ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក យ៉ង សាំង​កុមារ គ្រោង​បង្កើត​សិប្បកម្ម​ច្នៃ​កាកដូង​កាក​អំពៅ ទៅជា​ជីសរីរាង្គ​
19, Dec 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ គ្រោង​បង្កើត​សិប្បកម្ម ដែល​ច្នៃ​កាក​អំពៅ​កាកដូង ទៅជា​សា​ធាតុ​សរីរាង្គ សម្រាប់​យកទៅ​ប្រើ​ជួយ​លើកកម្ពស់​ដី​ដាំ​ដំណាំ​បន្លែ​ផ្លែឈើ​។​


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក យ៉ង សាំង​កុមារ ដូចតទៅ​នេះ​៖
 


 
​លោក យ៉ង សាំង​កុមារ ឲ្យ​ដឹងថា សព្វថ្ងៃ លោក​មានការ​កែច្នៃ​កាកសំណល់ ពិសេស​គឺ​អង្កាម ទៅជា​សា​ធាតុ​សរីរាង្គ​រួចទៅហើយ តែ​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ​។ ដូចនេះ​លោក​កំពុង​សិក្សា​បង្កើត​ទៅជា​សិប្បកម្ម​ខ្នាត​មធ្យម​ឬ​ធំ​ជា​លក្ខណៈ​អាជីវកម្ម ដើម្បី​ច្នៃ​កាក​អំពៅ កាកដូង ទៅជា​សា​ធាតុ​សរីរាង្គ​ដើម្បី​លក់​ចែកចាយ​។ លោក​បញ្ជាក់ថា កាកសំណល់​ទាំងពីរ​មុខ​នេះ ត្រូវបាន​លោក​សាកល្បង​រួចហើយ​គឺ​ពិតជា​អាច​ធ្វើជា​សា​ធាតុ​សរីរាង្គ ជួយ​ដល់​ដំណាំ​។ លោក​បាន​អំពាវនាវ​រក​ដៃគូ​វិនិយោគ​លើ​គម្រោង​នេះ ដែល​ត្រូវការ​បណ្ដាក់ទុន​លើ​ទីតាំង និង​ម៉ាស៊ីន​នាំចូល​ពី​ក្រៅប្រទេស សម្រាប់​បង្កើត​សិប្ប​កម្មនេះ​ឡើង​។ 
 
​ការច្នៃ​កាក​អំពៅ និង​កាកដូង​នេះ នឹង​ផលិត​បានជា​សា​ធាតុ​សរីរាង្គ​៣​មុខ ដែល​ទី​១​គឺ​កិន​ឲ្យ​ហ្មត់​យកទៅ​ក្រាល​លើដី​ដំណាំ ទី​២​យកទៅ​លាយ​ជាមួយ​កាកសំណល់​ផ្សេងៗ​ធ្វើជា​ជី​កំ​ប៉ុ​ស្ត និង​ទី​៣​គឺ​ផលិត​ជា​ធ្យូង​ជីវៈ​។ លោក យ៉ង សាំង​កុមារ អះអាងថា ជារួម សា​ធាតុ​សរីរាង្គ​ទាំងនេះ​ត្រូវបាន​ប្រើ​សម្រាប់​ធ្វើជា​គម្រប​ដី​ដើម្បី​ឲ្យ​ដី​រក្សា​ភាព​សំណើម និង​យកទៅ​លាយ​បញ្ចូល​ក្នុង​ដី​នោះ​ដើម្បី​ឲ្យ​ដី​ផុស និង​មាន​ជីវជាតិ ពោលគឺ​សំដៅ​កែប្រែ​លក្ខខណ្ឌ​ដី​ឲ្យ​បានល្អ​មាន​ជីវជាតិ​មាន​សំណើម ផ្ដល់​ទិន្នផល​ដំណាំ​ខ្ពស់​។ 
 
​ស្ថាបនិក​អង្គការ​សេ​ដាក​រូបនេះ មានប្រសាសន៍ថា ក្រៅពី​ជួយ​ដល់​ដី​ដាំ​ដំណាំ សិប្បកម្ម​នេះ​ក៏​នឹង​ជួយ​កាត់បន្ថយ​ការ​សំរាម​នៅ​ទីក្រុង​ផងដែរ តាមរយៈ​ការប្រមូល​កាកដូង កាក​អំពៅ និង​សំណល់​ផ្លែឈើ​ផ្សេងៗ​ទៀត យកមក​កែច្នៃ​។ លោក​ប្រាប់ថា បើ​សិប្បកម្ម​ដែ​លោក​គ្រោង​បង្កើតឡើង​នេះ ត្រូវការ​កាក​អំពៅ និង​ដូង ប្រមាណ​៤០​តោន​ក្នុង​មួយថ្ងៃ យកមក​កែច្នៃ​ផលិត​។​
 
​ជាមួយគ្នានេះ បណ្ឌិត​កសិកម្ម​រូបនេះ ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ យក​សំណល់​សរីរាង្គ ដូចជា​កាកដូង កាក​អំពៅ​ជាដើម មក​គ្រប​ដី​ដាំ​ដំណាំ​របស់ខ្លួន​ដែល​ហុច​ផល​ល្អ​ដល់​ដី​នោះ ជាជាង​ចោល​កាកសំណល់​ទាំងនោះ​គ្មាន​ប្រយោជន៍​៕

Tag:
 យ៉ង សាំង​កុមារ​
  សរីរាង្គ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com