ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ នឹង​ជួយ​ពង្រឹង​អធិបតេយ្យភាព និង​ឯករាជ្យ​សេដ្ឋកិច្ចជាតិ​
20, Dec 2019 , 2:04 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ដើម្បី​ពង្រឹង​អធិបតេយ្យភាព និង​ឯករាជ្យ​សេដ្ឋកិច្ចកម្ពុជា​នោះ លុះត្រាតែ​ធ្វើ​ពិពិធ​កម្ម និង​ពង្រីក​បាន​ទីផ្សារ​នាំចេញ​លក្ខណៈ​អចិន្ត្រយ៍ ។ នេះ​ជាការ​លើកឡើង​របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

 
​ប៉ុន្តែ​ការពង្រឹង​អធិបតេយ្យភាព តាម​វិស័យសេដ្ឋកិច្ច​នេះ ទាល់តែ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​។ ក្នុងន័យនេះ​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក ប៉ាន់ សូរ​សក្តិ ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន និង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រដ្ឋាភិបាល​។ ជាពិសេស​ការធ្វើ​សេរីភាវូបនីយកម្ម និង​សមាហរណកម្ម​ក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​ការបន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ព​ន្លឿ​ន​ការចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នៅក្នុង​ឆ្នាំ​២០២០​ជាដើម​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ស្រង់​សម្តី​លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច អូន ព័ន្ធ​មុនី ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០២០ កាលពី​ថ្ងៃទី​១៩ ខែធ្នូ យ៉ាង​ដូច្នេះ​ថា​៖« សារៈសំខាន់​នៃ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា ដែល​នឹង​រួមចំណែក​សំខាន់​ដល់​ការពង្រឹង​អធិបតេយ្យភាព​ជាតិ និង​ឯករាជ្យភាព​នៃ​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ (​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​) និង​ឆ្នាំ​២០៥០ (​ប្រទេស​ចំណូល​ខ្ពស់​)»​។​
 
​ដើម្បី​សម្រេចបាន​ផែនការ​ខាងលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ប្រាប់​ឱ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម កំណត់​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នោះ រួមមាន​៖ ការកែទម្រង់​ផ្ទៃក្នុង និង​បន្ត​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ចូលក្នុង​តំបន់ និង​ពិភពលោក​, កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​គុណភាព​សេវាសាធារណៈ , ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម ជំនា​ន់ទី​៤ និង​ការរក្សាបាន​នូវ​សន្តិសុខ​ស្បៀងអាហារ ,​ស្ថិរភាព​ថ្លៃទំនិញ និង​សេវាកម្ម ដើម្បី​គាំទ្រ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​
​ជាមួយគ្នានេះ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា និង​ពង្រីក​ទីផ្សារ​នាំយក​សមិទ្ធផល​ថ្មីៗ​លើ​វិស័យ​ពាណិជ្ជកម្ម សម្រាប់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២០​។ ជាពិសេស​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ឱកាស​ការងារ សំដៅ​ជំរុញ​ការអភិវឌ្ឍ និង​បែងចែក​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​សមធម៌​។​
 
«​ក្រសួងពាណិជ្ជកម្ម បាន​នឹង​កំពុង​ពង្រីក​ទីផ្សារ​ថ្មីៗ​ទៅកាន់​បណ្តា​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ខាងកើត និង​ទីផ្សារ​ដែល​នៅមាន​សក្តានុពល​នាំចេញ ដូចជា​ចិន ជប៉ុន និង​កូរ៉េ តាមរយៈ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សរីរ​វាង ១៦​ប្រទេស ដែល​ហៅ​កាត់​ថា RCEP ដើម្បី​ឈានទៅ​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​»​។ នេះ​ជាការ​អះអាង​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​។​
 
​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ ក្រសួងពាណិជ្ជកម្ម បាន​ចរចា​បើក​ច្រក​ទីផ្សារ​ពាណិជ្ជកម្ម ,​ការពង្រឹង​សមត្ថភាព​ផលិត​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ ,​ការធ្វើកំណែទម្រង់​សេវាសាធារណៈ ,​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​នៅក្រោម​វិស័យ​ពាណិជ្ជកម្ម ,​ការលើកកម្ពស់​កិច្ចការពារ​អ្នកប្រើប្រាស់ និង​សុខមាលភាព​ប្រជាជន​, ការរក្សាបាន​សន្តិសុខ​ស្បៀង និង​ហិរញ្ញវត្ថុ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការរក្សា​កំណើន និង​ការអនុវត្ត​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល​។​
 
​នៅ​ឆ្នាំ​២០១៩​នេះ ក្រសួងពាណិជ្ជកម្ម បាន​កៀរគរ​ចំណូល​ចូល​ថវិកាជាតិ ប្រមាណ​ជាង ១០៨​ពាន់​លាន​រៀល តាមរយៈ​ការអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុងការ​គ្រប់គ្រង​លើ​ចំណូល​-​ចំណាយ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​ជាដើម​៕

Tag:
 អូន ព័ន្ធមុនីរ័ត្ន​
  សេដ្ឋកិច្ច​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com