ជាតិ
រោង​ម៉ា​ស៊ិន​កិនស្រូវ ១៨​ទៀត ត្រូវបាន​ក្រសួងកសិកម្ម និង​ចិន អនុញ្ញាតឱ្យ​នាំ​អង្ករ​ចេញទៅ​ចិន​
20, Dec 2019 , 8:29 am        
រូបភាព
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ភាគី​ចិន បានអនុញ្ញាត​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​១៨ បន្ថែមទៀត នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន ដើម្បី​បង្កើន​លទ្ធភាព និង​ឱកាស​ពង្រីក​ទីផ្សារ​។ រោង​ម៉ាស៊ីន​ទាំង​១៨​នេះ ត្រូវបាន​ប្រកាស​ដោយ​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​១៩ ធ្នូ​។​


 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន ប្រាប់​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ ដែល​ទទួលបាន​ការអនុញ្ញាត​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន​នេះ ស្រូវ​ត្រូវ​លើកកម្ពស់​សមត្ថភាព​កែច្នៃ ធ្វើយ៉ាងណា​ធានាបាន​គុណភាព និង​ស្តង់ដារ​តម្រូវ​នៃ​ទីផ្សារ​នាំចេញ ពិសេស​បទដ្ឋាន SPS​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​នេះ រដ្ឋមន្ត្រី​កសិកម្ម បាន​និយាយ​ដូច្នេះ​ថា​៖«​អ្នក​ផលិត​ក៏ត្រូវ​ក្លាយខ្លួន​ចេញពី “​កសិករ​” ទៅជា “​ក​សិ​-​ពាណិជ្ជករ​” ដើម្បី​ទទួលបាន​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ សមស្រប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ដែល​នាំ​ដល់​ការបង្កើន​សមត្ថភាព​ផលិត តម្លៃបន្ថែម ធានា​បរិមាណ គុណភាព និង​ស្តង់ដារ​ទីផ្សារ​នាំចេញ​»​។​
 
​ជាមួយគ្នានេះ​លោក វេ​ង សាខុន ក៏​ជំ​រុញឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម និង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ពិនិត្យឡើងវិញ​នៅ​ប្រភេទ​ពូជស្រូវ ដែលមាន​តម្រូវការ​ទីផ្សារ និង​ដាក់​ទិសដៅ​ជំរុញ​ការផលិត​ពូជ​ទាំងនោះ ជាពិសេស​ត្រូវ​កំណត់​ឈ្មោះ​សមស្រប ដោយ​មិនត្រូវ​បង្កើត​ឈ្មោះ​ច្រើន ដែលនាំឱ្យ​មានការ​ភ័ន្តច្រឡំ​ប្រភេទ​ពូជ​ឡើយ​។​
 
«​យើង​អាចឈាន​មកដល់​ចំណុច​នេះ​គឺ​បានមកពី​កិច្ចសហការ​យ៉ាង​ជិតស្និទ របស់​អគ្គ​រដ្ឋបាល​គ​យ​ចិន និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​បង្កលក្ខណ​:​ល្អប្រសើរ ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ផលិតផល​អង្ករ​កម្ពុជា​អាច​នឹង​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​គ្រប់​តាម​កូតា ៤០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​ស្របតាម​សុ​ឆន្ទ​:​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​»​។​នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​កសិកម្ម ដែល​រំពឹងថា ភាគី​ចិន​នឹង​បន្ត​ព​ន្លឿ​ន​ការចរចា​នូវ​ប្រភេទ​មុខ​ដំណាំ​ដទៃទៀត ដែល​កំពុងមាន​សក្តានុពល​នាំចេញ ដើម្បី​ធានា​ដល់ទី​ផ្សារ​នៃ​ការផលិត និង​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​
 
​ជាការ​ឆ្លើយតប​លោក Wu Guoquan តំណាង​ស្ថានទូត​ចិន បាន​សង្កត់ធ្ងន់ថា ទីផ្សារ​ចិន​មាន​សក្តានុពល​សម្រាប់​ក​សិ​ផល​កម្ពុជា ដោយ​មិនមែន​តែ​អង្ករ​នោះទេ ប៉ុន្តែ​ដំឡូង​មី ម្រេច ស្វាយ ស្វាយចន្ទី ត្រី កៅស៊ូ ដូង និង​កសិផល​ផ្សេងៗ​ទៀត ក៏​ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​កសិករ​កម្ពុ​ជានា​ពេលអនាគត​ដែរ​។ «​រដ្ឋាភិបាល​ទាំងពីរ​បានដាក់​ចេញ​គឺ​ការពង្រឹង និង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហការគ្នា​គ្រប់​កាល​:​ទេស​:​តាមរយ​:​ការពង្រឹង និង​ពង្រីក​វិស័យ​កសិកម្ម និង​សេដ្ឋកិច្ច​»​។ នេះ​បើតាម​តំណាង​ចិន​រូបនេះ​។​
​បច្ចុប្បន្ន​កម្ពុជា មាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ៤៤ ហើយ ដែលមាន​លទ្ធភាព​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ចិន​៕

Tag:
 វេ​ង សាខុន​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com