Mesut Ozil ត្រូវបានដកចេញពីវីដេអូហ្គេមបាល់ទាត់ Pro Evolution Soccer 2020 របស់ចិន ក្រោយខ្សែបម្រើ Arsenal រិះគន់ចិនជុំវិញការបង្ក្រាបជនជាតិភាគតិចមូស្លីមវីហ្គ័រ។ ក្នុងករណីវីហ្គ័រដដែលនេះ ក្លិប FC Cologne នៃលីគកំពូលអាល្លឺម៉ង់ បានសម្រេចលុបចោលគម្រោងបើកសាលាបាល់ទាត់ថ្នាលនៅប្រទេសចិនវិញ។
Ozil ដែលមានដើមកំណើតតួកគី និងជាអ្នកកាន់សាសនាអ៊ីស្លាមផង បានហៅជនជាតិភាគតិចវីហ្គ័រ ថាជាអ្នកចម្បាំងក្រោយពួកគេប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុងប៉េកាំង និងបានថ្កោលទោសការបង្ក្រាបរបស់ចិនទៅលើជនជាតិភាគតិចដទៃទៀត ក្នុងខេត្តស៊ីនជាំងផង។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានឆ្លើយតបទៅកាន់ Ozil ដែលរិះគន់ចិនខាងលើវិញថា ខ្សែបម្រើ Arsenal រូបនេះទទួលបានតែព័ត៌មានក្លែងក្លាយ (Fake News) ប៉ុណ្ណោះ។
លើសពីនេះទៀតនោះ ក្រុមហ៊ុន NetEase ដែលទទួលបានសិទ្ធិផ្សព្វផ្សាយហ្គេម PES ក្នុងប្រទេសចិនបានចេញសេចក្តីប្រកាស ថាអតីតខ្សែបម្រើក្រុមជម្រើសជាតិរអាល្លឺម៉ង់រូបនេះត្រូវបានដកឈ្មោះចេញពីហ្គេមបាល់ទាត់របស់ខ្លួន ដោយសារតែការរិះគន់របស់គេ។
បើទោះការរិះគន់នេះ បានធ្វើឲ្យចិនមិនសប្បាយចិត្តក្តី ប៉ុន្តែ Ozil នៅតែទទួលបានការសារទរពីសំណាក់លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ លោក ប៉ុមប៉េអូ គាំទ្រសម្តីរបស់ខ្សែបម្រើក្រុមកាំភ្លើងធំវ័យ៣១ឆ្នាំរូបនេះ ហើយថ្កោលទោសចិនសាជាថ្មីចំពោះបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ប្រទេសចិន។
ក្រៅពីនេះ ក្លិបកីឡាបាល់ទាត់ FC Cologne ឬ FC Köln ដែលមានមូលដ្ឋានក្នុងក្របខណ្ឌ Bundesliga ហាក់បង្ហាញការគាំទ្រ Ozil ផងដែរ។ Cologne កំពុងលុបចោលគម្រោងបើកសាលាបាល់ទាត់ថ្នាលរបស់ខ្លួននៅប្រទេសចិន ដែលទទួលបានតម្លៃកិច្ចព្រមព្រៀងជិត២លានដុល្លារអាមេរិក។
លោក Stefan Müller-Römer សមាជិកក្រុមប្រឹក្សាក្លិប Cologne បានប្រាប់កាសែតអាល្លឺម៉ង់ Kolner Stadt-Anzeiger ថា៖«ខ្ញុំយល់ថា អាល្លឺម៉ង់មិនអាចសម្រេចអ្វីទាំងស្រុងដោយគ្មានចិននោះទេ ហើយការផ្លាស់ប្តូររវាងប្រទេសទាំងពីររិតតែមិនអាចអត់គ្នាបាន ប៉ុន្តែយ៉ាងណាក៏ដោយយើងមិនត្រូវការចិនក្នុងវិស័យកីឡារបស់យើងទេ។ បញ្ហាសិទ្ធិមនុស្សនៅប្រទេសចិនត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង»។
លោក Müller បន្ថែមថា បញ្ហាទាំងអស់នេះហើយជាមូលហេតុដែលនាំឲ្យលោកផ្តល់យោបល់ថា Cologne មិនគួរមានសកម្មភាពកីឡានៅទីនោះឡើយ។
Cologne សព្វថ្ងៃឈរនៅចំណាត់ថ្នាក់ទី១៥ ក្នុងតារាង Bundesliga ក្បែរតំបន់ត្រូវកាត់ចោល ដោយទទួលបាន១៤ពិន្ទុ ពីការប្រកួត១៦លើករដូវកាលនេះ៕