ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​ដែល​បាន​អាន​សៀវភៅ អះអាងថា​ខ្លួន​ស្គាល់​ពិភពលោក​កាន់តែ​ទូលាយ​
21, Dec 2019 , 9:39 am        
រូបភាព
​ភ្នំពេញ​៖ យុវជន​មួយចំនួន អះអាងថា​ពួកគេ​ទទួលបាន​ចំណេះដឹង​កាន់តែច្រើន ហើយ​ស្គាល់​ពិភពលោក​កាន់តែ​ទូលាយ តាមរយៈ​ការអាន​សៀវភៅ​។ យុវជន​ទាំងនោះ​ខ្លះ​អាន​សៀវភៅ​ដើម្បី​ដោះ​ស្រាវ​បញ្ហា​ឬ​វិបត្តិ​ផ្លូវចិត្ត ខ្លះទៀត​អាន​ដើម្បី​ត្រៀមខ្លួន​ប្រឡូក​ក្នុង​ជំនួញ ហើយ​អ្នក​ខ្លះទៀត​អាន​សៀវភៅ​ដើម្បី​ពង្រីក​ចំណេះដឹង​បន្ថែម​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖

**audio2**

 
​ក្នុង​ថ្ងៃ​តាំងពិព័រណ៍​សៀវភៅ​កម្ពុជា ដែលជា​ឱកាស​បង្ហាញ​សៀវភៅ​ដ៏​សម្បូរបែប​ទៅកាន់​អ្នក​ស្នេហា​ការអាន​នោះ គេ​ឃើញ​មាន​យុវជន កុមារ និង​មនុ​ស្សវ័យ​ចំណាស់ យ៉ាងច្រើន​កុះករ បាន​ដើរ​ស្វែងរក​សៀវភៅ ដែលជា​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។​
 
​ក្នុងចំណោម​មនុស្ស​ដ៏​ច្រើន បុរស​ម្នាក់​កាន់​សៀវភៅ​៤​ក្បាល​ក្នុង​ដៃ ដោយ​មិនមាន​ច្រក​ថង់​ប្លា​ស្ទិ​ក កំពុង​ឈរ​ត្រួតពិនិត្យ​សៀវភៅ​របស់ខ្លួន ទំនង​កំពុង​គិតថា​តើ​ខ្លួន​បាន​ទិញ​សៀវភៅ​គ្រប់​ចំនួន​ហើយ​ឬក៏​នៅ​?
 
​សម្បុរ​ស្រអែម​ខ្ពស់​សង្ហា​លោក ហង់ ចិ​ត្រា ដែលមាន​វ័យ​៣០​ឆ្នាំ ទើប​តែមាន​ចំណូលចិត្ត​អាន​សៀវភៅ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ គឺ​ក្នុងអំឡុង​ពេលដែល​លោក​ឡើងមក​រៀន​នៅ​ភ្នំពេញ​។ បុរស​ដែល​មកពី​ខេត្តកំពង់ចាម​រូបនេះ អះអាងថា​សៀវភៅ​បាន​ជួយ​ត្រួសត្រាយ​ឧបសគ្គ​ឱ្យ​លោក​៖«​កាលពីមុន​ខ្ញុំ​ធ្លាប់​ជួប​រឿង​លំបាក​ច្រើន ហើយ​នៅពេល​ជួប​បញ្ហា​អ្វី​ខ្ញុំ​តែងតែ​ចុះចាញ់ និង​រាថយ​ច្រើន​។ ក្រោយមក​ខ្ញុំ​បាន​ស្វែង​យល់ឃើញថា ប្រហែលជា​ខ្ញុំ​ខ្វះ​មូលដ្ឋាន​ចេះ​ណេះ​ដឹង​។ ដូច្នេះ​ទើបបានជា​ខ្ញុំ​ព្យាយាម​យក​សៀវភៅ​ធ្វើជា​ជំនួយ​»​។


​អាន​សៀវភៅ​ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង និង​ទុកជា​ទុន​ក្នុងការ​ផ្ដល់យោបល់​ឱ្យ​អ្នកមាន​វិបត្តិ​ដទៃទៀត លោក ចិ​ត្រា ក៏​អាន​សៀវភៅ​ដើម្បី​ក្លាយខ្លួនជា​អ្នកនិពន្ធ​មួយរូប​ដែរ​៖«​ខ្ញុំ​អាន​ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​និង​ដើម្បី​ជួយ​ដល់​អ្នក​នៅ​ជុំវិញខ្លួន​។ ម្យ៉ាង​ខ្ញុំ​ក៏​អាន​ដើម្បី​ក្លាយទៅជា​អ្នកនិពន្ធ​ដែរ​»​។​
 
