ជាតិ
កាណាដា សន្យា​បន្ត​តាមដាន​ករណី​លោក កឹម សុខា​
20, Dec 2019 , 11:03 am        
រូបភាព
រូបពីហ្វេសប៊ុកលោក មុត ចន្ធា មនុស្សជំនិតលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក មុត ចន្ធា មនុស្សជំនិតលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ កាណាដា នឹង​បន្ត​តាមដាន​ករណី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈានដល់​ការបើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃទី​១៥ មករា ឆ្នាំ​២០២០​ខាងមុខ​។ លោកស្រី Allison Stewart ភារធារី​នៃ​ស្ថានទូត​កាណាដា​ប្រចាំ​កម្ពុជា បាន​ថ្លែង​បែបនេះ ក្នុងជំនួប​សួរសុខទុក្ខ​លោក​ប្រធាន កឹម សុខា នៅ​គេ​ដ្ឋា​ន​របស់លោក កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩​។​


 
​លោក មុត ចន្ថា មនុស្ស​ជំនិត​លោក កឹម សុខា បាន​ស្រង់​សម្តី​របស់​លោកស្រី Allison ថា កាណាដា នឹង​បន្ត​ជួយ និង​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ ,​ការលើកកម្ពស់ និង​គោរព​សិទ្ធិមនុស្ស រួមទាំង​សេរី​ភាពជា​មូលដ្ឋាន​នៅ​កម្ពុជា​។ 
 
​ចំពោះ​ករណី​លោក កឹម សុខា វិញ លោកស្រី​ភារធារី​រូបនេះ បាន​និយាយថា កាណាដា​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​រឿងក្តី​លោក កឹម សុខា ។​ជាពិសេស​ការបើក​សវនាកា​រ​ជំនុំជម្រះ​ខាងមុខនេះ​។ នេះ​បើតាម​លោក មុត ចន្ថា ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។​
 
«​អរគុណ​ចំពោះ​រដ្ឋាភិបាល​កាណាដា ដែល​បាន​ជួយ​និង​គាំទ្រ​ដល់​កិច្ចការ​(​រឿងក្តី​)​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា ដែល​បាន​បន្ថែមថា លោក​តែងតែ​ស្វាគមន៍ នូវ​ការពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នានា ដើម្បី​ការពារ និង​បម្រើ​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​។​
 
​សំណុំរឿង​របស់លោក កឹម សុខា តុលាការ​រាជធានី​ភ្នំពេញ កំណត់​បើកសវនាការ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ក្រោយពី​ឆ្លងកាត់​ការ​ស៊ើបសួរ​អស់​រយៈពេល​២​ឆ្នាំ​រួចមក​។ ឯកអគ្គ​រាជ /​រដ្ឋទូត ដែល​បាន​ជួប​សួរ​សុខ​ទុក​លោក កឹម សុខា កន្លងមក រួមមាន​ទូត​អាមេរិក និង​នូ​វែ​ល​សេ​ឡង់​ជាដើម សុទ្ធតែ​អះអាងថា ខ្លួន​នឹង​បន្ត​តាមដាន​សវនាការ​ជំនុំជម្រះ​ក្តី​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​៕

Tag:
 កឹម សុខា​
  មុត ចន្ថា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com