អន្តរជាតិ
អតីត​មេដឹកនាំ​ប៉ា​គី​ស្ថាន Musharraf ថា​ការកាត់ទោស​ប្រហារជីវិត​លោក​ជា​«​គំនុំ​ផ្ទាល់ខ្លួន​»
19, Dec 2019 , 5:02 pm        
រូបភាព
ដោយ:
​អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន លោក Pervez Musharraf ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស បាន​ច្រានចោល​ការកាត់ទោស​លោក​ថា «​ក្បត់ជាតិ​» និង​ទោស​ប្រហារជីវិត​ដល់​លោក កាលពី​ថ្មីៗ​នេះ ។ ពី​ទីក្រុង​ឌូ​បៃ លោក​បាន​អះអាងថា សាលក្រម​របស់​តុលាការ​ពិសេស​របស់​ប៉ា​គី​ស្ថាន​នេះ គឺជា​លទ្ធផល​នៃ «​គំនុំសងសឹក​ផ្ទាល់ខ្លួន​»​។

 
«​រឿងក្តី (​ក្បត់ជាតិ​) នេះ ត្រូវបាន​លើកឡើង ហើយ​បើក​នីតិវិធី​ដោយសារតែ​គំនុំសងសឹក​ផ្ទាល់ខ្លួន ពី​សំណាក់​មនុស្ស​ខ្លះ​ដែល​ប្រឆាំងនឹង​ខ្ញុំ​»​។ លោក Musharraft បាន​និយាយ​បែបនេះ​ក្នុង​វីដេអូ​មួយ​ដោយ​បង្ហោះ​ដោយ​ជំនួយការ​លោក នៅ​យប់​ថ្ងៃ​ពុធ ១៨ ខែធ្នូ​។ 
 
​លោក Musharraf  ត្រូវបាន​រាយការណ៍​ថា​កំពុង​នៅក្នុង​ទីក្រុង ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ហើយ​មាន​សុខភាព​មិនល្អ ។ តាមរយៈ​វីដេអូ​ដែល​បាន​បង្ហោះ​នោះ អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ដែល​មានទោស​ក្បត់ជាតិ​នេះ កំពុង​សម្រាក​ព្យាបាល​លើ​គ្រែ​មន្ទីរពេទ្យ​មួយ ដោយ​មើលទៅ​ទន់ខ្សោយ ហើយ​និយាយ​សឹង​មិន​រួច​។ 
 
​យ៉ាងណាមិញ អតីត​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​បញ្ជាក់ថា លោក​នៅតែមាន​ទាន់​សម្រេចចិត្ត​ច្បាស់​ទេ ចំពោះ​ជំហាន​បន្ទាប់​របស់លោក​ថា​តើ​ក្រុមការងារ​ច្បាប់​របស់លោក រៀបចំ​ប្តឹងតវ៉ា​ក្តី​ចំពោះ​ការកាត់ទោស​នេះ​ឬ​យ៉ាងណា​នោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​សូមបញ្ជាក់ថា សវនាការ​កាត់ទោស​ប​ទ​ចោទ «​ក្បត់ជាតិ​» ប្រឆាំង​លោក Musharraf បានចាប់ផ្តើម ក្នុង​ឆ្នាំ​២០១៤​។ សកម្មភាព​លោក​ក្នុង​ឆ្នាំ​២០០៧ ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុងករណី​ទោស​ក្បត់ជាតិ​ប្រឆាំង​អតីត​មេដឹកនាំ​វ័យ​៧៦​ឆ្នាំ​រូបនេះ​។ កាលនោះ​គឺ​នៅ​ថ្ងៃ ៣ វិច្ឆិកា ឆ្នាំ​២០០៧ មេដឹកនាំ​សឹក​រូបនេះ បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន និង​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ ព្រមទាំង​បាន​ឃុំឃាំង​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់ និង​ចៅក្រម​។ 
 
​ក្រោយមក វិបត្តិ​នយោបាយ​នេះ​កាន់តែ​ដុនដាប ក្នុង​ខែមីនា ឆ្នាំ ២០០៧ ដោយ​កាលនោះ លោក Musharraf បាន​ប៉ុនប៉ង​ដកហូត​តំណែង​របស់​ប្រធាន​តុលាការ​កំពូល​ប៉ា​គី​ស្ថាន គឺ​លោក Iftikhar Muhammad Chaudhry ។ នេះ​ទង្វើ​មួយ​ដែល​តុលាការ​កំពូល នៅពេល​ក្រោយមក បាន​ចាត់ទុកថា ខុសច្បាប់​។ ការប៉ុនប៉ង​នេះ បាន​រង​ការ​បាតុកម្ម​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​មេធាវី​នៅ​ទូទាំងប្រទេស ។ 
 
​លោក Musharraf បាន​ចូល​ក្តោប​អំណាច​ដោយ​ការធ្វើ​រដ្ឋប្រហារ​យោធា​មួយ ក្នុង​ឆ្នាំ​១៩៩៩ ហើយ​បាន​ដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​នេះ​អស់​ពេល​៩​ឆ្នាំ​។ ក្នុង​ឆ្នាំ​២០០៨ លោក​បាន​សុំលាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​ទី​១០​របស់​ប៉ា​គី​ស្ថាន ក្រោយពី​បក្សប្រឆាំង​បាន​ព្យាយាម​បណ្តេញ​រូបលោក​ពី​តំណែង​កំពូល​នេះ​៕

Tag:
 ​ប៉ា​គី​ស្ថាន​
  Pervez Musharraf
  ក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com