អន្តរជាតិ
អាមេរិក បង្កើត​ទ័ព​អវកាស​ដើម្បី​ការពារ​ផលប្រយោជន៍​នៅលើ​លំហ
21, Dec 2019 , 2:23 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២០ ខែធ្នូ បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ថវិកា​ការពារជាតិ​ឆ្នាំ​២០២០​។ ច្បាប់​ថ្មី​នេះ ក៏មាន​ចែង​ពី​ការបង្កើត​អង្គភាព​ទ័ព​អវកាស​តាម​ការចង់បាន​របស់​លោក ត្រាំ ដើម្បី​ការពារ​ប្រយោជន៍​អាមេរិក ក៏ដូចជា​ទប់ទល់​ការ​ងើបឡើង​របស់​រុស្ស៊ី និង​ចិន​នៅលើ​លំហ​អាកាស​ដែល​ត្រូវបាន​ចាត់ទុកជា​សមរ​ភូមិ​ថ្មី​មួយ​។ កងទ័ព​អវកាស​នេះ នឹង​ក្លាយជា​អង្គភាព​ទ័ព​ថ្មី​មួយ​របស់​យោធា​អាមេរិក​។

 
​ទ័ព​អវកាស នឹង​ក្លាយជា​អង្គភាព​ទ័ព​ទី​៦ របស់​យោធា​អាមេរិក​បន្ថែម​ពីលើ​ទ័ពជើងគោក ជើង​ទឹក ជើង​អាកាស ឆ្មាំ​ការពារ​ឆ្នេរ និង​ម៉ា​រី​ន​។ ទ័ព​អវកាស ត្រូវ​បង្កើតឡើង​តាមច្បាប់​ថវិកា​ការពារជាតិ​ឆ្នាំ​២០២០ ដែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទើប​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២០ ខែធ្នូ​។ 
 
«​ជា​លើកដំបូង​តាំងពី​ប្រធានាធិបតី ហារី ទ្រូ​ម៉ាន់ បង្កើត​ទ័ពអាកាស​កាលពី​៧០​ឆ្នាំមុន យើង​នឹង​បង្កើត​អង្គភាព​ទ័ព​ថ្មី​មួយទៀត​។​» នេះ​ជាការ​លើកឡើង​របស់លោក ត្រាំ ពេល​ចុះហត្ថលេខា​លើ​ច្បាប់​ថវិកាជាតិ​នៅ​បន្ទាយទ័ព Joint Base Andrews ។ ការបង្កើត​ទ័ព​អវកាស ជា​បំណង​យូរ​មកហើយ​របស់លោក ត្រាំ ដើម្បី​ការពារ​ផលប្រយោជន៍​អាមេរិក​នៅ​ទី​លំហ​ដែល​ចិន និង​រុស្ស៊ី​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ដែរ​។ លោក ត្រាំ ចេញ​បញ្ជា​ឲ្យ​បង្កើត​ទ័ព​អវកាស​នេះ​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ។​
 
​អង្គភាព​ទ័ព​អវកាស​នេះ នឹងធ្វើ​ប្រតិបត្តិការ​ដោយ​ផ្អែកលើ​ទីបញ្ជាការ​ទ័ពអាកាស​ដែល​បង្កើត​កាលពី​ខែសីហា​កន្លងទៅ​។ ដូចគ្នា​នឹង​ទ័ព​ម៉ា​រី​ន​ដែរ ទ័ព​អវកាស​នេះ នឹង​ស្ថិតក្រោម​ឆ័​ត្រ​របស់​កងទ័ពអាកាស​សិន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប​ញ្ច​កោណ លើកឡើងថា អង្គភាព​ថ្មី នឹងមាន​កងទ័ព និង​បុគ្គលិក​ប្រមាណ​១៦០០០​នាក់ មាន​ឯកសណ្ឋាន​ផ្ទាល់ខ្លួន​ផងដែរ​។ មេបញ្ជាការ​ទ័ព​អវកាស​ធ្លា​ក់លើ​ឧ​ត្ត​ម​សេនីយ៍​ទ័ពអាកាស Jay Raymond ។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​អាម​រិ​ក ម៉ាក អេ​ស្ពើ និយាយថា ការរក្សា​អនុត្តរភាព​អាមេរិក​នៅលើ​ទី​លំហ ជា​បេសកកម្ម​ចម្បងរ​បស់ទ័ព​អវកាស​ថ្មី​នេះ​។ អំណាច​នៅលើ​ទី​លំហ កំពុង​រង​ការ​ប្រជែង​ពី​សំណាក់​មហាអំណាច​ពីរ​ទៀត គឺ​រុស្ស៊ី និង​ចិន​។ ក្នុង​របាយការណ៍​នៅ​ដើមឆ្នាំ​នេះ ទីភ្នាក់ងារ​ចារកម្ម​ការពារជាតិ បាន​លើក​ចំឈ្មោះ​ចិន និង​រុស្ស៊ី ដែល​បាន​អភិវឌ្ឍ​សមត្ថភាព​ក្នុងការ​ស៊ើបការណ៍ ក៏ដូចជា​ប្រមូល​ព័​ត៌​មាម​ដើម្បី​ប្រជែង​អាមេរិក​នៅ​ទី​លំហ​។ 
 
​អ្នកស្រី Barbara Barrett លេខាធិការ​កងទ័ពអាកាស​អាមេរិក ប្រកាស​ពី​គោលដៅ​តែមួយគត់រ​បស់ទ័ព​អវកាស​ថ្មី គឺ​ទី​អវកាស​តែម្ដង​។ មន្ត្រី​ស៊ីវិល​ជាន់ខ្ពស់​ក្នុង​អង្គភាព​ទ័ពអាកាស​អាមេរិក​នេះ បន្តថា អាមេរិក​មាន ទ័ព​អវកាស​ល្អផ្ដាច់គេ​លើ​លោក​៕   
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អវកាស
© រក្សាសិទ្ធិដោយ thmeythmey.com