ជាតិ
ធ្វើ​ផ្លូវ​៖ លោក ស៊ុន ចាន់ថុល ថា កន្លងមក​ទុកចិត្ត​អ្នកបច្ចេកទេស​អន្តរជាតិ​ពេក​
20, Dec 2019 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផ្លូវជាតិ​មួយចំនួន​ត្រូវបាន​សាងសង់​ខុស​បច្ចេកទេស ដែល​ប៉ះពាល់​ដល់​គុណភាព​ផ្លូវ​។ ផ្លូវ​ទាំងនោះ​មានដូចជា​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​២១ និង​កំណាត់​ផ្លូវជាតិ​លេខ​៣​ពី​ទី​រួម​ខេត្តកំពត ទៅ​រង្វង់​មូល​វាលរេញ​។ កំហុស​ទាំងនេះ​កើតចេញពី​អ្នក​ប្រឹក្សា​បច្ចេកទេស ដែលមាន​តួនាទី​ត្រួត​ពិនិត្យមើល​ដំណើរ​ការធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​។ តែ​ក្រសួង​ក៏ ទទួលស្គាល់​លើ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​ទាំងនេះ​ធ្វើ​ការមិន​បានល្អ​ផងដែរ​។ នាពេល​ចុះ​ត្រួតពិនិត្យ​ការជួសជុល​កំណាត់​ផ្លូវ​កំពត​-​វាលរេញ នៅ​ថ្ងៃទី​២០​ខែធ្នូ​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងប្រាប់​អ្នកកាសែត​ដូច្នេះ​ថា​៖«​យើង​ទទួលខុស​ដែរ យើង​ប្រហែស យើង​បណ្ដោយ​ពេក យើង​ទុកចិត្ត​គេ​ពេក​។ គេ​អ្នកបច្ចេកទេស​អន្តរជាតិ ថា​គេ​គ្រាន់បើ តែ​គេ​គ្មាន​គ្រាន់បើ​ឯណា​»​។​


 
​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដូចតទៅ​នេះ​៖



 
​ក្រៅពី​ស្ដីបន្ទោស​អ្នក​ប្រឹក្សា​បច្ចេកទេស និង​មន្ត្រីក្រោមឱវាទ​ចំពោះ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ធ្វើ​ផ្លូវខុស​បច្ចេកទេស លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ក្រសួង​នឹង​កាន់តែ​ម៉ឹងម៉ាត់​ចំពោះ​ការសាងសង់​ផ្លូវ​នានា និង​ចាត់វិធានការ​ចំពោះ​អ្នកពាក់ព័ន្ធ ព្រមទាំង​មានការ​ពិនិត្យ​សើរើ​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ម៉ៅការ​ដែល​ធ្វើ​ផ្លូវ​មិនបាន​ល្អ​។ លោក​ក៏បាន​បង្កើត​ក្រុមការងារ​ពិសេស​ចាំ​ឆ្មក់​ត្រួតពិនិត្យ​លើ​ការដ្ឋាន​សាងសង់​ផ្លូវ ដោយ​មិន​ឲ្យ​ដឹង​មុន ដើម្បី​ដឹង​ច្បាស់​ពី​ការសាងសង់​ទាំងនោះ​។​
 
​គួរ​បញ្ជាក់ថា ក្រសួង​បាន​បញ្ឈប់​អ្នក​ប្រឹក្សា​បច្ចេកទេស​ចំនួន​៧​នាក់ ដែល​៦​នាក់​ចេញពី​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧ កាលពី​ខែកក្កដា​ឆ្នាំនេះ និង​១​រូប​ចេញពី​គម្រោង​ផ្លូវជាតិ​លេខ​៣៕

Tag:
 ផ្លូវ​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com