ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ។ ព្រះមហាក្សត្រ បានប្រកាសឱ្យប្រើច្បាប់នេះ តាមរយៈព្រះរាជក្រមចុះថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩។
ច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែម១៩៨៥ និង២០០៥ នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងវៀតណាម ចុះហត្ថលេខានៅទីក្រុងហាណូយ នៃប្រទេសវៀតណាម កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១៩ ដោយមានភ្ជាប់ទាំងខ្លឹមសារច្បាប់ក្នុងអត្ថបទទាំងស្រុង។ ក្រោយភាគីទាំងពីរ បានយល់ព្រមទទួលស្គាល់ហើយ ច្បាប់នេះក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់មករដ្ឋសភាអនុម័ត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩ មុននឹងឆ្លងទៅព្រឹទ្ធសភាត្រួតពិនិត្យ និងអនុម័តបន្ត កាលពីថ្ងៃទី១៨ វិច្ឆិកា។
សន្ធិសញ្ញាបំពេញបន្ថែម ដែលរដ្ឋាភិបាលកម្ពុជា-វៀតណាម ចុះហត្ថលេខានៅឆ្នាំ២០១៩នេះ គឺទទួលស្គាល់បង្គោលព្រំដែនដែលភាគីទាំងពីរ បានបោះរួចរាល់ចំនួន ៨៤ភាគរយ។ ចំណែកសល់១៦ភាគរយទៀត ភាគីទាំងពីរបន្តពិភាក្សា និងដោះស្រាយបន្តទៀត។
អ្នកនយោបាយ និងអ្នកតាមដានបញ្ហាព្រំដែននេះ មានការព្រួយបារម្ភថា កម្ពុជា អាចចាញ់ប្រៀបវៀតណាម នឹងប្រឈមការខាតបង់ទឹកដីបន្ថែមទៀត។ លោក យ៉ង់ សាំងកុមារ យល់ឃើញថា ការប្រកាសឱ្យប្រើច្បាប់នេះ វាហាក់ដូចជាលឿនពេក ខណៈដែលសង្គមកម្ពុជាកំពុងបែកបាក់គ្នា និងមិនទាន់រកចំណុចឯកភាពជាតិបាន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យ ដែលធ្លាប់ចេញសេចក្តីថ្លែងការណ៍ស្នើឱ្យនីតិប្រតិបត្តិ និងនីតិបញ្ញត្តិកម្ពុជា ពិចារណាលើច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែននេះ បាននិយាយដូច្នេះថា៖«តាមពិតយើងបានបញ្ជាក់ជំហរយើងតាំងពីដើមទីមក (មិនយល់ស្របលើច្បាប់នេះ) ចំនួន២ដងរួចមកហើយ។ យើងបានអំពាវនាវឱ្យរដ្ឋសភា និងព្រឹទ្ធសភា ពន្យាពេលអនុម័តច្បាប់នេះ។ ប៉ុន្តែឥឡូវព្រះមហាក្សត្រ បានឡាយព្រះហត្ថរួចហើយ អ៊ីចឹងអ្វីៗគឺទៅមុខហើយ។ប៉ុន្តែយើងសម្ដែងការសោកស្ដាយព្រោះការអនុម័តច្បាប់នេះ វាលឿនពេក»។
ជាមួយគ្នានេះលោក រ៉ុង ឈុន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាននិយាយថា កម្ពុជាអាចខាតបង់ទឹកដីដោយសារច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែមទាំង៣លើកនេះ។ មូលហេតុដែលលោក រ៉ុង ឈុន ហ៊ានអះអាងបែបនេះ ក្រោមហេតុផលនីមួយៗថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ ដែលបានលេចចេញជារូបរាងនោះ វាមិនអាចប្រើប្រាស់បានទេ ដោយសារគ្រានោះកម្ពុជា កំពុងស្ថិតនៅក្រោមសម្ពាធវៀតណាម។ ដោយឡែកសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង២០១៩នេះ វាក៏ដូចគ្នាដែរ ព្រោះរដ្ឋាភិបាលកម្ពុជា មិនបានបង្ហាញភាពច្បាស់លាស់ណាមួយថា កម្ពុជាទទួលបានផលចំណេញលើវៀតណាម ជុំវិញបញ្ហាព្រំដែននេះទេ។
លោក រ៉ុង ឈុន ដែលធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន លើការចេញមុខតវ៉ាលើបញ្ហាសន្ធិសញ្ញាបន្ថែមព្រំដែនកន្លងមកនោះ បាននិយាយដូច្នេះថា៖«សន្ធិសញ្ញាទាំងនេះ វាគ្មានផលចំណេញទេ។ យើងបានតាមដានរឿងហ្នឹងឃើញថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ដែលបាន៨៤ភាគរយនេះ មានភាពមិនប្រក្រតីច្រើន ដោយមានបង្គោលបោះចោលទឹកដីកម្ពុជាយើង ហើយបើមើលទៅភាគីវៀតណាមវិញ គ្មានចំណុចបង្គោលណាដែលយើងបោះចូលគេទេ គឺមានតែគេបោះចូលមកយើង។ ហើយការប្រកាសឱ្យមានការប្រើប្រាស់ច្បាប់នេះ វាមានតែធ្វើឱ្យយើងខាតបង់ទឹកដីច្រើន»។
ជុំវិញបញ្ហាព្រំដែននេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះកម្ពុជា ធ្លាប់ធ្វើបទបង្ហាញប្រាប់មហាជនថា កម្ពុជាគ្មានការខាតបង់ទឹកដី ដោយសារតែសន្ធិសញ្ញាបំពេញបន្ថែមនោះទេ ពោលគឺកម្ពុជាមានតែទទួលបានផលចំណេញពីកិច្ចព្រមព្រៀងបំពេញបន្ថែមនេះ។ បើតាមលោក វ៉ា គឹមហុង រដ្ឋាភិបាលបោះបង្គោលព្រំដែននេះ មិនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ហើយក៏មិនធ្វើឱ្យពួកគេស្រក់ទឹកភ្នែកនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីការពារពលរដ្ឋនៅតាមព្រំដែនប៉ុណ្ណោះ។
ក្នុងសន្និសីទកាសែត នៅវិមានសន្តិភាព កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក វ៉ា គឹមហុង ថ្លែងដូច្នេះថា៖«យើង ធ្វើព្រំដែន បោះបង្គោលព្រំដែន មិនមែនឲ្យប្រជាពលរដ្ឋយើងនៅតាមព្រំដែន ទឹកភ្នែកទឹកសំបោរទេ។...ជាទូទៅ យើងមានយន្តការដើម្បីការពារ មិនឲ្យប្រជាពលរដ្ឋខ្មែរ មានទុក្ខវេទនា ដោយសារការបោះបង្គោលព្រំដែនទេ»។
ដ្បិតមានការអះអាងបែបនេះក្តី ប៉ុន្តែលោក យ៉ង សាំងកុមារ និងលោក រ៉ុង ឈុន នៅតែស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្ហាញខ្លឹមសារនិងលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែមទាំងនេះ ព្រមទាំងបង្ហាញចង្អុលប្រាប់ពីផលចំណេញដែលកម្ពុជាទទួលបានពីបញ្ហាព្រំដែននេះ ដល់មហាជន ដើម្បីឱ្យអស់ចម្ងល់ ពោលគឺមិនមែនគ្រាន់តែបកស្រាយបែបលាក់លៀមនោះឡើយ៕