អន្តរជាតិ
ទីបំផុត រដ្ឋសភាអាមេរិកបោះឆ្នោតចោទប្រកាន់លោក ត្រាំ ជាផ្លូវការ មុនឈានទៅដកតំណែង
× នៅទីបំផុត រដ្ឋសភាអាមេរិកដែលកាន់កាប់ដោយបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៨ ខែធ្នូ (ម៉ោងនៅអាមេរិក) បានបោះឆ្នោតចោទប្រកាន់លោក ដូណាល់ ត្រាំ ជាផ្លូវការក្រោមបទចោទចំនួនពីរ គឺការបំពានអំណាច និងការធ្វើឲ្យរាំងស្ទះដំណើការស៊ើបអង្កេតរបស់រដ្ឋសភា។ លោក ត្រាំ កា្លយជាប្រធានាធិបតីអាមេរិកទីបីដែលត្រូវចោទប្រកាន់បែបនេះបន្ទាប់ពីលោក អែនឌ្រូ ចនសុន នៅឆ្នាំ១៨៦៨ និងលោក ប៊ីល គ្លីនតុន នៅឆ្នាំ១៩៩៨ ។
បន្ទាប់ពីការជជែកគ្នាតឹងសរសៃកអស់រាប់ម៉ោងរួចមក សមាជិករដ្ឋសភាអាមេរិកកឈានដល់ការបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ។ សមាជិករដ្ឋសភាភាគច្រើន បានបោះឆ្នោតគាំទ្រមាត្រានៃការដកតំណែងចំនួនពីរ ដែលចោទលោក ត្រាំ ពីបទរំលោភបំពានអំណាច និងការបង្អាក់ដំណើរការសភាក្នុងការស៊ើបអង្កេតលើករណីដែលលោកស្នើឲ្យរដ្ឋាភិបាលបរទេសចាត់ការគូប្រជែងរបស់ខ្លួន។ កិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន ជាដើមហេតុនៃរឿងនេះ។
សម្រាប់ករណីបំពានអំណាច សមាជិកសភាចំនួន២៣០ បានបោះឆ្នោតគាំទ្រ ខណៈសមាជិកចំនួន១៩៧នាក់ទៀត បោះឆ្នោតប្រឆាំង។ សមាជិកសភាគាំទ្រភាគច្រើនបំផុត គឺមកពីបក្សប្រជាធិបតេយ្យដែលកាន់កាប់សំឡេងភាគច្រើនក្នុងសភា។ ប៉ុន្តែសមាជិកសភាបក្សប្រជាធិបតេយ្យពីរនាក់ បោះឆ្នោតប្រឆាំងដូចគ្នានឹងសមាជិកសភាបក្សសាធារណរដ្ឋទាំងអស់។
ចំណែកឯមាត្រានៃការដកតំណែងលើករណីបង្អាក់ដំណើការស៊ើបអង្កេតរបស់សភាវិញ សមាជិកសភាចំនួន២២៩ បានគាំទ្រ និង១៩៨នាក់ទៀត បោះឆ្នោតប្រឆាំង។ ការអនុម័តលើមាត្រាស្ដីពីការចោទប្រកាន់ទាំងពីរនេះ ត្រូវការសំឡេងភាគច្រើន៥០បូកមួយប៉ុណ្ណោះ។
ជានីតិវិធី សំណុំរឿងដកតំណែងនេះ ត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាកាត់ក្ដីមួយដំណាក់កាលទៀត។ នៅព្រឹទ្ធសភាដែលបក្សសាធារណរដ្ឋមានសំឡេងភាគច្រើននោះ រំពឹងបើកសវនាការក្នុងខែមករាខាងមុខ។ ក្នុងករណីព្រឹទ្ធសភាសម្រេចចិត្តដកតំណែងដែរ ទើបលោក ត្រាំ អស់តំណែង។ អនុប្រធានាធិបតី ម៉ៃ ផេន នឹងឡើងអង្គុយកៅអីប្រធានាធិបតីជំនួស៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com