​ចំណែក​លោក  ឡែ​ម សីឡា ដែលជា​និស្សិត​ឆ្នាំ​ទី​៤​ជំនាញ​សំណង់​ស៊ីវិល ក៏បាន​ទិញ​សៀវភៅ​សម្រាប់​គោលដៅ​ទៅ​ថ្ងៃ​អនាគត​របស់ខ្លួន​ដែរ​។ ឆ្លងកាត់​ការអាន​សៀវភៅ​ច្រើន បុរស​ដែល​មកពី​ខេត្តកំពង់ធំ​រូបនេះ កាន់​តែមាន​មហិច្ឆតា​ធំ​ក្នុង​ជីវិត​របស់គាត់​។ ក្នុង​ដៃ​កាន់​សៀវភៅ​ប្រមាណ​ជា​១០​ក្បាល​ដែលមាន​ទាំង​របស់​មិត្ត​ផ្ញើ​ផង លោក សីឡា ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស​ដៃ​វែង បាន​ទិញ​សៀវភៅ​ស្ដីពី​របៀប​ធ្វើ​ជំនួញ​ភាគច្រើន ព្រោះតែ​គិតថា​លោក​មិនអាច​ធ្វើការ​ឱ្យគេ​មួយជីវិត​ឡើយ​៖«​ខ្ញុំ​មិនទាន់បាន​ប្រឡូក​ក្នុង​ការធ្វើ​ជំនួញ​ឡើយ ប៉ុន្តែ​ខ្ញុំ​អាន​សៀវភៅ​ដើម្បី​ស្វែងយល់​ពី​វា​ខ្លះៗ ព្រោះ​ខ្ញុំ​ជឿថា​ពេលដែល​ខ្ញុំ​ចាប់ផ្ដើម​ប្រឡូក​ភាគរយ​នៃ​ភាពជោគជ័យ​នឹងមាន​ច្រើន​»​។


 
​មាន​វិធី​ច្រើន​ដើម្បីឱ្យ​បុរស​សម្បុរ​ស្រអែម ញញឹម​មាន​ប្រជាប្រិយ សីឡា អាច​ស្វែងយល់​ពី​ការធ្វើ​ជំនួញ​បាន ប៉ុន្តែ​លោក​ជ្រើសរើស​សៀវភៅ​ជា​ជម្រើស​ដំបូង ហើយ​លោក​ពន្យល់​ដូច្នេះ​៖«​សៀវភៅ​ងាយស្រួល​ស្វែងយល់​ខ្លួនឯង អាន​បាន​ច្រើនដង​ហើយ​ចំណាយ​តិច​។ ចំណែក​សិក្ខាសាលា​ខ្លះ​មានតម្លៃ​ថ្លៃ​ខ្ញុំ​មិនមាន​លទ្ធភាព បើ​សិក្ខាសាលា​ដែល​មិន​គិតថ្លៃ​ខ្ញុំ​បែរជា​ជាប់រវល់​។ ដូច្នេះ​សៀវភៅ​ល្អ​បំផុត​សម្រាប់​ខ្ញុំ​»​។​
 
​មិន​ខុសពី​បុរស​ទាំងពីរ​ខាងលើ​ឡើយ យុវនារី គីម រិទ្ធី វ័យ​២៣​ឆ្នាំ ក៏​មក​ទិញ​សៀវភៅ​ដើម្បី​ពង្រីក​ចំណេះដឹង ឱ្យ​រស់​ក្នុងសង្គម​ប្រកបដោយ​គុណភាព​ដែរ​។ បញ្ឈប់​ការសិក្សា​ក្នុង​សាលា​ត្រឹម​ថ្នាក់​ទី​១២ រិទ្ធី មាន​ចំណូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក ព្រោះ​វា​បាន​ជួយ​ឱ្យ​នាង​ប្រើប្រាស់​ពាក្យ​ពេ​ជច​ន៍​ក្នុងសង្គម​បានល្អ​៖«​ខ្ញុំ​មក​ទិញ​សៀវភៅ​រាល់ពេល​មានការ​តាំងពិព័រណ៍​ព្រោះ​មាន​សៀវភៅ​ច្រើន​ប្រភេទ​។ ខ្ញុំ​ចូលចិត្ត​អាន​រឿង​ប្រលោមលោក ព្រោះ​វា​ផ្ដល់​ចំណេះ​ឱ្យ​ខ្ញុំ​។ គិតពី​ថ្នាក់​ទី​៩​មក ខ្ញុំ​អាន​សៀវភៅ​ប្រលោមលោក​បាន​រាប់រយ​ក្បាល​ដែរ​»​។


