ជាតិ
ព្រលានយន្តហោះ​ខេត្តសៀមរាប ធ្វើ​សមយុទ្ធ​គ្រប់គ្រង​គ្រោះអាសន្ន ដើម្បី​សាកល្បង​ឧបករណ៍​រុករក និង​សង្គ្រោះ​
18, Dec 2019 , 5:33 pm        
រូបភាព
​សៀមរាប​៖ អាកាសយានដ្ឋាន​អន្ដរជាតិ​ខេត្តសៀមរាប​សហការ​ជាមួយ​រដ្ឋបាលខេត្ត បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ គ្រប់គ្រង​គ្រោះអាសន្ន​នៅក្នុង​បរិវេណ​អាកាសយានដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​១៨ ធ្នូ​។ សមយុទ្ធ​លើក​ទី​៦​នេះ គឺ​ដើម្បី​ធ្វើតេស្ដ​ទៅលើ​ឧបករណ៍​រុករក និង​សង្គ្រោះ​ទៅលើ​ការទំនាក់ទំនង​រវាង​អាកាសយានដ្ឋាន​អន្ដរជាតិ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត និង​សាកល្បង​សមត្ថភាព​ជួយសង្គ្រោះ​ជនរងគ្រោះ ក៏ដូចជា​ការសង្គ្រោះ​បឋម​នៅ​កន្លែងកើតហេតុ​។​

 
​នាយក​អាកាសយានដ្ឋាន​អន្ដរជាតិ​ខេត្តសៀមរាប លោក ប៊ុន រដ្ឋា បានឱ្យដឹងថា សមយុទ្ធ​នេះ​មានការ​ដុត​កុង​ឡាន និង​ប្រេង បង្កើតជា​ផ្សែងខ្មៅ ដូច​ហេតុការណ៍​កើតឡើង​ពិតៗ​។ លោក​បន្តថា គោលបំណង​នៃ​លំ​ហាត់​សមយុទ្ធ​នេះ គឺ​ដើម្បី​អនុវត្តន៍​ការងារ​ពាក់ព័ន្ធ​នឹង​ការទំនាក់ទំនង ការឆ្លើយតប និង​ដើម្បី​រកឱ្យឃើញ​ពី​កង្វះខាត​របស់​អាកាសយា​ន​ដ្ឋា​ន ដើម្បី​បំពេញបន្ថែម​ពេល​មាន​អាសន្ន​។ បន្ថែម​ពីនេះ សមយុទ្ធ​ក៏បាន​សាកល្បង​ពី​សមត្ថភាព​នៃ​ការបែងចែក​ជនរងគ្រោះ ការជួយ​សង្គ្រោះ​បឋម និង​របៀប​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។​
 
​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា​ដែល​បាន​ចុះ​ពិនិត្យ​លំ​ហាត់​សមយុទ្ធ​នៅពេល​នោះដែរ យល់ថា ការងារ​នេះ​គឺ​បង្ហាញ​ពី​ការ​សហប្រតិបត្តិការ​គ្នា​បាន​យ៉ាង​ល្អ​រវាង​អាកាសយានដ្ឋាន​អន្តរជាតិ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ប៉ុន្តែ​ក៏​នៅមាន​ចំណុច​ខ្លះ​នៅ​មិនបាន​ល្អ​ដែរ ដែល​ត្រូវ​រៀបចំ​ឡើងវិញ​។ លោក​អភិបាល​បាន​ជំរុញឱ្យមាន​កែតម្រូវ​ចំណុច​ដែល​នៅ​ខ្វះ​ខាត់​ឱ្យបាន​ល្អ ក្នុង​គោលដៅ​ធ្វើយ៉ាងណា នៅពេល​មាន​អាសន្ន​ជាក់ស្តែង ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឱ្យបាន​លឿន និង​ទាន់ពេលវេលា​៕



Tag:
 សមយុទ្ធ​
  យន្តហោះ​
© រក្សាសិទ្ធិដោយ thmeythmey.com