ជាតិ
កសិករ​ខេត្តពោធិ៍សាត់​ជំពាក់​បំណុល​ច្រើន​ពេល​ខ្សត់​ទឹកភ្លៀង​
20, Dec 2019 , 7:59 pm        
រូបភាព
កសិករដាក់គោយន្តក្នុងប្រឡាយទឹកជាម៉ាស៊ីន ដើម្បីបូមទឹកដាក់ស្រែរបស់ពួកគេក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)
កសិករដាក់គោយន្តក្នុងប្រឡាយទឹកជាម៉ាស៊ីន ដើម្បីបូមទឹកដាក់ស្រែរបស់ពួកគេក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)
ដោយ: VOA
​ឃុំ​ត្រពាំង​ជង ខេត្តពោធិ៍សាត់ ៖ ប្រជាកសិករ​នៅទីនេះ ចាប់ផ្តើម​ចេញមក​បូម​ទឹក​ពី​ប្រឡាយ​មេ​មួយ​ដែល​ត្រូវបាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ដែលមាន​ប្រវែង​២០​គីឡូម៉ែត្រ​។ អ្នកខ្លះ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក ហើយ​អ្នក​ខ្លះទៀត ប្រើប្រាស់​គោយន្ត​ជា​ម៉ាស៊ីន ដើម្បី​ជំនួយ​ដល់​ការបូមទឹក​។​

 
​គោយន្ត​រាប់រយ​ដែល​កសិករ​ប្រើប្រាស់​ដើម្បី​ធ្វើដំណើរ​និង​ដឹក​កសិផល ត្រូវបាន​ទម្លាក់​ចូលក្នុង​ប្រឡាយទឹក​ទាំង​លំបាក ដើម្បី​បូមទឹក ដាក់​ស្រែ​របស់​ពួកគេ​ដែល​នៅ​ដាច់​ឆ្ងាយ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ទៀត​។​
 
​កំពុង​រៀបចំ​ទុយោ​បូមទឹក​ពី​ប្រឡាយ​សង់​ដោយ​ក្រុមហ៊ុន Guangdong Foreign Construction Co., Ltd. លោក ណុប គឹម​ឡុង អាយុ​៤៤​ឆ្នាំ ជា​កសិករ​ម្នាក់​ក្នុង​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​បាន​មានប្រសាសន៍ថា លោក​ធ្វើស្រែ​ជាង​១៦​ហិកតា ដោយ​ក្នុងនោះ​ជួល​ដី​គេ​ចំនួន​៨​ហិកតា​។​
 
​ក្នុង​សម្លៀកបំពាក់​ប្រឡាក់​ដោយ​ភក់ លោក គឹម​ឡុង បាន​ចំណាយពេល​ប្រហែល​២០​ថ្ងៃ​ហើយ ដើម្បី​បូមទឹក តែ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ស្រែ​របស់លោក​នៅឡើយ​ទេ​។ លោក​បាន​ចំណាយ​ថវិកា​ប្រហែល​២​ទៅ​៣​លាន​រៀល (​ឬ​ប្រហែលជា​៥០០​ទៅ​៧៥០​ដុល្លារ​អាមេរិក​) រួចទៅហើយ ដើម្បី​បូមទឹក​ចេញពី​ប្រឡាយ​នេះ​។​


លោក ណុប គឹមឡុង អាយុ៤៤ឆ្នាំ ជាកសិករម្នាក់ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រសាសន៍ថាឆ្នាំនេះ មេឃមិនមានភ្លៀង ដែលធ្វើឲ្យស្រែរបស់លោកខ្វះទឹកសម្រាប់ប្រើប្រាស់។ (ស៊ុន ណារិន/VOA Khmer) 

​ជា​ឪពុក​មានកូន​បីនាក់​ក្នុងបន្ទុក លោក គឹម​ឡុង​បាន​ប្រាប់ VOA ថា​៖
 
«​ដឹង​តែ​ខាតបង់​ហើយ​។ អត់​ចំណេញ​បណ្តោយ​។ ឲ្យ​តែ​បាន​រួចខ្លួន និង​បាន​ពូជ​មកវិញ​បាន​ហើយ​។ ប៉ុន្តែ​៦​ហិកតា​កន្លះ ចោល​បាត់​ហើយ​។ ស្រោចស្រង់​អត់​បាន អត់​ទឹក​ទៅដល់​សោះ​»​។ លោក​បន្តថា​៖ «​ប៉ះពាល់​យ៉ាង​ធ្ងន់​តែម្តង​។ បើសិនជា​មានទឹក​មក​ឆាប់ៗ នៅ​អាច​សង្គ្រោះបាន​។ សំខាន់​បើ​អត់​ទឹក​អញ្ចឹង ប្រហែលជា​ខាតបង់​ច្រើន​ហើយ​ខ្ញុំ​នោះ​»​។​


