អន្តរជាតិ
ជប៉ុន ដំឡើង​ថវិកា​ចំណាយ​យោធា​ឆ្នាំ​២០២០ ដើម្បី​ទិញ​អាវុធ​បន្ថែម​ពី​អាមេរិក​
21, Dec 2019 , 11:00 am        
រូបភាព
រូបភាព៖ China Daily
រូបភាព៖ China Daily
​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី ២០ ខែធ្នូ បាន​យល់ព្រម​ដំឡើង​ថវិកា​យោធា​បន្ថែមទៀត ដើម្បី​ការពារ​ពី​ការវាយប្រហារ​ពី​សំណាក់​ប្រទេស​ណាមួយ​។ ការណ៍​នេះ ត្រូវបាន​គេ​មើលឃើញថា ជប៉ុន​បាន​ដំឡើង​ថវិកា​យោធា ក្នុង​រយៈពេល​៨​ឆ្នាំ​ជាប់ៗ​គ្នា និង​មាន​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​។


 
​បើសិន​គ្មាន​ការប្រែប្រួល​ទេ រដ្ឋសភា​ជប៉ុន នឹង​អនុម័ត​ច្បាប់​ស្តីពី​ថវិកា​យោធា នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ ២០២០​។ តាម​គម្រោង​ថវិកា​នេះ ជប៉ុន នឹង​ដំឡើង​ថវិកា​យោធា​ចំនួន ១,១​ភាគរយ​បន្ថែមទៀត បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ពោលគឺ​កើន​រហូតដល់ ៤៨,៥៦​ពាន់​លាន​ដុល្លារ​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។
 
​តាមរយៈ​គម្រោង​មួយ​នេះ ជប៉ុន នឹង​យកលុយ​ទៅ​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន ៩​គ្រឿង ពី​ក្រុមហ៊ុន Lockheed Martin ដើម្បី​ជា​ជំនួយ​សម្រាប់​កងកម្លាំង​ស្វ័យការពារ​របស់​ជប៉ុន​។ ក្នុងនោះ យន្តហោះ F-35A មាន ៦ គ្រឿង ដែលមាន​សមត្ថភាព​ហោះ​ឡើង​ក្នុង​ចំងាយ​ផ្លូវ​រត់​ខ្លី និង​យន្តហោះ F-35B ដែល​អាច​ហោះ​ត្រង់​ឡើងលើ​មិន​ដោយ​ត្រូវការ​ផ្លូវ​រត់​ឡើយ​។ 
 
​ក្រៅពី​យន្តហោះ ក្រសួងការពារជាតិ​ជប៉ុន នឹង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជំនាន់​ថ្មី ដែលមាន​សមត្ថភាព​បា​ញ់​កម្ទេច ក្បាល​គ្រាប់​មី​ស៊ី​ល​នៅក្នុង​លំហ​បាន ពី​ក្រុមហ៊ុន Raytheon ផងដែរ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​។ សព្វថ្ងៃ ជប៉ុន កំពុង​បង្កើត​មូលនិធិ ដើម្បី​សាងសង់​ស្ថានីយ​បាញ់​មី​ស៊ី​ស Aegis Ashore ចំនួន​ពីរ​កន្លែង ដោយមាន​បំពាក់​ជាមួយ​ប្រព័ន្ធ​រ៉ា​ដា​ថ្មី​ផងដែរ​។ 
 
​គម្រោង​បំពាក់អាវុធ និង​សម្ភារ​យោធា​ទំនើបៗ​របស់​ជប៉ុន ធ្វើឡើង​ដែល​អ្នកជិតខាង​ជប៉ុន​ពង្រឹងសមត្ថភាព​របស់ខ្លួន​។ ចិន កំពុង​ធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន កាន់តែ​ទំនើប​ឡើង​។ ជាក់ស្តែង​ទីក្រុង​ប៉េកាំង បានដាក់​ឲ្យ​ប្រើប្រាស់​នាវា​ដឹក​យន្ត​ចម្បាំង​ក្នុងស្រុក នាពេល​ថ្មីៗ​នេះ​។ ក្រៅ​ចិន នៅមាន​កូរ៉េខាងជើង​ទៀត ដែល​កំពុង​អភិវឌ្ឍ​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន កាន់តែខ្លាំង​ឡើង​។ កូរ៉េខាងត្បូង ក៏បាន​ប្រកាស​បង្កើន​ថវិការ​ការពារជាតិ​ដែរ​។​
 
​សូមបញ្ជាក់ថា បើទោះបីជា ជប៉ុន ត្រូវបាន​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន មិន​ឲ្យ​មាន​អាវុធ​វាយប្រហារ​ក៏ពិតមែន ប៉ុន្តែ​ជប៉ុន​គឺជា​ប្រទេសមួយ ដែល​បាន​ចំណាយ​ថវិកា​លើ​វិស័យ​យោធា​យ៉ាង​ច្រើនសន្ធឹក​។  មិន​ដល់​រយៈពេល មួយ​ទសវត្សរ៍​ទេ ជប៉ុន បាន​តម្លើង​ថវិកា​យោធា​របស់​ស្ទើរតែ ១៥​ភាគរយ ដើម្បី​បំពាក់​កង​ស្វ័យការពារ​របស់ខ្លួន​។ ដូ​នេះហើយ ទើប​ជប៉ុន​បាន​ក្លាយជា​ប្រទេស​លំដាប់​ទី​៨ ក្នុង​ពិភពលោក ដែល​បាន​ចំណាយ​ថវិកា​ក្នុង​វិស័យ​ការពារជាតិ ក្នុង​ឆ្នាំ​២០១៩ ៕ 

Tag:
 ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com