អន្តរជាតិ
ថៃ៖ ខឹងប្រមាថច្រើនដង សិស្សអាយុ១៣ឆ្នាំម្នាក់បាញ់សម្លាប់មិត្តរួមថ្នាក់ខ្លួនឯង ប្រភពរូប៖ កាសែត បាងកកប៉ូស្តិ៍
× សិស្សប្រុសអាយុ១៣ឆ្នាំម្នាក់ បានបាញ់សម្លាប់មិត្តរួមថ្នាក់ម្នាក់ បន្ទាប់ពីជនរងគ្រោះបាននិយាយប្រមាថជាច្រើនដងលើរូបគេ ដោយហៅ «អាខ្ទើយ Lady Boy» ។ ករណីឃាតកម្មនេះ បានកើតឡើងនៅសាលារៀនមួយដែលស្ថិតនៅខេត្តភាគខាងត្បូងប្រទេសថៃ។
ប៉ូលិសថៃ បានបញ្ជាក់ថា ការបាញ់សម្លាប់ដ៏ឃោរឃៅនេះ បានកើតឡើងនៅម៉ោងប្រហែល ៨៖៣០នាទីព្រឹកក្នុងសាលារៀនរដ្ឋមួយក្នុងស្រុកមឿងខេត្តកញ្ចនបុរីប្រទេសថៃ ។ តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ សិស្សប្រុសរងគ្រោះឈ្មោះថា Chinlasit Boonchan ដែលមានអាយុ១៣ឆ្នាំដែរនោះ ត្រូវបានរកឃើញ ដេកក្នុងថ្លុកឈាមនៅមុខបន្ទប់ថ្នាក់របស់គេ។ រូបគេត្រូវបានពិនិត្យឃើញថាមានរបួសគ្រាប់កាំភ្លើង ត្រង់ថ្ងាសផ្នែកខាងស្តាំ។
ក្រុមគ្រូបង្រៀន និងគ្រូពេទ្យ បានព្យាយាមជួយសង្គ្រោះជីវិតក្មេងប្រុសនេះ ក៏ប៉ុន្តែពួកគេបរាជ័យ។ ក្មេងប្រុសដែលជាអ្នកបាញ់កាំភ្លើង ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅប៉ុស្តិ៍ប៉ូលិសដើម្បីសួរចម្លើយ។ ប៉ូលិស បានរកឃើញ កាំភ្លើងខ្លី ៧,៦៥មីលីម៉ែត្រ ក្នុងកាបូបស្ពាយរបស់គេ។
ក្រោយមានការសាកសួរចម្លើយរួចរាល់ ក្មេងជំទង់ចិត្តខ្លាំងម្នាក់នេះ បានប្រាប់ប៉ូលិសថា មិត្តរួមថ្នាក់ខ្លួនគឺក្មេងប្រុស Chonlasit បាននិយាយប្រមាថខ្លួន វាយក្បាល ហើយបានហៅខ្លួនថា «អាខ្ទើយ(Lady boy) »។
ការប្រមាថដដែលៗនេះបានបង្កឲ្យរូបគេខឹងក្រោធជាខ្លាំង រហូតដល់ចុងក្រោយរូបគេទ្រាំលែងបាន ទើបសម្រេចចិត្តលួចយកកាំភ្លើងខ្លីឪពុកពីផ្ទះមក ហើយបាញ់សម្លាប់ Chonlasit ខណៈគេកំពុងដោះស្បែកជើងចូលថ្នាក់រៀន។ បន្ទាប់ពីសម្រេចកិច្ចការនេះ រូបគេបានរត់ទៅកាន់បន្ទប់ទឹកដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ ក្នុងគោលដៅរត់គេចខ្លួន ក៏ប៉ុន្តែរូបគេត្រូវចាប់បានដោយគ្រូបង្រៀន និងសិស្សច្បង។ នេះបើតាមសម្តីប៉ូលិស។
បន្ថែមពីការអះអាងរបស់ប៉ូលិស របាយការណ៍មួយទៀត ចុះផ្សាយ នៅពេលបាញ់សម្លាប់ជនរងគ្រោះ Chomlasit ក្មេងប្រុសបង្ក បានពាក់ម៉ាស់ពណ៌ខ្មៅ អាវយឺត និងស្រោមដៃ ហើយរូបគេបានរត់ទៅបន្ទប់ទឹកដើម្បីប្តូរមកជាឯកសណ្ឋានសិស្សវិញ។
ឪពុករបស់សិស្សរងគ្រោះ ឈ្មោះថា Suwit Boonchan អាយុ៥៥ឆ្នាំ បានប្រញាប់ប្រញាល់ទៅសាលារៀន ក្រោយពីទទួលដំណឹងដូច្នេះ ហើយលោកបានយំយែកជាខ្លាំងបន្ទាប់ពីឃើញសាកសពកូនប្រុស។ ប៉ូលិសបានបន្តសាកសួរទៅកាន់ក្រុមគ្រូបង្រៀន និងយកជនសង្ស័យនេះទៅកាន់ស្ថានីយ៍ប៉ូលិសដើម្បីស៊ើបសួរបន្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com