ជាតិ
រដ្ឋមន្ត្រីទេសចរណ៍ ប្រាប់ឱ្យអ្នកវិនិយោគជប៉ុន បោះទុនលើឆ្នេរអង្កោល និងកោះទន្សាយ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រាប់ឱ្យអ្នកវិនិយោគជប៉ុន បោះទុនរកស៊ីនៅលើឆ្នេរអង្កោល និងកោះទន្សាយ នៅខេត្តកែប។ រដ្ឋមន្ត្រីទេសចរណ៍ ថ្លែងបែបនេះ ក្រោយពីក្រុមប្រតិភូវិនិយោគជប៉ុន បង្ហាញបំណងចង់រកស៊ីនៅកម្ពុជា។
ថ្លែងក្នុងជំនួបពិភាក្សាគ្នានោះ លោក ថោង ខុន បាននិយាយថា ខេត្តកែបកំពុងមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ ជាពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ព្រោះជាឆ្នេរធម្មជាតិនេះ មិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅឡើយ។
«ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អ វានឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែប ជាតំបន់់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់។ ហើយខេត្តកែបបច្ចុប្បន្នក៏មានឆ្នេរកែបរួចហើយដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន»។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍ ដែលបានស្រង់សម្តីលោក ថោង ខុន។
ក្រៅឆ្នេរខាងលើនេះ រដ្ឋមន្ត្រីទេសចរណ៍ ក៏ប្រាប់អ្នកវិនិយោគជប៉ុន ឱ្យសម្លឹងសក្ដានុពលនៅតំបន់ផ្សេងទៀត ដូចជាតំបន់កសិទេសចរណ៍កូនសត្វ ខេត្តកំពត ដែលមានចម្ការម្រេច ចម្ការផ្សេងទៀត ដែលស្ថិតនៅជិតខេត្តកែបដែរ។ ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដែលកំពុងរង់ចាំអ្នកវិនិយោគទៅធ្វើការវិនិយោគអភិវឌ្ឍន៍ឱ្យកាន់តែមានសក្ដានុពលថែមទៀត។
ក្រុមអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍លើរមណីយដ្ឋានធម្មជាតិទេទឹកពុះខេត្តកំពង់ស្ពឺ ដោយអះអាងថា ពួកគេនឹងពិចារណាវិនិយោគលើតំបន់នោះ។
ឆ្លើយតបបំណងរបស់ប្រតិភូជប៉ុន លោករដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន បាននិយាយថា៖«ការវិនិយោគនៅតំបន់ទេសចរណ៍ទាំង៣ខាងលើនេះ ជប៉ុនប្រាកដជាអាចធ្វើទៅបាន ព្រោះអ្នកវិនិយោគិនជប៉ុនមានជំនាញលើការអភិវឌ្ឍវិស័យទេសចរណ៍ប្រភេទនោះស្រាប់»។
បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ហើយកំពុងត្រូវការអ្នកជំនាញបន្ថែមទៀត ដើម្បីសម្រេចកិច្ចការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តនេះ ឱ្យកាន់តែមានភាពរីកចម្រើនខ្លាំងឡើង ខណៈឆ្នេរសមុទ្រកម្ពុជាបានជាប់ជាឆ្នេរស្អាតជាងគេបំផុតលើពិភពពលោក របស់ក្លឹបឆ្នេរសមុទ្រស្អាត។ ចំណែកផ្សារក្ដាមនៅខេត្តកែប ក៏កំពុងទទួលបានគម្រោងអភិវឌ្ឍន៍ទៅជាផ្សារទេសចរណ៍ ដែលមានអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោមគម្រោងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ទៀតផង។ នេះបើតាមក្រសួងទេសចរណ៍៕
Tag:
ថោង ខុន
ទេសចរណ៍
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com