ជាតិ
រដ្ឋមន្ត្រី​វប្បធម៌ ជំទាស់​មិនឱ្យ​រុះរើ​ស្ពានថ្ម​ចាស់​សម័យ​បារាំង នៅ​ខេត្តបាត់ដំបង​ឡើយ​
19, Dec 2019 , 9:19 pm        
រូបភាព
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជំទាស់​មិនឱ្យ​រុះរើ​ស្ពានថ្ម​ចាស់​សម័យ​បារាំង ដែល​ស្ថិត​នៅមុខ​សាលាខេត្ត ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​​។​


 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោកស្រី ភឿង ស​កុ​ណា យល់ឃើញថា ស្ពានថ្ម​ចាស់​សម័យ​បារាំង​នេះ ពុំគួរ​រុះរើ​ចេញ​នោះទេ​។ មូល​ហេតុដែល​រដ្ឋមន្ត្រី​វប្បធម៌ លើកឡើង​បែបនេះ ដោយសារតែ​ស្ពានថ្ម​ចាស់​នេះ​មាន​អាយុកាល​១០០​ឆ្នាំ​មកហើយ ដែល​បាន​កសាង​នៅ​សម័យ​បារាំង ជា​សំណង់​បេតិកភណ្ឌ​ទីក្រុង​នៅសល់តែ​មួយគត់​ក្នុង​ខេត្តបាត់ដំបង និង​ក្នុងប្រទេស​កម្ពុជា ហើយ​វា​ក៏មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ លើ​ផ្នែក​ស្ថាបត្យកម្ម នគរូបនីយកម្ម និង​បរិស្ថាន​ទៀតផង​។​
 
​លិខិត​របស់​ក្រសួង​វប្បធម៌ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា បាន​សរសេរ​ដូច្នេះ​ថា​៖»​ម្យ៉ាងទៀត​ស្ពាន​នេះ ចាត់ទុកជា​មរតក​ដ៏​កម្រ​មួយ ដែល​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង គួរតែ​រក្សាទុក និង​ជួសជុល​ឡើងវិញ ហើយ​ប្រើប្រាស់​ជា​ស្ពាន​ថ្មើ​ជើង​»​។​
 
​ដើម្បី​ការពារ និង​អភិរក្ស​ស្ពាន​នេះ រដ្ឋមន្ត្រី​វប្បធម៌ បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា សហការ​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការចុះទៅ​ត្រួតពិនិត្យ​នៅ​ទីតាំង​ផ្ទាល់ ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។  
 
​ខាង​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អភិបាល និង​អភិបាលរង រួមទាំង​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អ្នកនាំពាក្យ​ខេត្តបាត់ដំបង ដើម្បី​សាកសួរ​ជុំវិញ​បំណង​រុះរើ​ស្ពានថ្ម​នេះ​បានទេ​៕ 

Tag:
 ស្ពានថ្ម​
  សម័យ​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com