FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Firmino ស៊ុត​ចុង​ម៉ោង​ជួយ Liverpool ឈ្នះ Monterrey ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Club World Cup
19, Dec 2019 , 3:43 pm        
រូបភាព
រូបភាពពីវេបសាយ FIFA
រូបភាពពីវេបសាយ FIFA
១​គ្រាប់​ចុងក្រោយ​ដែល​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Roberto Firmino នៅ​នាទី​៩០ បាន​ជួយ Liverpool ក្រុម​ពី​ម៉ិ​ក​ស៊ិ​ក Monterrey ២-១ ដើម្បី​ឡើងទៅ​ជួប​ក្រុម​ពី​ប្រេ​ស៊ី​ល Flamengo នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើមពាន​រង្វាន់ FIFA Club World Cup ឆ្នាំ​២០១៩​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Firmino ដែល​ទើប​ផ្តូ​រ​ចូល​ជំនួស Divock Origi នៅ​នាទី​៨៥ ទទួលបាន​បាល់​ពី​ការបញ្ជូន​ដ៏​ល្អ​របស់​ខ្សែការពារ Trent Alexander-Arnold ពី​ជ្រុង​ខាងស្តាំ ដើម្បី​សម្រេច​ទី​គ្រាប់​ជ័យជម្នះ​ឲ្យ​ហង្ស​ក្រហម​ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Khalifa Int'l ក្នុង​ក្រុង​ដូ​ហា ប្រទេស​កាតា នៅ​យប់​ថ្ងៃទី​១៨ ខែធ្នូ​។​
 
Liverpool ដែលជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​អឺរ៉ុប UEFA Champions League រដូវ​កាល​មុន ជា​អ្នក​រកបាន​គ្រាប់​បាល់​នាំ​មុខមុន​តាំងពី​នាទី​១២ តាមរយៈ​ការ​ស៊ុត​របស់​ខ្សែបម្រើ Naby Keita​។ យ៉ាងណាក៏ដោយ ២​នាទី​ក្រោយពី​ការនាំ​មុខ ខ្សែប្រយុទ្ធ Rogelio Funes Mori អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ឲ្យ​ក្រុម Monterrey វិញ ហើយ​ក្រុម​ទាំង​បញ្ចប់​លទ្ធផល​នៅ​វគ្គ​ទីមួយ ១-១​។​


​ចូលដល់​វគ្គ​ទី​២  ក្រុម​ទាំងពីរ​បាន​បន្ត​ការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​យ៉ាងខ្លាំង​ក្លា​ប៉ុន្តែ​មិនអាច​រក​គ្រាប់​ចូល​ទីនោះ​ឡើយ​។ រហូតដល់​ចុង​ម៉ោង​ទៅហើយ Firmino បាន​ក្លាយជា​វីរបុរស​របស់​ក្រុម​លោក Jürgen Klopp ជាមួយ​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី​៩០ ដើម្បី​នាំ Liverpool ឡើងទៅ​ដណ្តើមពាន​ប្រចាំ​ទ្វីប Club World Cup ជាមួយ Flamengo ដែល​បាន​ដៅ​អី​រួចហើយ ក្រោយ​ពួកគេ​ឈ្នះ ក្រុម​ពី​អា​រ៉ា​ប៊ី​សា​អូឌីត Al Hilal ដោយ​លទ្ធផល ៣-១ នៅ​វគ្គ​៤​ក្រុម​។​
 
Liverpool ដែល​តំណាង​ក្រុម​ពី​ទ្វីបអឺរ៉ុប នឹងត្រូវ​ជួប Flamengo តំណាង​ក្រុម​ពី​ទ្វីបអាមេរិក​ខាងត្បូង នៅ​ថ្ងៃទី​២១ ខែធ្នូ វេលា​ម៉ោង ១២:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​] ក្នុង​ក្រុង​ដូ​ហា ប្រទេស​កាតា បន្ទាប់ពីជំនួប​រវាង Monterrey (​ទ្វីបអាមេរិក​) ជាមួយ Al Hilal (​អាស៊ី​) សម្រាប់​តំណែង​ចំណាត់ថ្នាក់​ទី​៣ ដែល​ធ្វើឡើង​នៅ​ម៉ោង ៩:៣០​នាទី​យប់​៕
 








Tag:
 Club World Cup
  Liverpool
  Flamengo
© រក្សាសិទ្ធិដោយ thmeythmey.com