អត្ថបទពាណិជ្ជកម្ម
ផ្សារ​ទំនើប​បែប​សហគមន៍​ដំបូងបង្អស់​របស់ ជីប ម៉ុង ដែលមាន​តម្លៃ​៣០០​លាន​ដុល្លារ បាន​សម្ពោធ​ជា​ផ្លូវការ​
19, Dec 2019 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩៖ ផ្សារ​ទំនើប​ខ្នាត​ធំ​បែប​សហគមន៍ ជីប ម៉ុង ណូ​រ៉ូ ម៉​ល របស់ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ត្រូវបាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​អ្នកចូលរួម​ជា​ដៃគូ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​មូលដ្ឋាន​រាប់រយ​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩។​
 
​លោក ស្តេ​ហ្វា​ន ព្យេ​រ៉ុង អគ្គ​នាយ​យក​ស្តីទី ជីប ម៉ុង រឺ​ថែ​ល បាន​មានប្រសាសន៍ថា​៖ «​ផ្សារ​ទំនើប​ជីប ម៉ុង ណូ​រ៉ូ ម៉​ល មាន​ផ្ទៃ​សរុប​ទំហំ ១៧៥០០​ម៉ែត្រការ៉េ មាន​កម្ពស់ ៥​ជាន់ ដែល​ក្នុងនោះ​ផ្ទៃ​សរុប​​ដែល​យើង​អាច​ជួល​បាន​មាន​ទំហំ ៧ ៥០០​ម៉ែត្រការ៉េ​។ ហើយ​យើង​បានជ្រើសរើស​ដៃគូ​ពាណិជ្ជកម្ម ដូច​ជា​ភោជនីយដ្ឋាន រោងភាពយន្ត​ប្រណិត ផ្សារ​ទំនើប ជីប ម៉ុង និង​ហាង​លក់រាយ​ជាច្រើន​ទៀត​ដោយ​ការសម្រិតសម្រាំង​បំផុត​។​»


 
​លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ដែលជា​ក្រុមហ៊ុន ដែលជា​ក្រុមហ៊ុនមេ របស់ ជីប ម៉ុង រឺ​ថែ​ល ក៏បាន​បន្ថែមទៀតថា​៖ «​ការ​រចនា​គឺ​ផ្តោត​សំខាន់​លើ​ការបញ្ចូល​និង​បន្សំ​គ្នា​រវាង​សំណង់​បែប​ទំនើប​និង​ធម្មជាតិ ដើម្បី​ធានាថា​អតិថិជន​ដែល​មកកាន់​ផ្សារ​ទំនើប​យើង​មាន​អារម្មណ៍​​ស្រស់ស្រាយ ទទួលបាន​នូវ​ភាព​រីករាយ ហើយ​យើង​ផ្ចិតផ្ចង់​ធ្វើយ៉ាងណា​សោភ័ណភាព​របស់​ផ្សារ​​ទំនើប​មួយ​នេះ​ស័ក្តិ​សមជា​ផ្សារ​ទំនើប​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ផងដែរ ដែល​អគារ​ពាណិជ្ជកម្ម​មួយ​នេះ​មិន​ត្រឹមតែ​ចូលរួម​លើកសម្រស់​រាជធានី​ភ្នំពេញ​មួយកម្រិត​ប៉ុណ្ណោះ​ទេ តែ​​ថែមទាំង​អាចបង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​តាំងពី​កំពុង​សាងសង់ រហូតដល់​សង់​រួច​។​»
 
​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល វិនិយោគ​លើ​គម្រោង​ទាំងអស់​របស់ខ្លួន​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​៣០០​លាន​ដុល្លារ​អាមេរិក ដែល​ការវិនិយោគ​នេះ ផ្តោតលើ​ការសាងសង់​និង​ប្រតិបត្តិការ ផ្សារទំនើប​ខ្នាតតូច ផ្សារ​ទំនើប​ខ្នាត​ធំ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ខ្នាត​យក្ស​។​




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com