អន្តរជាតិ
កុមារអាយុ៨ឆ្នាំម្នាក់ រកលុយតាមYouTube បាន២៦លានដុល្លារក្នុងឆ្នាំ២០១៩
× កុមារ Ryan Kaji អាយុ៨ឆ្នាំម្នាក់ រកចំណូលបាន ២៦លានដុល្លារក្នុងឆ្នាំ២០១៩ លើឆាណែល YouTube ។ ជាមួយតួលេខនេះ កុមារអាមេរិករូបនេះ បានក្លាយជា YouTuber ដែលរកចំណូលបានខ្ពស់បំផុត។ នេះបើតាមបញ្ជីដែលបានចុះផ្សាយដោយទស្សនាវដ្តី Forbes កាលពីថ្ងៃពុធ ១៨ ធ្នូ។
កុមារ Kaji ដែលមានឈ្មោះពិតថា «Ryan Guan» ក៏ធ្លាប់បានជាប់ឈ្មោះជាអ្នករកចំណូលបានខ្ពស់បំផុតម្តងហើយលើ YouTube កាលពីឆ្នាំ២០១៨ ជាមួយនឹងទឹកប្រាក់ ២២លានដុល្លារ។ ឆាណែលរបស់រូបគេ «Ryan’s World» បានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយឪពុកម្តាយរបស់ Ryan ដោយកាលនោះ កុមាររូបនេះមានអាយុត្រឹម៣ឆ្នាំប៉ុណ្ណោះ ។ មកដល់ពេលនេះ ឆាណែលនេះមានអ្នក Subscribe ដល់ទៅ២២,៩លាននាក់ទៅហើយ។
ផ្តួចផ្តើមឡើងដំបូងហៅថា «Ryan ToysReview» ឆាណែល YouTube នេះ មានសុទ្ធសឹងតែវីដេអូ ប្រភេទ «Unboxing» ដែលបង្ហាញពីក្មេងប្រុសរូបនេះបើកប្រអប់ប្រដាប់ក្មេងលេខ ហើយលេងជាមួយពួកវា។ វីដេអូមួយចំនួន មានអ្នកចូលមើលដល់ទៅជាង១ពាន់លានដងឯណោះ ហើយឆាណែលនេះ ទទួលបានអ្នកចូលមើលជិត៣៥ពាន់លានដង ចាប់តាំងពីចាប់កំណើតមក។ នេះបើយោងតាមទិន្នន័យពីវេបសាយវិភាគ Social Blade ។
គេសង្កេតឃើញថា ឆាណែល YouTube នេះ មានការវិវត្តន៍ទៅតាមវ័យរបស់ក្មេងប្រុស Ryan ដោយឥឡូវនេះ វាក៏ផ្តល់វីដេអូអប់រំផងដែរ បន្ថែមពីការគ្រានតែបើកប្រអប់ប្រដាប់ក្មេងលេង។ ដោយផ្អែកលើចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes កុមារ Ryan Kaji បាននាំមុខឆាណែល YouTube ដ៏ល្បីល្បាញមួយឈ្មោះថា «Dude Perfect» ដែលបង្កើតឡើងដោយមិត្តមួយក្រុមមកពីរដ្ឋ Texas សហរដ្ឋអាមេរិក។ ឈរនៅចំណាត់ថ្នាក់លេខ ២ ឆាណែលនេះ រកចំណូលបាន ២០លានដុល្លារ។
ចំណែកចំណាត់ថ្នាក់លេខ ៣ បានទៅលើឆាណែលក្មេងស្រីរុស្ស៊ីម្នាក់ទៀត មានឈ្មោះថា Anastasia Radzinskaya ។ អាយុត្រឹម៥ឆ្នាំ នាងរកចំណូលបាន១៨លានដុល្លារ។ ឆាណែលទាំងពីររបស់នាង មួយឈ្មោះថា «Like Nastya Vlog» និង «Funny Stacy» បូកបញ្ចូលគ្នាមានអ្នក Subscribe សរុប ៧០លាននាក់ ជាមួយវីដេអូនិយាយជាភាសារុស្ស៊ី អង់គ្លេស និងអេស្បាញ់៕
Tag:
សហរដ្ឋអាមេរិក
Youtube
© រក្សាសិទ្ធិដោយ thmeythmey.com