អ្នកស្រី វិត ចាន់ធូ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិបឹងប្រីយ៍ ឃុំត្រពាំងជង មានប្រសាសន៍ថាស្រែរបស់អ្នកស្រី៣ហិកតា កំពុងរងផលប៉ះពាល់ ដោយសារកង្វះទឹក។ (ស៊ុន ណារិន/VOA Khmer)
 
​ឈរ​នៅក្បែរនោះ កសិករ​ម្នាក់ទៀត គឺ​អ្នកស្រី វិត ចាន់ធូ អាយុ​៤០​ឆ្នាំ រស់នៅក្នុង​ភូមិ​បឹង​ប្រី​យ៍ ឃុំ​ត្រពាំង​ជង កំពុង​ជួយ​ស្វាមី​ក្នុងការ​បូមទឹក​ដាក់​ស្រែ​ទំហំ​៣​ហិកតា​។ ប៉ុន្តែ​វា​ត្រូវការ​បូម​ច្រើនដង ទម្រាំ​ទៅដល់​ស្រែ​របស់​អ្នកស្រី​។​
 
​កសិករ​ធ្វើស្រែ​ដែលមាន​កូន​៤​នាក់​រូបនេះ បាន​មានប្រសាសន៍ថា ដីស្រែ​របស់​អ្នកស្រី កំពុង​រង​ផលប៉ះពាល់ ដោយសារ​កង្វះ​ទឹក​។ អ្នកស្រី​បាន​ចំណាយ​ប្រា​ក់ជាង​៧០​ម៉ឺន​រៀល (​ឬ​ប្រហែលជា​១៧៥​ដុល្លារ​អាមេរិក​) រួចមកហើយ ដើម្បី​ទិញ​ប្រេង​បូមទឹក​ដាក់​ស្រែ ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​ឆ្នាំមុន​មាន​ភ្លៀង​មានអី ឆ្នាំនេះ អត់​អា​លីង​។ បូមទឹក​បួន​ដង​ហើយ ស្រូវ​មិនទាន់បាន​ច្រូត​ផង​។ មានតែ​ខាត​ពេញទំហឹង​ហើយ ប៉ុន្តែ​ជ្រុល​ធ្វើ​ហើយ តស៊ូ​ក្រែង​បានមក​ខ្លះ​វិញ​»​។​
 
​គ្រោះ​ខ្វះ​ទឹកជា​ផ្នែក​មួយ​នៃ​បន្ទុក​ជាច្រើន​ផ្សេងទៀត​របស់​អ្នកស្រី​ចាន់ធូ​។ អ្នកស្រី​ជំពាក់​បំណុល​គេ​ចំនួន​៦​លាន​រៀល (​ឬ​ប្រហែលជា​១,៥០០​ដុល្លារ​អាមេរិក​) រួចទៅហើយ ហើយ​អ្នកស្រី​នឹង​ខ្ចី​គេ​ចំនួន​២​លាន​រៀល​ទៀត (​ឬ​ប្រហែលជា​៥០០​ដុល្លារ​អាមេរិក​)​នៅពេល​ឆាប់ៗ​ខាងមុខ ដោយ​ក្នុង​មួយ​លាន​រៀល អ្នកស្រី​ត្រូវ​បង់​ការប្រាក់​ចំនួន​៣​ម៉ឺន​រៀល ក្នុង​មួយខែ​។​
 
​នៅតាម​បណ្តោយ​ប្រឡាយ ក្រៅពី​កសិករ​ដែល​កំពុង​បូមទឹក កសិករ​រាប់សិប​នាក់​ទៀត សម្រាក​ចាំមើល​ថា​តើ​នឹង​មានការ​បង្ហូរទឹក​ទៅ​តំបន់​ខាងក្រោមៗ ដែល​ពួកគេ​ត្អូញត្អែរ​យ៉ាងខ្លាំង​ថា​បង្ក​ឲ្យ​មានការ​ខ្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ​។​
 
​លោក ដួង សា​វី មេភូមិ​ឧកញ៉ា​មាន់ ឃុំ​អូរ​តា​ប៉ោង ខេត្តពោធិ៍សាត់ និង​កសិករ​រាប់សិប​នាក់​ទៀត បាន​កំពុង​រង់ចាំ​សាកសួរ​ព័ត៌មាន​អំពី​ការ​បើកទឹក ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​នៅ​ឆ្ងាយៗ អាច​ទទួលបាន​ទឹក​បង្ហូរ​ចូល​ដីស្រែ​របស់​ពួកគាត់​។ លោក​មានប្រសាសន៍ថា​ស្រែ​របស់លោក​ចំនួន​៤​ហិកតា កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។​
 
