កីឡាជាតិ
ជាតិ
កីឡាករ​៣៨​រូប​មកពី​៨​ប្រទេស ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​«​គុន​ខ្មែរ​អន្តរជាតិ​»
19, Dec 2019 , 8:29 am        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ប្រដាល់​លំដាប់​ពិភពលោក​«​គុន​ខ្មែរ​អន្តរជាតិ​»​នឹង​រៀបចំ​ការប្រកួត​លើក​ទី​៣​របស់ខ្លួន​ចន្លោះ​ពីថ្ងៃ​ទី​២០-២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខេត្តកំពត ដោយមាន​កីឡាករ​ជាតិ និង​អន្តរជាតិ​ជាង​៣០​រូប​ចូលរួម​។ ការប្រកួត​នេះ ធ្វើឡើង​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ផង និង​ចម្រាញ់រ​កជើង​ខ្លាំង​ផង​។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​នេះ ស្នើសុំ​ការយោគយល់​ពី​ទស្សនិកជន ដ្បិត​ការប្រកួត​មាន​ទាំង​គូ​ស្ម័គ្រចិត្ត ពាក់កណ្តាល​អាជីព និង​អាជីព​។ តែ​យ៉ាងណា លោក តែម ម៉ឺន ជំរុញ​ឲ្យ​កីឡាករ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ពិសេស​អាជ្ញាកណ្តាល​ចៅក្រម​ត្រូវ​កាត់ក្តី​ឲ្យ​យុត្តិធម៌​។

 
​ជាការ​ប្រកួត​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​នៅ​ខេត្តកំពត​ក៏ពិតមែន ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ គឺជា​វេទិកា​លំដាប់​ពិភពលោក ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង ដ្បិត​មាន​កីឡាករ​ជាតិ​និង​អន្តរជាតិ​ចំនួន​៣៨​រូប​មកពី​៨​ប្រទេស​ចូលរួម​។ ការប្រកួត​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២០-២២ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ថ្ងៃទី​មានការ​ប្រកួត​ចំនួន​៦​គូ ថ្ងៃទី​ពីរ​៧​គូ និង​ថ្ងៃទី​បី​ចំនួន​៦​គូ​។​
 
​វា​នឹង​ក្លាយជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ដើរលេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​នៅ​ខេត្តកំពត ដ្បិត​កីឡាករ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាងលើ សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរមុខ​របស់​កម្ពុជា​។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​រំពឹងថា ព្រឹត្តិការណ៍​នេះ​ទទួលបាន​ការគាំទ្រ​និង​ចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន ពិសេស​ធ្វើ​ឲ្យ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​អធិកអធម​ថែមទៀត​។​
 
​ដើម្បី​ឲ្យ​ការប្រកួត​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ជំរុញ​ឲ្យ​កីឡាករ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព និង​គោរព​បញ្ជា​ការប្រកួត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ពិសេស​ត្រូវ​រក្សា​ភាពថ្លៃថ្នូរ និង​ទទួលយក​លទ្ធផល​តាម​ការសម្រេច​របស់​អាជ្ញា​កណ្តាល​ចៅក្រម​។ ជាមួយគ្នានេះ លោក ដាស់តឿន​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី និង​ដាក់ពិន្ទុ​ឲ្យ​បាន​ត្រឹមត្រូវ យុត្តិធម៌ និង​ឈរលើ​គោលការណ៍​មិន​លម្អៀង និង Fair Play​។ 


 
​សម្រាប់​ប្រធាន​សហព័ន្ធ​រូបនេះ សង្វៀន​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ គឺជា​ឱកាស​សម្រាប់​កម្ពុជា ដើម្បី​បង្ហាញ​សមត្ថភាព​របស់​កីឡាករ និង​អាជ្ញាកណ្តាល​ចៅក្រម​ទៅកាន់​ឆាក​អន្តរជាតិ​។ ពិសេស ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ទៅកាន់​ពិភពលោក ក៏ដូចជា​ទាក់ទាញ​បណ្តា​ប្រទេស​ផ្សេងៗ​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​មួយ​នេះ ឲ្យ​កាន់តែច្រើន​។ 
 
