ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រីពៅ ដាក់​គោលដៅ​ឆ្នាំ ២០២០ ឲ្យ​ជោគជ័យ​លើស​ឆ្នាំ​ចាស់​
22, Dec 2019 , 7:59 am        
រូបភាព
ដោយ​៖ ស៊ី​ធី​
​កីឡាការិនី​គុន​ខ្មែរ​ដ៏​លេចធ្លោ នៅ ស្រី​ពៅ បាន​រំលឹក​រឿងរ៉ាវ​ទាំងឡាយ​ដែល​បានកើត​ឡើង​នៅ​ឆ្នាំ ២០១៩ និង ដាក់​គោលដៅ​សម្រាប់​ឆ្នាំ ២០២០ ដែល​ជិត​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ​។ ២០១៩ ជា​ឆ្នាំ​ដ៏​ចងចាំ​មិនអាច​បំភ្លេចបាន ប៉ុន្តែ ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដែល​ទន្ទឹងរង់ចាំ​ជោគជ័យ​ថ្មី​សម្រាប់ ស្រី​ពៅ ក្នុង​ពិភព​ក្បាច់គុន​ចម្រុះ​។

 
​ស្រី ពៅ​រំលឹក ឆ្នាំ ២០១៩
​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ពីរលើក​ជាប់​គ្នា​នៅ​ឆ្នាំ ២០១៨ នៅ​សង្វៀន​អន្តរជាតិ​ស្ថិតនៅ​ប្រទេស​មី​យ៉ាន់​ម៉ា កីឡាការិនី នៅ ស្រី​ពៅ បង្កើតបាន​រឿងរ៉ាវ​គួរ​ភ្ញាក់ផ្អើល​មួយ​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។ កីឡាការិនី​ដែល​ឡើង​សង្វៀន​បាន ១០០ ដង រូបនេះ​បាន​យកឈ្នះ​កីឡាការិនី​ថៃ Rika Ishige ដោយ​ពិន្ទុ កាល​ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្នុង​កម្មវិធី ONE: CLASH OF LEGENDS ពេល​រៀបចំ​នៅ​ប្រទេស​ថៃ​។ ស្រី​ពៅ ក្រសោប​បាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មហាជន និង អ្នកគាំទ្រ​ប្រដាល់​នៅ​កម្ពុជា​ជាច្រើន​ពាន់​នាក់​។  ស្រី​ពៅ បាន​រំលឹកថា ៖«​ខ្ញុំ​សប្បាយចិត្ត​ពេលនោះ​ព្រោះ​ខ្ញុំ​ទើប​ឡើង​សង្វៀន ONE បាន​ម្ដង ខណៈដែល Riga  មានបទពិសោធន៍​រហូត​ដល់ ៨ ដង​លើស​ង្វៀន​នេះ​។ ខ្ញុំ​មិនសូវ​រំពឹង​ឈ្នះ​ទាល់តែសោះ​។ ប៉ុន្តែ ខ្ញុំ​ធ្វើ​បានល្អ​។ ខ្ញុំ​ចងចាំ​មិន​ភ្លេច​»​។​


 
​រឿងរ៉ាវ ស្រដៀង​គ្នា​នេះ នៅ ស្រី​ពៅ ក៏​មិន​ភ្លេច​ក្នុង​ការប្រកួត​លើក​ទី​២​នៅ​សង្វៀន ONE ពេល​ចាញ់​កីឡាការិនី​ជើងចាស់ Priscilla Hertati Lumban Gaol ដែលជា​រីរ​នារី​កីឡាការិនី របស់​ឥណ្ឌូណេស៊ី ដោយ​ពិន្ទុ​កាល​ខែ ឧសភា ឆ្នាំ​ដដែល​នេះ​។ យ៉ាងណាក្ដី ការ​ចាញ់​ពិន្ទុ​នេះ ត្រូវបាន ស្រី​ពៅ លើកសរសើរ​ថា Priscilla ជា​កីឡាការិនី​ជំនាញ​ឃ្លេ​នេះ​យូរ​មកហើយ ខណៈដែល​រូបគេ​ទើប​រៀន​ក្បាច់​ឃ្លេ​តែប៉ុណ្ណោះ​។ ភាពបរាជ័យ​នេះ​ធ្វើ​ឲ្យ កីឡាការិនី​វ័យ​២៤ ឆ្នាំ​ដាក់​គោលដៅ​ហ្វឹកហាត់​បន្ថែម​បើសិន​មានការ​ប្រកួត​គុន​ចម្រុះ​លើក​ក្រោយ​។ 
 
