អន្តរជាតិ
ចាក់​សាំង​លើ​ភ្លើង​! កូរ៉េខាងជើង ខឹង​អាមេរិក​ដែល​រិះគន់​សិទ្ធិមនុស្ស​ខ្លួន ខណៈ​ការចរចា​ជាប់គាំង​
21, Dec 2019 , 9:19 pm        
រូបភាព
​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃទី​២១ ខែធ្នូ បានបង្ហាញ​ការខឹង​សម្បារ​ជាខ្លាំង បន្ទាប់ពី​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​និយាយ​ប៉ះពាល់​ស្ថានភាព​សិទ្ធិមនុស្ស​របស់ខ្លួន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ថា សម្ដី​របស់​មន្ត្រី​អាមេរិក ប្រៀបដូចជា​ការចាក់​សាំង​លើ​ភ្លើង នៅពេល​សភាពការណ៍​មិនល្អ ហើយ​ការចរចា​រក​ច្រកចេញ​មិនឃើញ​ផង​នោះ​។ កូរ៉េខាងជើង ថែមទាំង​គំរាមថា អាមេរិក នឹងរង​ការឆ្លើយតប​គួរ​ឲ្យ​ពេញចិត្ត​មិន​ខាន​។

 
​កូរ៉េខាងជើង បាន​ប្រតិកម្ម​ភា្ល​មៗ​ទៅនឹង​ការលើកឡើង​របស់លោក Robert Destro ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​បាន​រិះគន់​របប​ដឹកនាំ​ព្យុងយ៉ាង​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ VOA លោក Destro បង្ហាញ​ក្ដីបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង ហើយក៏​បានលើកឡើង​ភាពចាំបាច់​ក្នុង​ធ្វើ​អន្តរាគមន៍​លើ​អ្នក​បំពាន​សិទ្ធិមនុស្ស​ដូច​កូរ៉េខាងជើង​ដើម្បី​ប្រទេស​នេះ​កែប្រែ​ឥរិយាបថ​របស់ខ្លួន​។ 
 
​សម្ដី​ខាងលើ ធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​រង្កៀស​ចិត្ត​យ៉ាងខ្លាំង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់ អះអាងថា ការអធិប្បាយ​បែបនេះ ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្ដី​មន្ត្រី​ដែល​មិន​បញ្ចេញ​ឈ្មោះថា​៖ «​សម្ដី​បែប​ព្យាបាទ​ដែល​ស្រដី​ឡើងមក​ចំពេល​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​ឈានដល់​ដំណាក់កាល​សំខាន់ មានតែ​ធ្វើ​ឲ្យ​បង្កើត​រឿង​បន្ថែម​ពីលើ​ស្ថានការណ៍​ដែល​អាក្រក់​ស្រាប់​នៅ​ឧបទ្វីប​កូរ៉េ ដូច​ចាក់​សាំង​លើ​ភ្លើង​។​»
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង ក៏​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ការធ្វើអន្តរាគមន៍​ណាមួយ​ក្រោមរូបភាព​សិទ្ធិមនុស្ស​។ មន្ត្រី​ដដែល​នេះ​បន្តថា ប្រសិនបើ​អាមេរិក​ហ៊ាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹកនាំ​យើង​អន់ថយ​ដោយសារ​មូលហេតុ​សិទ្ធិមនុស្ស អាមេរិក​នឹង​ទទួលផល​តបស្នង​យ៉ាង​ពេញចិត្ត​មិន​ខាន​។​
 
​តាមពិតទៅ ការលើកឡើង​របស់​ម​ន្ត្រី​អាមេរិក ធ្វើឡើង​បន្ទាប់ពី​អង្គការសហប្រជាជាតិ​ទើបបាន​អនុម័ត​ដំណោះស្រាយ​មួយ​ស្ដីពី​សិទ្ធិមនុស្ស​កូរ៉េខាងជើង​នៅ​ឆ្នាំ​ទី​១៥ ជាប់ៗ​គ្នា​។ ជារឿយៗ សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​របប​ដឹកនាំ​ព្យុងយ៉ាង​ដែល​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាជន​ខ្លួនឯង​ទាំង​សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​។ អាមេរិក​ផ្ទាល់​ក៏​ចាត់ទុក​កូរ៉េខាងជើង​ជា​ប្រ​ទស​រំលោភបំពាន​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​ផងដែរ​។  
 
​បច្ចុប្បន្ន ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង ក៏​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ ហើយ​ការចរចា​ដើម្បី​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ ក៏​ជាប់គាំង ដោយសារ​ភាគី​ទាំងពីរ​មានគំនិត​ផ្ទុយគ្នា​។ កូរ៉េខាងជើង ទុកពេល​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ឲ្យ​អាមេរិក​ដាក់​លើ​តុ​ចរចា​នូវ​ផែន​ការចរចា​ថ្មី​មួយ​ដែល​មិន​បញ្ចូល​ការបង្ក​អរិភាព​ដាក់ខ្លួន​។ យ៉ាងណាមិញ កូរ៉េខាងជើង មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ផលវិបាក​អ្វី បើ​អាម​រិ​ក​មិន​ធ្វើតាម​នោះ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com