​មិន​ខុសគ្នា​ពី​លោក តែម ម៉ឺន នោះទេ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​យល់ឃើញ​ស្រដៀង​គ្នា​នេះដែរ​។ លោក បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​ជា​យាន​ដើម្បី​ផ្សព្វផ្សាយ និង​ពង្រីក​សក្តានុពល​របស់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​។ ក្រៅពី​អបអរ​ពិធីបុណ្យ​សមុទ្រ ការប្រកួត​នេះ គឺ​ដើម្បី​រក្សា​ស្ថេរភាព​ដំណើរការ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដែល​កម្ពុជា​គ្រោង​ដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បានរៀបចំ​ពីរលើក​រួចមកហើយ ដោយ​លើក​ទី​១​រៀបចំ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ និង​លើក​ទី​២​ធ្វើ​នៅក្នុង​កម្មវិធី​សម្ពោធ​វិមាន​ឈ្នះៗ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ អ្វីដែល​គួរកត់សម្គាល់ ការរៀបចំ​ពីរលើក​កន្លងមក គឺ​ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ពី​ទស្សនិកជន តែ​ក៏​មានមតិ​មួយចំនួន​តូច​រិះគន់​ផងដែរ​។ រិះគន់​ក៏​ដោយសារតែ គណៈកម្មការ​រៀបចំ ដាក់​គូ​ស្ម័គ្រចិត្ត​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។​
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន ស្នើ​ឲ្យ​ទស្សនិកជន​មានការ​យោគយល់​ចំពោះ​ការរៀបចំ​នៅលើ​ក​នេះ ដ្បិត​គណៈកម្មការ​នឹង​បន្ត​ដាក់​ឲ្យ​មានការ​ប្រកួត​គូ​ស្ម័គ្រចិត្ត​ដូច​លើក​មុនៗ​ដែរ​។ ប៉ុន្តែ ក៏មាន​ការប្រកួត​គូ​ពាក់កណ្តាល​អាជីព និង​អាជីព​ជាច្រើន​គូ​ផងដែរ​។ 
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ ការបន្ត​ធ្វើ​ទាំង​ដឹងថា​មានការ​រិះគន់​បែបនេះ ក៏​ដោយសារ​ការប្រកួត​នេះ​មិនមែនជា​ការប្រកួត​បែប​អាជីវកម្ម ពោលគឺ​ធ្វើឡើង​ដើម្បី​គៀងគរ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក ក្នុង​តំបន់​អាស៊ី និង​អាស៊ាន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​តែប៉ុណ្ណោះ​។ ការធ្វើ​ដូច្នេះ ក៏​ដោយសារតែ​កម្ពុជា​គ្រោង​ដាក់ឈ្មោះ​«​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​»​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
​ក្រៅពី​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ក៏មាន​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​អន្តរជាតិ អុកចត្រង្គ រត់ប្រណាំង ប្រណាំង​កង់ និង​ប្រកួត​ស្វែងរក​បុរស​ខ្លាំង​ផងដែរ​។ ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​លើក​ទី​៨​នៅ​ខេត្តកំពត​ឆ្នាំនេះ​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​២០-២២ ខែធ្នូ ឆ្នាំ​២០១៩​។ ក្រៅពី​កីឡា ក៏​មានការ​ការតាំង​ពិ​ព័រ​ណ៌​ផលិតផល​អន្តរជាតិ និង​សមិទ្ធផល​កសិកម្ម ឧស្សាហកម្ម ដែលជា​ផលិតផល​សក្តានុពលរ​បស់​ខេត្តកំពត​ផងដែរ​។ 
 
​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ខាងលើ ក៏មាន​ការផ្សាយ​ផ្ទា​ល់ពី​ស្ថានីយទូរទស្សន៍​អប្សរា​ផងដែរ​៕  

Tag:
 ប្រដាល់​គុន​ខ្មែរ​
  តែម ម៉ឺន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com