​លោក​និយាយថា​៖ «​អា​ខ្លះ​ទើបតែ​បាន​មួយខែ អា​ខ្លះ​ទើបតែ​កន្លះ​ខែ​ហ្នឹង ឥឡូវ​កំពុងតែ​អត់​ទឹក ស្វិត​អស់រលីង​»​។ លោក​បន្ថែមថា​៖ «​ខ្ញុំ​ថា​ប្រជាពលរដ្ឋ​ឆ្នាំនេះ​ចំណាកស្រុក​ច្រើន​(​ទាំង​ក្នុង​និង​ក្រៅប្រទេស​)​។ បើ​អត់​បាន​ទឹក​ទៅ​ស្រោចស្រប់​ស្រែ​ទេ​។ ទៅធ្វើ​កម្លាំង​ពលកម្ម​ស៊ីឈ្នួល​គេ ទៅធ្វើ​សំណង់ ដក​ដំឡូង ដាំពោត​អីចឹង​ទៅ​»​។​
 
​កាលពី​ថ្ងៃទី​១១ ខែធ្នូ​ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសថា​ប្រទេស​កម្ពុជា ប្រឈម​នឹង​ការខ្វះ​ទឹក​សម្រាប់ធ្វើ​ស្រែចម្ការ​។ លោក​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ធ្វើ​ស្រូវប្រាំង​តែម្តង​បាន​ហើយ​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖ «​កង្វល់​ពិតប្រាកដ​របស់​យើង ខ្វះ​ទឹក សូម​ឲ្យ​ប្រជាពលរដ្ឋ កុំ​ធ្វើស្រែ​ស្រូវប្រាំង​ពីរដង​។ ធ្វើ​ម្តង​ច្រូតកាត់​ហើយ អាចធ្វើ​ដាំ​ណាំ​អី​ផ្សេង​វិញ​»​។​
 
​ជំទប់​ទី​១​នៃ​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ លោកស្រី ពេជ្រ ស្រី​សុផល បាន​ប្រាប់ VOA នៅ​សាលាឃុំ​ថា ដីស្រែ​ជាង​២.៦០០​ហិកតា គឺ​ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​ដីស្រែ​សរុប​នៅក្នុង​ឃុំ កំពុង​រង​ផលប៉ះពាល់​។ លោកស្រី​បាន​បន្តថា​កង្វះ​ទឹក​នេះ គឺ​ដោយសារ​មេឃ​មិន​បង្អុរ​ភ្លៀង​ខ្លាំង និង​មួយវិញទៀត ប្រឡាយ​កំពុងស្ថិត​ក្នុងការ​ជុស​ជួល ដែល​នាំ​ឲ្យ​មានការ​បិទ​ទឹក​នៅ​តំបន់​ខ្លះ​។​
 
​ជំទប់​ឃុំ​រូបនេះ បាន​បញ្ជាក់ថា​កន្លងទៅ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​បន្តិចបន្តួច​បាន​ហើយ ដោយសារ​កង្វះ​ទឹក ប៉ុន្តែ​ប្រជាពលរដ្ឋ​ប្រកែក​។​
 
​លោកស្រី​និយាយថា​៖ «​គាត់​ធ្វើតាម​គេ​។ គាត់​មិន​ជឿថា​(​អត់​ទឹក​)​។ ដល់​ពេលណា​គាត់​ធ្វើស្រែ យើង​ត្រូវ​រក​ទឹក​ឲ្យ​គាត់​។ ហើយ​យើង​ទៅរក​ទឹក​ពី​ណា​។ ដល់ពេល​អញ្ចឹង​គាត់​ខឹង​ជាមួយ​រដ្ឋាភិបាល​។ ហើយ​មិន​ថែមទាំង​ខឹង​ជាមួយ​រដ្ឋាភិបាល មួយចំនួន​គាត់​ទម្លាក់​បន្ទុក​ទៅលើ​សន្លឹកឆ្នោត​។ វា​ចេះតែ​មានមតិ​មក​អញ្ចឹង​ថាបើ​អត់​បើកទឹក​ឲ្យ​អញ អញ​អត់​បោះឆ្នោត​(​ឲ្យ​)​។ ទៅយក​ទឹក​ពី​ណា បើ​ទឹក​មានតែ​ប៉ុណ្ណឹង​»​។​
 
