អន្តរជាតិ
ខួប​២០​ឆ្នាំ​៖ លោក ស៊ី សរសើរ​ម៉ា​កាវ​ដែល​គិតគូរ​ប្រយោជន៍​ប្រទេស និង​ស្នេហា​ជាតិ
20, Dec 2019 , 3:20 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងពិធីស្បថចូលកាន់តំណែងប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ។ រូបភាព AFP
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងពិធីស្បថចូលកាន់តំណែងប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ។ រូបភាព AFP
​ថ្ងៃទី​២០ ខែធ្នូ ជា​ខួប​ទី​២០ ដែល​ព័រទុយហ្កាល់​ប្រគល់​ម៉ា​កាវ​ឲ្យ​ចិន​វិញ​។ ចិន​គ្រប់គ្រង​ម៉ា​កាវ​ក្រោម​រូបមន្ត «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដូច​ហុងកុង​ដែរ​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​និយាយ​សរសើរ​ម៉ា​កាវ​ថា ២០​ឆ្នាំ​មកនេះ ម៉ា​កាវ​បាន​រីកចម្រើន​ឆាប់រហ័ស មាន​ស្ថិរភាព និង​ពោរពេញ​ដោយ​ការ​ស្នេហា​មាតុភូមិ​។ ប៉ុន្តែ​លោក ស៊ី ក៏​ឆ្លៀត​រំឭក​ដែរ​ថា មិន​ថា​ម៉ា​កាវ ឬ​ហុងកុង គឺជា​រឿង​ផ្ទៃក្នុង​របស់​ចិន​។

 
​ទីក្រុង​ម៉ា​កាវ កំពុង​រំឭក​ខួប​ទី​២០ នៃ​ការ​ក្លាយជា​ទឹកដី​ចិន​ម្ដងទៀត បន្ទាប់ពី​ត្រូវបាន​ព័រទុយហ្កាល់​ផ្ទេរសិទ្ធិ​គ្រប់គ្រង​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​១៩៩៩ ។ ចិន ក៏​អនុវត្ត​គោលនយោបាយ​ប្រទេសមួយ​ប្រព័ន្ធ​ដើម្បី​គ្រប់គ្រង​ម៉ា​កាវ​។ ម៉ា​កាវ ក៏​ក្លាយជា​តំបន់​រដ្ឋបាល​ពិសេស​មួយ​របស់​ចិន​ដែលមាន​ស្វ័យភាព​កម្រិត​ខ្ពស់​ផ្នែក​រដ្ឋបាល ក៏ដូចជា​សេដ្ឋកិច្ច​ដូច​ហុងកុង​ដែរ ប៉ុន្តែ​នៅ​ហុងកុង​វិញ កំពុង​រំជើបរំជួល​ដោយសារ​បាតុកម្ម​ជាង​៦​ខែ​មកហើយ​។ 
 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង សាទរ​ម៉ា​កាវ​ចំពោះ​ស្ថិរភាព​របស់ខ្លួន​។ ដូរ​ពី​ការប្រើ​ពាក្យ​ខ្លាំងៗ និង​ដាច់​ណាត់​ដាក់​ហុងកុង​ជាទី​ដែល​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​រាប់​ម៉ឺ​នាក់​អុកឡុក​រាល់​សប្ដាហ៍​តាំងពី​ខែមិថុនា​មក លោក ស៊ី បាន​និយាយ​សរសើរ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​ដែល​អនុវត្ត​ជោគជ័យ​គោលនយោបាយ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ និង​បាន​អរគុណ​ប្រជាជន​ម៉ា​កាវ​ដែលមាន​គំនិត​ស្នេហា​ជាតិ និង​ក្ដីបារម្ភ​ពី​ប្រយោជន៍​ជាតិ​។​
 
​ថ្លែង​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធាន​ប្រតិបត្តិ​ម៉ា​កាវ​ថ្មី​ដែល​ធ្វើឡើង​នៅ​ចំ​ថ្ងៃ​ខួប​ទី​២០​ឆ្នាំនេះ លោក ស៊ី បញ្ជាក់ថា​៖ «​សេចក្ដីស្នេហា​ជាតិ​របស់​ម៉ា​កាវ ជា​មូលហេតុ​សំខាន់​នៃ​ជោគជ័យ​របស់​រូបមន្ត​ដឹកនាំ​តាម​ប្រទេសមួយ​ប្រទេស​ពីរ​។ ជោគជ័យ​នេះ ក៏​ប្រាប់​យើង​ដែរ​ថា ការអនុវត្ត​គោលការណ៍​នេះ [​ប្រទេសមួយ ប្រព័ន្ធ​ពីរ​] អាច​បន្ត​ទៅមុខ​យូរអង្វែង​បាន នៅពេល​យើង​ធានាថា វា​មិន​ត្រូវបាន​បំភ្លៃ​ប៉ុណ្ណោះ​»​។ 
 
​ប្រធានាធិបតី​ចិន បានបញ្ចប់​សុន្ទរកថា​របស់ខ្លួន​ជាមួយនឹង​សារ​ទាក់ទង​ពី​អធិបតេយ្យ​របស់​ចិន​លើទឹក​ដី​ម៉ា​កាវ និង​ហុងកុង​។ ត្រង់ចំណុច​នេះ លោក​អះអាងថា បន្ទាប់ពី​ម៉ា​កាវ និង​ហុងកុង ត្រូវបាន​ប្រគល់​ឲ្យ​ចិន​វិញ កិច្ចការ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ទាំងពីរ​នេះ គឺជា​កិច្ចការ​ផ្ទៃក្នុង​ទាំងស្រុង​របស់​ចិន ហើយ​មិន​ត្រូវការ​ការចង្អុល​ណែនាំ​ណាមួយ​ពី​កម្លាំង​ខាងក្រៅ​។ បើតាម​លោក ស៊ី ឆន្ទៈ​របស់​រដ្ឋាភិបាល​ចិន និង​ប្រជាជន​ចិន នឹង​ការពារ​អធិបតេយ្យ​ជាតិ និង​សន្តិសុខ គឺ​រឹង​ដូច​ថ្ម​។​
 
​ទាំង​ម៉ា​កាវ ទាំង​ហុងកុង សុទ្ធ​តែមាន​ទទួលបាន​សិទ្ធិ​ពិសេស​ពី​រដ្ឋាភិបាល​មជ្ឈិម​ដូចគ្នា​។ ប៉ុន្តែ​ខណៈដែល​ម៉ា​កាវ​មាន​សភាព​ស្ងប់ស្ងាត់​នោះ នៅ​ហុងកុង​កំពុង​កក្រើក​ដោយ​បាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ ខណៈ​បាន​ចោទ​ប៉េកាំង​ថា ព្យាយាម​កាត់បន្ថយ​សិទ្ធិ​ស្វ័យភាព​។ ប៉េកាំង បាន​ទាត់ចោល​ការចោទប្រកាន់​នេះ ហើយ​តែង​ប្រកាសថា គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​នៅតែ​អនុវត្ត​ដដែល​។ ដោយសារ​ម៉ា​កាវ​មាន​ស្ថិរភាព ចិន​ទំនងជា​ចង់​ប្រែក្លាយ​ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​ផងដែរ​៕  

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  ម៉ា​កាវ​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com