ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលបើកឲ្យក្រុមហ៊ុនឯកជនវិនិយោគគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
× ភ្នំពេញ៖ ការសិក្សាកន្លងមករបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានចេញលទ្ធផលថាត្រូវចំណាយជាង២ពាន់លានដុល្លារសម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនចង់ចំណាយលុយដ៏ច្រើនសម្រាប់គម្រោងនេះទេ ដោយចង់ឲ្យក្រុមហ៊ុនឯកជនមកវិនិយោគតែម្ដង ដូចគ្នានឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែរ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមឯកជនមួយ ដែលទុករយៈ៨ខែ សម្រាប់សិក្សាលម្អិតលើគម្រោងនេះ មុននឹងសម្រេចចុងក្រោយថាក្រុមហ៊ុនព្រមវិនិយោគ ឬមិន។
សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថ្លែងប្រាប់អ្នកកាសែតនាឱកាសលោកចុះត្រួតពិនិត្យបញ្ហាកកស្ទះរថយន្តដឹកជញ្ជូននៅច្រកបាវិត នៅថ្ងៃទី១៩ខែធ្នូ៖
បើតាមលោក ស៊ុន ចាន់ថុល រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដែលឯកភាពគ្នាលើតំបន់តភ្ជាប់រវាងផ្លូវល្បឿនលឿនរបស់កម្ពុជា និងផ្លូវល្បឿនលឿនរបស់វៀតណាម។ លោកបន្តឲ្យដឹងដូច្នេះទៀតថា៖«នៅចន្លោះផ្លូវល្បឿនលឿន និងផ្លូវជាតិលេខ១របស់យើងនេះ គឺអាចមានទីតាំងដើម្បីបង្កើតតំបន់ត្រួតពិនិត្យថ្មីមួយទៀត អ៊ីចឹងឡានដឹកទំនិញចូលទីនោះ(ចូលពិនិត្យ)ហើយ ចង់បើកតាមផ្លូវជាតិលេខ១ក៏បាន ចង់ឡឿងទៅផ្លូវល្បឿនលឿនក៏បានដែរ»។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា បើសិនគម្រោងនេះដំណើរការ ខណៈផ្លូវល្បឿនលឿនទី១របស់កម្ពុជា ភ្នំពេញព្រះ-សីហនុ តម្លៃ២ពាន់លានដុល្លារ កំពុងដំណើការសាងសង់ និងគ្រោងបញ្ចប់នៅឆ្នាំ២០២២៕
Tag:
ស៊ុន ចាន់ថុល
ផ្លូវល្បឿនលឿន
បាវិត
© រក្សាសិទ្ធិដោយ thmeythmey.com