ជាតិ
ដំណាំនៅជុំវិញផ្ទះ ផ្ដល់ចំណូលឱ្យលោក គុន ហៃ ១លានរៀលក្នុងមួយខែ
× កណ្តាល៖ រៀងរាល់ខែ លោក គុន ហៃ ទទួលប្រាក់ចំណូលបានជាង១លានរៀល ពីការលក់ដំណាំបន្លែ-ផ្លែឈើ នៅជុំវិញផ្ទះរបស់ខ្លួន។ លោកគុន ហៃ អះអាងថា ដំណាំទាំងនោះគឺដាំដុះ និងលូតលាស់ដោយធម្មជាតិ ដោយមិនប្រើប្រាស់ជី និងសារធាតុគីមីអ្វីឡើយ។
ផ្ទះមួយខ្នងមានទំហំធំសមរម្យដែលមានថ្មនៅផ្នែកខាងក្រោមនិងឈើផ្នែកខាងលើ សង់នៅលើផ្ទៃដីទទឹង១០ម៉ែត្រ និងបណ្តាយ២០ម៉ែត្រ នៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានកូនបន្លែស្ពៃក្តោបជិត១០រោង (មួយរោង មានប្រវែង៥ម៉ែត្រ) និងមានដើមជម្ពូមួយដើមបែកមែកសាខាពោរពេញដោយផ្លែជាច្រើន នៅមុខផ្ទះនោះ គឺជាផ្ទះលោក គុន ហៃ។ ក្រៅពីនេះ នៅចំហៀងផ្នែកខាងស្ដាំ និងខាងក្រោយផ្ទះ បុរសវ័យ៦០ឆ្នាំរូបនេះ ក៏មានដើមទៀបពីរដើម និងក្រូចថ្លុងមួយដើម ស្រកានាគបីគុម្ព ខ្នុរ មៀន និងដើមត្របែកបីដើម ដែលមានផ្លែសល្អ-ស្រស់វេចខ្ចប់ដោយថង់បា្លស្ទិច ដើម្បីការពារពីការរំខាននានាពីសត្វល្អិតចង្រៃ។ ផ្លែត្របែក នៅខាងក្រោយផ្ទះនោះ ឱ្យអាចលោក គុន ហៃ បេះដាក់លក់នៅមុខផ្ទះ ជាប្រចាំថ្ងៃបានផងដែរ។
ផ្ទះលោក គុន ហៃ ដែលមានរងបន្លែស្ពៃក្តោប និងដើមជម្ពូ នៅមុខផ្ទះ
បើតាមលោក គុន ហៃ បន្លែនិងផ្លែឈើ ដែលដាំនៅជុំវិញផ្ទះនោះ មានតែបន្លែ ផ្លែជម្ពូ និងផ្លែត្របែកទេ ដែលបានផ្តល់ចំណូលប្រចាំខែដល់គ្រួសារលោក ពី១លាន ទៅ ១,៥លានរៀល។ លោកបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey.com) ថា ស្ពៃក្តោបដែលដាំនៅមុខផ្ទះនោះមានតម្លៃ១០,០០០រៀលក្នុងមួយគីឡូក្រាម ផ្លែជម្ពូមានតម្លៃ៥,០០០រៀលក្នុងមួយគីឡូក្រាម និងផ្លែត្របែកមានតម្លៃ៤,០០០ក្នុងមួយគីឡូក្រាម។ ដោយឡែកផ្លែឈើផ្សេងៗទៀតនៅជុំវិញផ្ទះនោះ គ្រាន់តែបានផ្លែគ្រប់ហូប និងចែកឱ្យកូនចៅប៉ុណ្ណោះ។
« ផ្លែជម្ពូ និងត្របែក វាឱ្យផលសឹងមួយឆ្នាំពេញ ដោយមានផ្លែចេញច្រើនជាបន្តបន្ទាប់គ្នា។ មានន័យថាទម្រាំយើងបេះជម្ពូឬត្របែកដែលល្មមហូម លក់អស់...ជម្ពូនិងត្របែកដែលចេញក្រោយនោះ វាអាចឱ្យយើងបេះលក់បានទៀតហើយ...។ ដូច្នេះ ខ្ញុំអាចលក់ថ្ងៃមួយបាន ៣ទៅ៤ម៉ឺនរៀលផងដែរ»។ នេះជាការលើកឡើងរបស់លោក លោក គុន ហៃ ដែលបានបញ្ជាក់ថា ចំពោះការដាំស្ពៃក្តោបវិញ ក៏មានលក្ខណៈប្រមូលវិលជុំ ដូចផ្លែជម្ពូ និងត្របែក ផងដែរ។
ដើមជម្ជូ នៅមុខផ្ទះ របស់ លោក គុន ហៃ។
លោក គុន ហៃ បាននិយាយដូច្នេះ៖ «ជាទូទៅការដាំដុះស្ពៃកោ្តប មានរយៈពេល២ខែកន្លះ ទៅ៣ខែ បានឱ្យផលល្អ និងមានទម្ងន់ពេញ ប៉ុន្តែស្ពៃខ្ញុំមិនដែលទាន់គ្រប់អាយុទេ គឺមានភ្ញៀវចូលទិញអស់ហើយ»។
លោក បានអះអាង ថា ថ្វីដ្បិតតម្លៃស្ពៃក្តោបនេះ មានតម្លៃខ្ពស់ជាងតម្លៃស្ពៃក្តោបនៅលើទីផ្សារ២-៣ដងក៏ពិតមែន ប៉ុន្តែស្ពៃក្តោបដែលលោកដាំ មិនដែលលក់ទាន់អ្នកទិញឡើយ ដោយសារវាជាស្ពៃបែបធម្មជាតិគ្មានប្រើជីគីមី។ លោក គុន ហៃ បានបន្ថែមថា ការដាំស្ពៃនៅមុខឬនៅក្បែរផ្ទះនេះ គឺស្រួលដាំ និងដាំបានគ្រប់រដូវកាល ព្រមទាំងលម្អនៅជុំវិញឱ្យមានសោភ័ណភាពស្រស់ស្អាត ពោលពេញឱ្យធម្មជាតិពិត ផងដែរ៕
ដំណាំផ្លែឈើចម្រុះមុខ នៅក្រោយផ្ទះ លោក គុន ហៃ។
លោក គុន ហៃ កំពុងបេះត្របែក នៅខាងក្រោយផ្ទះ។
Tag:
ត្របែក
ជម្ពូ
បន្លែ
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com