អន្តរជាតិ
មេទ័ព​អាមេរិក​៖ អាមេរិក​ត្រៀម​ជាស្រេច​សម្រាប់​កាដូ​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស​ពី​កូរ៉េខាងជើង
21, Dec 2019 , 8:19 pm        
រូបភាព
ឧត្តមសេនីយ៍ផ្កាយបួន Mike Milley នាយសេនាធិការចម្រុះកងទ័ពអាមេរិក។ រូបភាពពី Flickr ក្រសួងការពារជាតិអាមេរិក
ឧត្តមសេនីយ៍ផ្កាយបួន Mike Milley នាយសេនាធិការចម្រុះកងទ័ពអាមេរិក។ រូបភាពពី Flickr ក្រសួងការពារជាតិអាមេរិក
​មេបញ្ជាការ​កំពូល​កង​ទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន Mark Milley នៅ​ថ្ងៃទី​២០ ខែធ្នូ បានប្រកាសថា យោធា​អាមេរិក​ត្រៀមខ្លួន​ជាស្រេច​ហើយ​ដើម្បី​ទទួល​កាដូ​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស​ដែល​កូរ៉េខាងជើង​ចង់​ផ្ញើ​ឲ្យ​។ កូរ៉េខាងជើង បាន​គំរាម​ផ្ញើ​កាដូ​ឲ្យ​អាមេរិក​នៅ​អំឡុង​បុណ្យ​ឈប់សម្រាក​ដ៏​ធំ​នេះ ប្រសិន​វ៉ាស៊ីនតោន​មិន​ដាក់​លក្ខខណ្ឌ​ចរចា​ថ្មី​ទេនោះ​។ គេ​ជឿថា កូរ៉េខាងជើង​អាច​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដើម្បី​ផ្គើន​អាមេរិក​។

 
​អ្វីដែល​កូរ៉េខាងជើង​ធ្វើ​នៅ​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស យោធា​អាមេរិក​ត្រៀមខ្លួន​ទទួល​ទាំងអស់​។ នេះ​ជាការ​បញ្ជាក់​របស់​ឧ​ត្ត​ម​សេនីយ៍ Mark Milley នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែធ្នូ នៅ​មន្ទីរ​បញ្ច​កោណ​។ លោក Milley ឆ្លើយ​បែបនេះ ដើម្បី​តប​ទៅនឹង​ការ​គំរាម​របស់​កូរ៉េខាងជើង​ដែល​ប្រុង​ផ្ញើ​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​អាមេរិក​នៅ​ថ្ងៃបុណ្យ​ចុងឆ្នាំ​មួយ​នេះ បើ​អាមេរិក​នៅតែ​មិន​ធ្វើ​សកម្មភាព​ថ្មី​ដើម្បី​ឈានទៅ​ការចាប់ផ្ដើម​ការចរចា​ឡើងវិញ​។​
 
​កូរ៉េខាងជើង មិន​បញ្ជាក់​ទេ​ថា វត្ថុ​អនុស្សាវរីយ៍​អ្វីដែល​ខ្លួន​ចង់​ឲ្យ​អាមេរិក​ឡើយ​។ ប៉ុន្តែ​គេ​ជឿថា កូរ៉េខាងជើង​អាច​សាកល្បង​មី​ស៊ី​ល​ល​ចម្ងាយ​វែង​ឡើងវិញ បន្ទាប់ពី​អាក់ខាន​មួយឆ្នាំ​មកនេះ​។ ការសាកល្បង​សំខាន់ៗ​ពីរ​នៅឯ​មជ្ឈមណ្ឌល​បាញ់​ផ្កាយរណប Sohae ដែល​កូរ៉េខាងជើង​អះអាងថា ទទួលជោគជ័យ ត្រូវគេ​ជឿថា ជាការ​ធ្វើតេស្ត​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​ដើម្បី​ត្រៀម​ទៅ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​វែង​នៅពេល​ខាងមុខ​។ 
 
​ជុំវិញ​រឿងនេះ មេទ័ព​អាមេរិក​បញ្ជាក់ថា កូរ៉េខាងជើង​បានផ្ដល់​ពន្លឺ​ផ្សេងគ្នាៗ​ជា​សាធារណៈ ដូច្នេះ​យោធា​អាមេរិក ក៏​ត្រៀម​ទទួល​អ្វីៗ​គ្រប់យ៉ាង​ដែរ​។ លោក​បន្តថា កូរ៉េ ស្ថិតក្នុង​ចំណោម​ទីតាំង​លើ​ពិភពលោក​ដែល​កងទ័ព​អាមេរិក​តែង​តែង​រក្សា​ការត្រៀមខ្លួន​កម្រិត​ខ្ពស់​ជាប់​ជានិច្ច​។ 
 
​មិនចាំបាច់​រង់ចាំ​ដល់​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស​ឡើយ បើ​ទទួលបញ្ជា​នៅពេលនេះ ក៏​យោធា​អាមេរិក​អាច​ចេញ​ប្រតិបត្តិការ​បានដែរ​។ នេះ​ជាការ​បន្ថែម​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ ក្នុង​សន្និសីទ​ខាងលើ​។ លោក អេ​ស្ពើ បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​តួនាទី​ពីរ គឺ​មួយ​ធានា​ពី​ការត្រៀមខ្លួន​កម្រិត​ខ្ពស់ ត្រៀមខ្លួន​ប្រយុទ្ធ ហើយ​ឈ្នះ​សង្គ្រាម​នៅ​យប់​នេះ​ក៏បាន ក្នុងករណី​ចាំបាច់​។ ទី​ពីរ គឺ​ជួយ​ផ្នែក​ការទូត​។ ខ្ញុំ​រំពឹងថា ការចរចា​អាច​ចាប់ផ្ដើម​ឡើងវិញ ហើយ​អ្វីៗ​បន្ត​លើផ្លូវ​ការទូត​ដដែល​។​»
 
​យ៉ាងណាមិញ គេ​មិន​រំពឹងថា នឹងមាន​ការចរចា​ណាមួយ​ឡើយ​ចាប់ពីពេលនេះ​ដល់​ដំណាច់ឆ្នាំ​២០១៩ ដែលជា​ឱសានវាទ​របស់​កូរ៉េខាងជើង​ឲ្យ​អាមេរិក​នោះ​។ ប្រេសិត​ពិសេស​អាមេរិក Stephen Biegun ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​សេ​អ៊ូ​ល និង​ប៉េកាំង តែ​មិនបាន​ជួប​ជាមួយ​មន្ត្រី​របប​ក្រុង​ព្យុងយ៉ាង​ឡើយ​។ 
 
​នៅ​ថ្ងៃទី​២០ ខែធ្នូ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​តាម Twitter ថា លោក​បាន​ជជែក​បញ្ហា​កូរ៉េខាងជើង​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង ប៉ុន្តែ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ឡើយ​។ លោក ត្រាំ ទំនង​ស្នើ​ឲ្យ​លោក ស៊ី ជួយ​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​កុំ​ធ្វើ​អ្វី​បង្កហេតុ ហើយ​ងាក​ចូល​តុ​ចរចា​វិញ​។ នៅ​ដើម​សប្ដាហ៍​ក្រោយ លោក ស៊ី ក៏​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ទៀត ដែល​បញ្ហា​កូរ៉េខាងជើង​អាចជា​របៀបវារៈ​សំខាន់​៕   
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  Mike Milley
© រក្សាសិទ្ធិដោយ thmeythmey.com