ជាតិ
មានករណីអ្នកធំរៀបចំឯកសារយកដីគេ ហើយត្រូវសម្ដេច ស ខេង និរាករណ៍ចោល
× ភ្នំពេញ៖ សម្ដេច ស ខេង បាននិរាករណ៍ចោលឯកសាររបស់អ្នកធំ មានអំណាច ដែលបានគប់គិតគ្នាយកដីរបស់ក្រុមហ៊ុនឯកជនមួយ នៅក្នុងរាជធានីភ្នំពេញ។ សម្ដេច ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។
សម្ដេច ស ខេង បានបញ្ជាក់ក្រុមអ្នកមានអំណាចទាំងនោះ បានរៀបចំឯកសារយកដីក្រុមហ៊ុនមួយកន្លែង ក្រោយពីម្ចាស់ក្រុមហ៊ុននោះ បានស្លាប់នៅហុងកុង។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទោះបីម្ចាស់ក្រុមហ៊ុននោះ ស្លាប់ក៏ដោយ ក៏គ្មានអ្នកណាអាចបន្លំឯកសារយកដីគេបានដែរ ព្រោះវាស្ថិតនៅក្នុងក្របខណ្ឌនីតិបុគ្គល (ឯកជន)។
«ក្រុមហ៊ុនវា មិនងាប់ទេ តែមនុស្សវាងាប់ ដល់អ៊ីចឹងនាំគ្នាទៅយកដីហ្មង នាំគ្នាធ្វើ(ឯកសារ)។ ហើយមានអ្នកធំខ្លះផង និយាយឱ្យអស់ទៅ! ខ្ញុំដឹងរឿង(បន្លំឯកសារ)ហ្នឹង ខ្ញុំថាអត់បាន។ (បញ្ជា)ឱ្យលុបលិខិតហ្នឹងវិញ (ជនខិលខូច)មិនព្រមលុប។ បើមិនព្រមលុប ខ្ញុំលុប ! លុបហើយ បាត់មាត់ដូចគេចុក គ្មានអ្នកណាម្នាក់ហ៊ានតវ៉ា ព្រោះយើងត្រូវយុត្តិធម៌»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង។
សូមស្ដាប់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖
© រក្សាសិទ្ធិដោយ thmeythmey.com