប្រមាណ​ជាង ៧០​លាន​នាក់ ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចាក​ចេញពី​ផ្ទះសម្បែង​។ ដោយ​ក្នុង​ចំនួន​មួយ​នេះ មាន​ជនភៀសខ្លួន ជិត​៣០​លាន​នាក់​។ ប្រជាជន​ប្រមាណ​ជា ៨០​ភាគរយ នៃ​ជនភៀសខ្លួន គឺ​រស់នៅក្នុង​ភាពក្រីក្រ និង​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ ៕

Tag:
 UN
  ជនភៀសខ្លួន​
© រក្សាសិទ្ធិដោយ thmeythmey.com