​ដើម្បី​ជា​ជំនួយ​ដល់​ការជ្រើសរើស​សៀវភៅ​យកមក​អាន ឱ្យ​ទទួលបាន​ប្រយោជន៍ លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ​និង​ការអាន បាន​ណែនាំ​ដូច្នេះ​៖«​យើង​ត្រូវ​មើល​ខ្លឹមសារ​គឺ​អត្ថន័យ និង​អត្ថរូប​គឺ​ឃ្លាឃ្លោង​សរសេរ​ខុស​ឬក៏​ត្រូវ ចុងក្រោយ​តម្លៃ​គឺ​អត្ថរស ថា​តើ​យើង​អាន​ហើយ​បាន​អ្វី​? យើង​មើល​ទាំង​៣​នេះ​ទើប​ដឹងថា​សៀវភៅ​នេះ​មានគុណ​តម្លៃ​កម្រិតណា​»​។​
 
​ទោះជា​យ៉ាងណា​លោក កុក រស់ ហាម​មិនឱ្យ​អ្នកអាន​មើល​តែ​ចំណងជើង​លើ​ក្របសៀវភៅ ហើយក៏​សម្រេចចិត្ត​ទិញ​នោះឡើយ តែ​ពួកគេ​ត្រូវ​ដឹង​ពី​របៀប​មើល​ខ្លឹមសារ​រួម​នៅក្នុង​សៀវភៅ​៖«​ការវាយតម្លៃ​សៀវភៅ​គឺ​មិន​មើល​តែ​ទៅលើ​ក្រប​ឡើយ គឺ​ដូចជា​ការវាយតម្លៃ​មនុស្ស​ដែរ យើង​មិនអាច​មើល​តែ​សំបក​ក្រៅ ហើយ​ដឹងថា​មនុស្ស​នោះ​មាន​ចរិត​បែបណា​នោះឡើយ​។ ការ​រើស​សៀវភៅ​យើង​ត្រូវ​មើល​លើ​ក្រប មាតិកា បើ​ទាំងពីរ​នេះ​ចាប់អារម្មណ៍​ហើយ​អាច​ទិញ​បាន​។ តែបើ​មើល​តែ​ចំណងជើង ពេល​យកមក​អាន​នឹង​ខកចិត្ត​»​។


 
​ជា​អ្នក​ពិ​ពន្ធ​សៀវភៅ ក៏​ជា​អ្នកមាន​ពិសោធន៍​អាន​សៀវភៅ​ច្រើន​ដែរ លោក កុក រស់ ឱ្យ​អ្នកអាន​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​សៀវភៅ​យកមក​អាន ដោយ​លោក​បញ្ជាក់ថា សៀវភៅ​ជា​អាវុធ​មុខ​២៖« សៀវភៅ​គឺជា​អាវុធ​មុខ​២​អាច​ល្អ​អាច​នឹង​មិនល្អ​។ បើ​អ្នក​មិន​ធ្លាប់​អាន​សៀវភៅ​ទេ គួរតែ​សួរ​រៀមច្បង ដែល​ធ្លាប់​អាន​ច្រើន ឬ​សួរ​លោកគ្រូ​អ្នកគ្រូ ថា​សៀវភៅ​ណា​មានគុណ​ប្រយោជន៍​ច្រើន​។ យើង​មិនត្រូវ​អាន​តែ​សៀវភៅ​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​យើង​ទេ តែ​យើង​ត្រូវតែ​អាន​សៀវភៅ​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់​ពុទ្ធិ​ដល់​យើង​»​។​
 
​ត្រឡប់​ទៅ​លោក ហង់ ចិ​ត្រា វិញ លោក​បាន​ប្រាប់​ពី​ភាពខុសប្លែក​គ្នា​រវាង​ពេលមុន​និង​ក្រោយ អាន​សៀវភៅ​ជា​ទៀងទាត់​៖«​អាន​សៀវភៅ​ធ្វើឱ្យ​ចិត្ត​របស់ខ្ញុំ​រឹងមាំ​ច្រើន ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​ខ្លួនឯង ហើយ​ធ្វើឱ្យ​ខ្ញុំ​ឈប់​បន្ទោស​អ្នកដទៃ​»​។


