កីឡាអន្តរជាតិ
អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក គាំទ្រ Ozil ដែល​រិះគន់​ចិន រឿង​បំពាន​ជនជាតិភាគតិច​វី​ហ្គ័​រ
18, Dec 2019 , 5:06 pm        
រូបភាព
លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក (ឆ្វេង) និង Mesut Ozil
លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក (ឆ្វេង) និង Mesut Ozil
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ថ្កោលទោស​ចិន​ជាថ្មី​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស និង​ថែមទាំង​គាំទ្រ Mesut Ozil ក្រោយ​ខ្សែបម្រើ Arsenal រូបនេះ រិះគន់​ចិន​ជុំវិញ​ការបង្ក្រាប​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ នៅ​តំបន់​ស៊ីន​ជាំ​ង ប្រទេស​ចិន​។​


 
«​ការឃោសនា​របស់​បក្ស​កុម្មុយនីស្ត​ចិន (CCP) អាច​បិទ​ការផ្សាយ​ការប្រកួត​របស់ Mesut Ozil និង​ក្រុម Arsenal ពេញ​មួយ​រដូវ​កាល ប៉ុន្តែ​ការពិត​នៅតែ​ជាការ​ពិត​។ CCP មិនអាច​លាក់បាំង​ការរំលោភ​សិទ្ធិមនុស្ស ការប្រព្រឹត្ត​បទ​ឩ​ក្រិ​ដ្ឋ​ប្រឆាំង​ជនជាតិ​វី​ហ្គ័​រ និង​ក្រុម​អ្នកមាន​ជំនឿ​សាសនា​ដទៃទៀត​នៅ​ជុំ​វី​ពិភពលោក​បានទេ​»​។ លោក ប៉ុ​ម​ប៉េ​អូ បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់លោក​ដូច្នេះ​។​
 
 
Ozil ដែលមាន​ដើមកំណើត​តួ​ក​គី និង​ជា​អ្នក​កាន់សាសនា​ឥស្លាម​ផង បាន​ថ្កោលទោស​ការបង្ក្រាប​របស់​ចិន ទៅលើ​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ដទៃទៀត ក្នុង​ខេត្ត​ស៊ីន​ជាំ​ង ប្រទេស​ចិន​។ បុរស​វ័យ​៣១​ឆ្នាំ ដែល​បាន​ហៅ​ជនជាតិភាគតិច​វី​ហ្គ័​រ ថា​ជា​អ្នក​ចម្បាំង​ក្រោយ​ពួកគេ​ប្រឆាំងនឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ចិន​នោះ បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម Twitter របស់ខ្លួន នៅ​ថ្ងៃទី​១៣ ខែធ្នូ ដោយបាន​រិះគន់​ចិន និង​ប្រទេស​មូស្លីម​ផ្សេងទៀត ដែល​មិន​ហ៊ាន​ហាមាត់ ប្រឆាំងនឹង​ការរំលោភបំពាន​នេះ​។​
 
Arsenal បាន​ព្យាយាម​នៅ​ឆ្ងាយ​ពី​ការអត្ថាធិប្បាយ​របស់ Ozil នេះ​។ គណនី​ផ្លូវការ​របស់​ក្រុមការងារ​ក្រុម​កាំភ្លើង​ធំ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ការលើកឡើង​របស់ Ozil គឺជា​គំនិត​ផ្ទាល់​គេ​ប៉ុណ្ណោះ​»​។​
 
​យ៉ាងណា​ក៏ ដោយសារ​ការរិះគន់រ​បស់ Ozil បែបនេះ បានធ្វើ​ឲ្យ​ទូរទស្សន៍​រដ្ឋ​ចិន CCTV បិទ​ការ Live ផ្ទាល់​ការប្រកួត​រវាង​ក្រុម Arsenal និង Manchester City នា​ជំនួប​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League សប្តាហ៍​ទី​១៧ នៅ​យប់​ថ្ងៃទី​១៥ ខែធ្នូ​។ ហើយ​បន្ទាប់មកទៀត​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​ឆ្លើយតប​ទៅកាន់ Ozil ដែល​បាន​រិះគន់​ខ្លួន​នោះ ថា​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ​រូបនេះ​ទទួលបាន​ព័ត៌មាន​ក្លែ​ក្លាយ​ប៉ុ​ណ្ណោ និង​ចង់​បបួល Ozil ទៅ​មើល​ស្ថានភាព​ដ៏​រីករាយ​ពិតប្រាកដ​របស់​ប្រជាជន និង​ជនជាតិភាគតិច​ក្នុង​ខេត្ត​ស៊ីន​ជាំ​ង​សព្វថ្ងៃ​ទៀតផង​។​


 
​ក្រោយ​ភាគី​ចិន​ឆ្លើយតប​ទៅកាន់ Ozil បែបនេះ លោក ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​បន្ត​វាយប្រហារ និង​ថ្កោលទោស​ចិន​ជាថ្មី​ម្តងទៀត ដោយ​បញ្ជាក់​ការគាំទ្រ​ការរិះគន់​របស់​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​ទៀតផង​។ លើសពីនេះទៅទៀត បញ្ជា​សិទ្ធិមនុស្ស​នេះ ក៏​កំពុងតែ​ជា​ប្រធានបទ​ក្តៅ​ខ្លាំង​ឡើង​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​ទាំងពីរ​ផងដែរ​។​
 
​កាលពី​ខែតុលា​កន្លងទៅ ក្រសួងការបរទេស​អា​មេ​រិ​ក ថា​ខ្លួន​នឹង​បញ្ឈប់​ការផ្តល់​ទិដ្ឋាការ​ដល់​រដ្ឋាភិបាល​ចិន និង​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិ​ដទៃទៀត នៅ​តំបន់​ស៊ីន​ជាំ​ង ភាគ​ខាងលិច​ប្រទេស​ចិន​។​
 
​សភាតំណាងរាស្ត្រ​អាមេរិក កាលពី​ថ្ងៃទី​៤ ខែធ្នូ បានអនុម័ត លើ​សេចក្តីស្នើច្បាប់ ស្តីពី​ជនជាតិ​វី​ហ្គ័​រ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​សម្ពាធ និង​ដាក់ទណ្ឌកម្ម លើ​ក្រុង​ប៉េកាំង ពាក់ព័ន្ធ​ករណីនេះ​សិទ្ធិមនុស្ស​នេះ​៕

Tag:
 Mesut Ozil
  វី​ហ្គ័​រ​
  ចិន​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com