​ទោះយ៉ាងណា លោកស្រី ពេជ្រ ស្រី​សុផល បាន​ទទួលស្គាល់ថា ការខាតបង់​ផល​ស្រូវ​នេះ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​របស់​កសិករ ដែល​អាច​ធ្លាក់ខ្លួន​ក្រពី​មួយឆ្នាំ ទៅ​បី​ឆ្នាំ​។​
 
​លោកស្រី​បញ្ជាក់ថា​៖ «​បើ​អត់​បាន​ស្រូវ​មួយឆ្នាំ គាត់​អាច​ក្រ បី​ឆ្នាំ​។ មិនមែន​អត់​ឆ្នាំ​ហ្នឹង គាត់​អាច​ក្រ​តែ​ឆ្នាំ​ហ្នឹង​ទេ​»​។​
 
​លោក យ៉ង់ សាំង​កុមារ អ្នកជំនាញ​កសិកម្ម ដែលមាន​បទពិសោធន៍​ធ្វើ​ការងារ​ជាមួយ​កសិករ​ច្រើន​ឆ្នាំ​មកហើយ កត់សម្គាល់ថា កម្ពុ​ជាមាន​សក្តានុពល​ទឹក​ខ្ពស់ គឺ​សម្បូរ​បឹង ទន្លេ តែ​ការគ្រប់គ្រង​ទឹក មិនទាន់​បានល្អ​នៅឡើយ​។​
 
​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់ CDAC លោក សាំង​កុមារ ដែល​ឥឡូវនេះ ជា​ប្រធាន​គណៈកម្មការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បន្ថែមថា ថវិកាជាតិ ត្រូវ​ទម្លាក់​ទៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឲ្យ​ពួកគេ​មាន​ធនធាន​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ​ទាំងអស់នេះ​។​
 
​លោក​បាន​ថ្លែងថា​៖ «​ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ទឹកបាន​ហ្នឹង ទាល់​ឲ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ហ្នឹង ថ្នាក់ឃុំ​ថ្នាក់ស្រុក​ហ្នឹង ឲ្យ​មាន​សិទ្ធិ មានអំណាច ធនធាន​គ្រប់គ្រាន់​»​។​
 
​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​មានប្រសាសន៍ថា ផ្ទៃដី​ជាង​៤​ពាន់​ហិកតា​នៅក្នុង​ខេត្តពោធិ៍សាត់ បាន​រង​ផលប៉ះពាល់​ដោយសារ​កង្វះ​ទឹក ប៉ុន្តែ​ត្រូវបាន​ជួយសង្គ្រោះ​ជិត​២​ពាន់​ហិកតា​រួចមកហើយ មកដល់ពេលនេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ទឹក​យើង​មាន​គ្រប់គ្រាន់ អត់​អី​ទេ​។ គ្រាន់តែ​ទាមទារ​ពេលវេលា​បន្តិច​ហើយ​។ យើង​កំពុងតែ​ទម្លាក់​ទៅហើយ អាច​មួយថ្ងៃ​ពីរ​ទៀត​ហ្នឹង ទៅដល់​ហើយ​»​។​
 
​លោក​បន្តថា​អាជ្ញាធរ​កំពុង​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​ក្នុង​ខេត្ត​ចំនួន​១៣ លើ​ផ្ទៃដី​ប្រហែល​៤​ម៉ឺន​៥​ពាន់​ហិកតា ហើយ​ក្នុងនោះ​ប្រហែល​២​ម៉ឺន​ហិកតា ត្រូវបាន​ជួយសង្គ្រោះ​រួចហើយ​។​
 
​លោក ចាន់ យុ​ត្ថា បន្ថែមថា​ប្រព័ន្ធ​ស្តុក​ទឹក​របស់​កម្ពុជា មានលទ្ធភាព​ជួយសង្គ្រោះ​ជាង​៦៨​ភាគរយ​នៃ​ផ្ទៃដី​បង្កបង្កើនផល​សរុប​នៅ​ទូទាំងប្រទេស ហើយ​រដ្ឋាភិបាល​កំពុង​ស្ថាបនា​អាងទឹក និង​ស្តារ​កន្លែង​ស្តុក​ទុក​ទឹក​ផ្សេងទៀត ដើម្បី​បំពេញតម្រូវការ​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​១០០​ភាគរយ​នៅពេល​ខាងមុខ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​និយាយ​ឲ្យ​សាមញ្ញ យើង​មិនមែន​ជប់​ណា​។ ការធ្វើ​ហ្នឹង​ទាមទារ​ពេលវេលា ទាមទារ​ថវិកា​។ ប៉ុន្តែ​យើង​បាននិងកំពុង​អនុវត្ត​ជា​បណ្តើ​រហើយ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com