រាប់​ពី​ស្ដាំ​ រូប​ទី​១​ លោក កុក រស់
 
​ចំណែក​កញ្ញា រិទ្ធី ដែល​ជួយ​ម្ដាយ​លក់​ម្ហូបអាហារ​នៅផ្ទះ ក៏បាន​មើលឃើញ​ពី​ភាព​ខុសប្លែកគ្នា​នូវ​កម្រិត​ចំណេះដឹង​ក្នុង​ការរស់នៅ​ក្នុងសង្គម​របស់​នាង​ដែរ​៖«​ពីមុន​ខ្ញុំ​មិនសូវ​ចេះ​ប្រើពាក្យ​ក្នុងការ​ទំនាក់ទំនង​ក្នុងសង្គម​ឡើយ ហើយក៏​មិនសូវ​ចេះ​សង្កេតមើល​ពី​សង្គម​ដែរ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​អាន​សៀវភៅ ខ្ញុំ​បានដឹងថា​ពិភព​ខាងក្រៅ​ពិត​ជាធំ​ទូលាយ​»​។ 
 
​ហើយ​លោក សីឡា ក៏បាន​ចែករំលែក​ថា​៖«​ពីមុន​ឱ្យតែ​ខ្ញុំ​អាន​សៀវភៅ​គឺ​ចេះតែ​ងងុយ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​ផ្លាស់ប្ដូរ​ច្រើន ព្រោះ​ខ្ញុំ​អាន​សៀវភៅ​ធ្វើឱ្យ​គំនិត​របស់ខ្ញុំ​វិជ្ជមាន​ច្រើន​។ សៀវភៅ​ធ្វើឱ្យ​ខ្ញុំ​ស្គាល់​ពិភពលោក​កាន់តែច្រើន ចេះ​ប្រើពាក្យ​សម្រាប់​ទំនាន់​ទំនង​ក្នុងសង្គម ធ្វើឱ្យ​ខ្ញុំ​កាន់​តែមាន​ទំនុកចិត្ត កាន់តែ​ក្លាហាន កាន់តែ​ហ៊ាន​គិត​ធំ​។ ពេល​អាន​សៀវភៅ​ធ្វើឱ្យ​ខ្ញុំ​មាន​សេចក្ដីសុខ​ណាស់​»​។​
 
​ជា​បញ្ញវន្ត​មួយរូប​លោក កុក រស់ បានឱ្យ​តម្លៃ​សៀវភៅ​ដូច្នេះ​៖«​សៀវភៅ​ប្រៀបបាន​នឹង​ឱសថ​ទិព្វ​។ ពេល​យើង​អាន​សៀវភៅ​ច្រើន យើង​នឹងមាន​បណ្ឌិត​អ្នកចេះដឹង​នៅ​ជុំវិញខ្លួន​យើង​ច្រើន​។ យក​សៀវភៅ​ធ្វើជា​មិត្ត ដូច​មាន​បណ្ឌិត​ជាទី​ប្រឹក្សា​។ បើ​យើង​អាន​ច្រើន​យើង​បាន​ស្វែងយល់​ពី​គំនិត​របស់​អ្នកនិពន្ធ​ច្រើន ដូច្នេះ​នៅពេល​យើង​ធ្វើ​អ្វីមួយ យើង​អាចធ្វើ​វា​បានល្អ​ភាគច្រើន​»​។


 
​សូមបញ្ជាក់ថា ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ ដែល​រៀបចំ​នៅ​ទីតាំង​បណ្ណាល័យ​ជាតិ មាន​អ្នកចូលរួម​ប្រហែល​១៨​ម៉ឺន​នាក់ កើនឡើង​ប្រមាណ​៥​ម៉ឺន​នាក់ បើ​ធៀប​នឹង​ពិព័រណ៍​លើក​ទី​៧​។ នេះ​បើតាម​លោក កាំ​ង សេងហួរ សមាជិក​ក្រុម​ទំនាក់ទំនង​សាធារណៈ​នៃ​កម្មវិធី​ពិព័រណ៍​សៀវភៅ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​៕

Tag:
 សៀវភៅ​
 ​យុវជន​
  ពិព័រណ៍​
  ពិភពលោក​
  ការអាន​
© រក្សាសិទ្ធិដោយ thmeythmey.com