អន្តរជាតិ
លោក ត្រាំ ប្រតិកម្ម​នឹង​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា​ថា​«​ពោរពេញ​ដោយ​ការ​ស្អប់​» ក្រោយ​រង​ការចោទប្រកាន់​ផ្លូវការ​
19, Dec 2019 , 10:59 am        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ប្រតិកម្ម​ខ្លាំង​ប្រឆាំងនឹង​បក្ស​ប្រជាធិបតេយ្យ​ដែល​ចោទ​ពួកគេ​ថា «​ពោរពេញ​ដោយ​ការ​ស្អប់ខ្ពើម​» ក្រោយពី​លោក​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​ដោយ​សភា​ក្នុងការ​បោះឆ្នោត​លើ​មាត្រា​នៃ​ការចោទប្រកាន់​ដែល​អាច​ឈានដល់​ការដកហូត​តំណែង (impeachment) ។ ការបោះឆ្នោត​ពី​សំណាក់​សមាជិកសភា​នេះ ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ១៨ ខែធ្នូ លើ​បទ​ចោទ​ចំនួន​ពីរ គឺ​ការរំលោភ​អំណាច និង​ការរារាំង​ដំណើរការ​ស​ភា ។​

 
​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្នុង​រដ្ឋ Michigan លោក ដូ​ណា​ល់ ត្រាំ និយាយថា ខណៈ​រដ្ឋបាល​លោក​ប្រឹងប្រែង​បង្កើត​ការងារ ក្រុម​បក្ស​ប្រជាធិបតេយ្យ​ឆ្វេងនិយម​ក្នុង​សភា គឺ​ពោរពេញ​ដោយ​ការ​ច្រណែន​, ការ​ស្អប់ខ្ពើម និង​កំហឹង​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​មកពី​បក្ស​សាធារណរដ្ឋ​រូបនេះ លើកឡើង​ចំៗ​ថា​៖«​អ្នក​ទាំងនេះ គឺជា​មនុស្ស​ឆ្អួ​ត​»​។ លោក ត្រាំ បញ្ជាក់ទៀតថា បក្ស​ប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​សភា​តំណាង បាន​ព្យាយាម​បង្ខូច​សន្លឹកឆ្នោត​របស់​ប្រជាជន​អាមេរិក​រាប់លាន​នាក់​ដែលជា​អ្នកស្នេហាជាតិ​។ 
 
​ក្រោយពី​ការជជែក​តស៊ូ​មតិ​១០​ម៉ោង​ឥត​សម្រាក សមាជិកសភា​អាមេរិក បានសម្រេច​បោះឆ្នោត ២៣០ ទល់នឹង​១៩៧ សំឡេង អនុម័ត​បទចោទប្រកាន់​ទី​១ នោះ​គឺ ការរំលោភ​អំណាច ដែល​អះអាងថា លោក ត្រាំ បាន​អនុវត្ត​អំណាច​ប្រធានាធិបតី​ដើម្បី​បាន​ផលចំណេញ​ផ្ទាល់ខ្លួន ខណៈ​មិន​ខ្វាយខ្វល់ ឬ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ដោយ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ឲ្យ​ជ្រៀតជ្រែក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ២០២០​។ 
 
​ជាមួយគ្នានេះ សមាជិកសភា​អាមេរិក ក៏បាន​បោះឆ្នោត ២២៩ ទល់នឹង ១៩៨ សំឡេង អនុម័ត​បទចោទប្រកាន់​ទី​២ ដែល​អះអាងថា នៅពេល​ត្រូវបាន​ចាប់កំហុស​បាន​, នៅពេល​សភា​តំណាង​បាន​បើក​ការស៊ើបអង្កេត និង​ស៊ើបសួរ​ក្នុង​នីតិវិធី​ដកតំណែង​ប្រធានាធិបតី​នោះ លោក ត្រាំ បាន​ព្យាយាម​រារាំង​ដំណើរការ​របស់​សភា​នេះ​។ 
 
​ជាមួយ​លទ្ធផល​បោះឆ្នោត​នេះ លោក​ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដែល​ត្រូវបាន​ចោទប្រកាន់​ដែល​អាច​ឈានដល់​ការដកហូត​តំណែង ក៏ប៉ុន្តែ​មិន​មានន័យថា លោក ត្រាំ អស់តំណែង​ឡើយ​។ ជា​នីតិវិធី ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ នឹង​ទៅ​ឡើង​សវនាការ​ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​។ ហើយ​ការជំនុំជម្រះ​នេះ រំពឹង​រៀបចំឡើង នា​ខែមករា ឆ្នាំ​២០២០​ខាងមុខ​។ ក្នុងករណី​ព្រឹទ្ធសភា​សម្រេចចិត្ត​ដកតំណែង​ដែរ ទើប​លោក ត្រាំ អស់តំណែង​។ អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន នឹង​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​ជំនួស​។ 
 
​សូមបញ្ជាក់ថា ការបោះឆ្នោត​របស់​សភា​តំណាង​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ ធ្វើឡើង​៤​ខែក្រោយ​ពី មន្ត្រី​ចារកិច្ច​អាមេរិក​មួយរូប​ដែល​មិន​បញ្ចេញ​ឈ្មោះ (whistleblower) បានដាក់​ពាក្យបណ្តឹង​ទៅ​សភា​ក្នុង​ខែកញ្ញា អំពី​ការជជែក​គ្នា​តាម​ទូរ​សព្ទ​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ អំឡុង​ការជជែក​គ្នា​តាមរយៈ​ទូរ​សព្ទ​ក្នុង​ខែកក្កដា​នេះ លោក ត្រាំ បានដាក់​សម្ពាធ​លោក Zelensky បើក​ការស៊ើបអង្កេត​លើ​លោក ចូ បៃ​ឌិន ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ឈានមុខ​ម្នាក់​ក្នុងការ​បោះឆ្នោត​ឆ្នាំក្រោយ ដោយ​ភ្ជាប់​ទៅនឹង​ជំនួយ​យោធា​៕

Tag:
 សហរដ្ឋអាមេរិក​
  សភា​តំណាង​
  ដូ​ណា​ល់​ត្រាំ​
  impeachment
© រក្សាសិទ្ធិដោយ thmeythmey.com