​រឿង​ចងចាំ​មួយទៀត​ឆ្នាំ ២០១៩៖ 
«​ខ្ញុំ​មិនអាច​បំភ្លេចបាន​មួយទៀត​ព្រោះ​វា​ជា​មេដាយ​សំរឹទ្ធ​ដំបូង​សម្រាប់​ខ្ញុំ​នៅ​ស៊ី​ហ្គេម និង ជាការ​ប្រកួត​លើកដំបូង​ដែរ​នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៩ នេះ​។ ប៉ុន្តែ​វា​រឿង​សោកស្ដាយ​ពេល​ចាញ់​កីឡាការិនី​វៀតណាម​មិនបាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយសារ​មាន​បញ្ហា​របួស​ជើង​។ ខ្ញុំ​ពិត​ស្ដាយ​ខ្លាំងណាស់ ខ្ញុំ​ខំ​ហាត់​នៅ​ជប៉ុន​រយៈពេល​ប្រមាណ ៣ ខែ បែរ​មកជួប​បញ្ហា​បែបនេះ​ទៅវិញ​។ យ៉ាងណាក្ដី ខ្ញុំ​សប្បាយចិត្ត​សម្រាប់​មេដាយ​ដំបូង​នេះហើយ​ត្រូវ​ត្រៀមខ្លួន​ឲ្យ​ល្អ​ថែមទៀត​នា​ប្រកួត​លើក​ក្រោយ​ទៀត​»​។ 
 
​គោលដៅ​ឆ្នាំ ២០២០៖ 
​កូនសិស្ស​មកពី​ក្លិប​ប្រដាល់​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​បានដាក់​គោលដៅ​ស្វែងរក​ការប្រកួត​ឲ្យ​បាន​ច្រើន​បើសិន​មិនមាន​បញ្ហា​របួស​ទេ​។ ស្រី​ពៅ ថ្លែងថា​៖«​គោលដៅ​ឆ្នាំ​ថ្មី គឺ ចង់បាន​ការប្រកួត​ឲ្យ​ច្រើនជាង​មុន មិន​ថា សកល ប្រដាល់សេរី ឬ គុន​ចម្រុះ​ទេ​ដើម្បី​បាន​បទពិសោធន៍ និង ពង្រឹង​ក្បាច់គុន​។ ខ្ញុំ​នឹង​ប្រឹងប្រែង​ជាង​ឆ្នាំ​ចាស់​។ ខ្ញុំ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​របស់ខ្ញុំ តា​ឡី​ដំរី​មាន​រិ​ទ្ធិ វិញ​នៅ​ខែ មករា ឆ្នាំ ២០២០ ខាងមុខ បន្ទាប់ពី​ប្រកួត​ស៊ី​ហ្គេម​ទើប​បញ្ចប់​ថ្មីៗ​»​។ 


 
​កូនសិស្ស​របស់លោក ញ៉ូ​វ ម៉ាក ម៉ាក សា​ខន បាន​សង្កត់ធ្ងន់ថា​៖«​បើ​ខ្ញុំ​មានឱកាស​ទៅ​ប្រកួត​នៅ​សង្វៀន ONE Championship ជាថ្មី ខ្ញុំ​នឹង​ទៅដោយ​សប្បាយចិត្ត​នៅ​ឆ្នាំ ២០២០​។ ព្រោះ​យើង​អាច​បង្កើន​សមត្ថភាព​លើស​ង្វៀន​ដែល​សម្បូរ​ដោយ​កីឡាករ​កីឡាការិនី​មាន​ទេពកោសល្យ​មួយ​នេះ​»​។ 
 
​គួររំលឹកថា  នៅ ស្រី​ពៅ មានកំណត់​ត្រា​ប្រកួត​បាន​ចំនួន ១០០ ដង​ក្នុង​ការប្រកួត​លើស​ង្វៀន​ប្រដាល់​គុន​ខ្មែរ សកល និង គុន​ចម្រុះ​។ ប៉ុន្តែ​បើ​និយាយ​អំពី​ការ​ចេញទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មិនមែន​ស៊ី​ហ្គេម រូបគេ​ប្រកួត​បាន​ចំនួន ៤​ដង ក្នុងនោះ​ឈ្នះ ៣ ដង និង​ចាញ់ ១ ដង​។ នៅ ស្រី​ពៅ ជា​កីឡាការិនី មាន​ទេពកោសល្យ​ម្នាក់​ក្នុង​ទម្ងន់ ៥៣ គីឡូក្រាម ហើយ​អាច​ប្រកួត​បាន​ទាំង​ប្រដាល់​គុន​ខ្មែរ វ៉ៃ​សកល និង វ៉ៃ​គុន​ចម្រុះ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕
 

© រក្សាសិទ្ធិដោយ thmeythmey.com