ជាតិ
សម្ដេច ស ខេង​៖ សំណង់​ក្នុង​ពុទ្ធសាសនា ចំណាយ​ធំ​ណាស់​
21, Dec 2019 , 12:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី​សម្ដេច ស ខេង លើកឡើងថា ការកសាង​ផ្នែក​រចនាសម្ព័ន្ធ សំណង់​ផ្សេងៗ​ក្នុង​វត្ត​អារាម​ព្រះពុទ្ធសាសនា បាន​ចំណាយ​ច្រើនណាស់ បើ​ធៀប​នឹង​សាសនា​ដទៃ​ដែល​មិនសូវ​ចំណាយ​លើ​ការសាងសង់​បែបនេះ​ឡើយ​។ «​បើ​យើង​ប្រៀបធៀប​នឹង​សាសនា​ផ្សេងៗ សាសនា​គ្រិស្ដ​អត់​សូវ​មាន​អគារ​ហេដ្ឋារចនាសម្ព័ន្ធ​ស្កឹមស្កៃ​ទេ ហើយ​ឥស្លាម​មាន​គ្រាន់បើ​ដែរ តែ​ក្នុង​អគារ​វិហារ​គាត់​អត់​មាន​អ្វី​ទេ ដល់​ព្រះពុទ្ធ​យើង​អត់​អ៊ីចឹង​ទេ មាន​វិហារ​ផង មាន​ព្រះ​តូច​ព្រះធំ មាន​រូប មាន​ទង់ មាន​សាលា​ធម្មសភា មាន​កុដិ ហូរហែ​ច្រើន ចំណាយ​ធំ​ណាស់​»​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ឆ្លង​សមិទ្ធផល​ក្នុង​វត្ត​ពោធិ​ស​ត្ថា​រាម ក្នុងស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង នៅ​ថ្ងៃទី​២១​ខែធ្នូ​នេះ​។​


​ប្រសាសន៍​សម្ដេច ស ខេង ៖
 


 
​សម្ដេច ស ខេង បានលើកឡើង​ពី​ការចំណាយ​ច្រើន​ទៅលើ​សំណង់​ផ្សេងៗ​ក្នុង​វត្ត​អារាម​។ តែ​សម្ដេច​មិនបាន​មានប្រសាសន៍ថា ត្រូវ​បញ្ឈប់ ឬ​កាត់បន្ថយ​ការចំណាយ​សាងសង់​ទាំង​នោះឡើយ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​ជំរុញ​ការគិតគូរ​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា​ឋិត​នៅ​យូរអង្វែង តាមរយៈ​អ្នក​កាន់​ព្រះពុទ្ធសាសនា ត្រូវខិតខំ​ធ្វើអំពើ​ល្អ តាម​គន្លង​ធម៌​ព្រះពុទ្ធ​។ សម្ដេច​បាន​ថ្លែង​ដូច្នេះ​ថា​៖«​តែ​ខ្ញុំព្រះករុណាខ្ញុំ​និយាយ​អ៊ីចឹង ចង់បាន​អ្វី​មកវិញ គឺ​ចង់បាន​តែមួយ​គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ព្រះពុទ្ធសាសនា​គង់វង្ស​។ ដើម្បី​ឲ្យ​ពុទ្ធសាសនា​របស់​យើង​គង់វង្ស​ឋិតថេរ ត​ទៅមុខទៀត​នោះ គឺ​យើង​ធ្វើ​ដូចម្ដេច​? ខ្ញុំព្រះករុណាខ្ញុំ​គិតថា ទាំង​ព្រះសង្ឃ ទាំង​អាចារ្យ ទាំង​គ្រហស្ថ នាំគ្នា​គោរពបូជា​តាម​ធម៌​ព្រះពុទ្ធ គឺ​ធ្វើអំពើ​ល្អ អំពើ​ជា​កុសល ហើយ​លុបបំបាត់​អំពើ​មិនល្អ អំពើ​មិន​កុសល​»​។​
កាលពីខែឧសភាឆ្នាំនេះ ក្នុងពីធីឆ្លងសមិទ្ធផលក្នុងវត្តមួយនៃខេត្តព្រៃវែង សម្ដេច ស ខេង ប៉ាន់ស្មានថា ការសាងសង់សមិទ្ធផលនានាក្នុងវត្តអារាមនៅកម្ពុជា ចំណាយដល់ខ្ទង់ពាន់លានដុល្លារ ឬយ៉ាងហោចក៏រាប់រយលានដុល្លារដែរ។ សព្វថ្ងៃកម្ពុជាមានវត្តជាង ៥០០០ នៅទូទាំងប្រទេស៕
 

Tag:
 ស ខេង​
  ពុទ្ធសាសនា​
  វត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com