ជាតិ
​​​ន​យោ​បាយ​ជាតិ​
ACU ប្រដូច​សមត្ថភាព​សិស្ស​ចៅក្រម សយ យូ​សុមនា ទៅ​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ ប្រាប់​ប្រធាន​បក្ស​ខ្មែរ​ក្រោក​
21, Dec 2019 , 9:59 pm        
រូបភាព
លោកស្រី អ៊ូ ស៊ីថា នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយ និង​ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក
លោកស្រី អ៊ូ ស៊ីថា នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយ និង​ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក
​ភ្នំពេញ​៖ បេ​ក្ខ​នារី សយ យូ​សុមនា ដែល​ប្រឡង​ជាប់​ចៅក្រម​កាលពីពេល​ថ្មីៗ​នេះ ពិត​ជាមាន​សមត្ថភាព​ពិតប្រាកដ ។ ចំណែកឯ​បញ្ហា​អាយុ​នៅ​តិច (២០​ឆ្នាំ​) មិនមែនជា​រនាំង ដែល​រារាំង​ក្តី​បំណង​ចង់​ធ្វើជា​ចៅក្រម​របស់ យូ​សុមនា ដោយសារតែ​ច្បាប់​នោះដែរ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) អះអាង​បែបនេះ ប្រាប់​ទៅ​លោក សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​រិះគន់​លើក​ញ្ញា សយ យូ​សុមនា នេះ​។​

 
​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាងថា ការប្រឡង​ជាប់​ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ របស់​បេ​ក្ខ​នារី សយ យូ​សុមនា គ្មាន​បញ្ហា​អ្វីដែល​ខុស​ប្រក្រតី​នោះទេ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​លើ​បេ​ក្ខ​នារី យូ​សុមនា ក្រោយ​មានការ​រិះគន់​លើ​រូបនាង​នោះ បាន​អះអាងថា ផ្អែក​តាម​ការសិក្សា​រប​ស់ យូ​សុមនា គឺ​នាង​ពិត​ជាមាន​សមត្ថភាព​ប្រឡង​ជាប់​មែន ប៉ុន្តែ​គ្រាន់តែ​នាង​មាន​អាយុ ២០​ឆ្នាំ​ប៉ុណ្ណោះ​។ 
 
​ក្នុងន័យនេះ ACU បាន​សង្កត់ធ្ងន់ថា បញ្ហា​អាយុ​តិច​នេះ គឺ​ដោយសារតែ យូ​សុមនា ចូលរៀន​ថ្នាក់ដំបូង​នៅ​អាយុ​ជាង​៤​ឆ្នាំ ប៉ុន្តែ​ដោយសារតែ​នាង​រៀន​ពូកែ​នោះ ទើប​នាង​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​រៀន ដោយ​គ្មាន​ការ​ផ្លោះ​ថ្នាក់ រហូតដល់​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​ក្តី សុទ្ធ​តែមាន​ពិន្ទុ​ខ្ពស់​។ បើតាម ACU លំដាប់​ពិន្ទុសរុប ដែល យូ​សុមនា ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៥ មាន ៩១.៥០៦ ពិន្ទុ ក្នុង​វ័យ​ជាង​១៦​ឆ្នាំ​។ មិនតែប៉ុណ្ណោះ ACU ថែមទាំង​អះអាងថា បេ​ក្ខ​នារី យូ​សុមនា នៅតែ​ធ្វើ​បានល្អ សម្រាប់​ការសិក្សា​បន្ត​នៅ​ថ្នាក់​មហាវិទ្យាល័យ​ច្បាប់ ៤​ឆ្នាំ ដោយ​នាង​ទទួលបាន​លទ្ធផល​បញ្ច​ប់​ការសិក្សា «Very Good»​។​
 
​និយាយ​ពី​បញ្ហា​អាយុ​ជា​សិស្ស​ចៅក្រម​នេះ ACU បាន​បន្ថែមថា បេ​ក្ខ​នារី សយ យូ​សុមនា គ្មាន​អ្វីដែល​ផ្ទុយ​ពី​លក្ខខណ្ឌ​កំណត់​ឡើយ ហើយ​ការប្រឡង​នេះ គឺ​ក្នុង​ក្របខណ្ឌ​ជ្រើសរើស​សិស្ស​ចៅក្រម មិនមែន​ចូលធ្វើ​ចៅក្រម​នោះទេ​។​
 
​នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់​អំពើពុករលួយ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ចុះ​សិក្សា និង​ស្រាវជ្រាវ​លើ​ករណី​រិះគន់ បេ​ក្ខ​នារី សយ យូ​សុមនា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដូច្នេះ​ថា​៖«​នេះ​មិនមែនជា​ការប្រឡងប្រជែង​ចូលធ្វើ​ចៅក្រម​ភ្លាម​ទេ​។ នេះ​ជាការ​ប្រឡងប្រជែង​ចូល​ធ្វើជា​សិស្ស​ចៅក្រម ជំនា​ន់ទី​១០ ចំនួន​៥០​រូប ។ បេក្ខជន​ដែល​ប្រឡង​ជាប់​ទាំង​៥០​រូបនេះ ទាំង​បេក្ខជន សយ យូ​សុមនា​(​ភេទ ស្រី អាយុ​២០​ឆ្នាំ ៧​ខែ ៧​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ឈប់​ទទួល​ពាក្យ​ប្រឡង​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០១៩) ត្រូវការ​ពេល​២​ឆ្នាំ​ទៀត ដើម្បី​រៀន​ថ្នាក់​ធ្វើជា​ចៅក្រម ហើយ​ទាល់តែ​ប្រឡង​ចេញ​ធ្វើជា​ចៅក្រម​បាន​ជាប់​ទៀត ទើប​ធ្វើ​ចៅក្រម​បាន មិនមែន​ការប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ សម័យ​ប្រឡង​២៣-២៤ វិច្ឆិកា ២០១៩​នេះ​ជាប់ ហើយ​ចេញ​ធ្វើ​ចៅក្រម​ភ្លាម​ទេ​»​។​
 
​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​រិះគន់​បេ​ក្ខ​នារី​សិស្ស​ចៅក្រម សយ យូ​សុមនា ថា «​អាយុ ២០​ឆ្នាំ​ប្រលង​ជាប់​ចៅក្រម ដូចនេះ​បានន័យថា​អាយុ​១៥​ឆ្នាំ​ជាប់​បរិញ្ញាប័ត្រ អាយុ​១១​ឆ្នាំ​ចប់​បាក់​ឌុប ដូច្នេះ​គាត់​ចូលរៀន​ថ្នាក់បឋមសិក្សា​តាំងពី​នៅក្នុង​ពោះ​ម្ល៉េះ ពិតជា​ខ្លាំង​មែន ។ ចៅក្រម​ក្មេង​យ៉ាងហ្នឹង ស៊ី​ញ៉េ​ឃុំ ស៊ី​ញ៉េ​ឃុំ​»​។​
 
​ត្រង់ចំណុច​នេះ​ACU បាន​អះអាងថា បេ​ក្ខ​នារី សយ យូ​សុមនា ពិតជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​បានកំណត់​ត្រឹមត្រូវ ទើប​គេ​អនុញ្ញាត​ឱ្យចូល​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ នេះ​។ បើតាម​ACU ប្រការ​៣​ដែល​ចែង​ពី​លក្ខខណ្ឌ​នៃ​ការប្រឡងប្រជែង​ជ្រើសរើស បាន​កំណត់ថា បេក្ខជន​ទាំងពីរ​ភេទ ត្រូវមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​អាយុ​៣៥​ឆ្នាំ​យ៉ាងច្រើន (​មិនមែន​កំណត់​អាយុ​៣៥​ឆ្នាំ​ទើប​អនុញ្ញាតឱ្យ​ប្រឡង​ចូល​នោះទេ​) រួមទាំង​មាន​សញ្ញាបត្រ​ច្បាប់​ឡើងទៅ​។ ACU  បាន​សង្កត់ធ្ងន់ថា រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ និង​ក្រសួងយុត្តិធម៌ ពិតជា​បាន​ដំណើរការ​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ បាន​ត្រឹមត្រូវ ទាំង​លក្ខខណ្ឌ​សមត្ថភាព លក្ខខណ្ឌ​អាយុ និង​ច្បាប់​ផ្សេងទៀត​។​
 
« ប្រសិនបើ​បេក្ខជន សយ យូ​សុមនា ឆ្លងកាត់​បាន​ដោយ​ជោគជ័យ ក្នុង​ការរៀន​សូត​វិជ្ជាជីវៈ​តុលាការ​រយៈពេល​២​ឆ្នាំ ហើយ​ប្រឡង​ជាប់​ធ្វើជា​ចៅក្រម​ក្តី ព្រះរាជអាជ្ញា​ក្តី នៅក្នុង​អាយុ​ជិត​២៣​ឆ្នាំ ក៏​មិន​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​ដ្ឋា​ន​អប់រំ បង្ការ និង​ទប់ស្កាត់​អំពើពុករលួយ ដែល​បាន​លើកយក​ករណី​បេ​ក្ខ​នារី យូ​សុមនា ទៅ​ធៀប​នឹង​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​លោកស្រី Sanna Marin វ័យ​៣៤​ឆ្នាំ​, លោក Mayank ចៅក្រម​នៅ​ឥណ្ឌា មាន​វ័យ​២១​ឆ្នាំ និង​កញ្ញា Jasmine ចៅក្រម​នៅ​អាមេរិក មាន​វ័យ​២៥​ឆ្នាំ​ជាដើម​។​
 

 
​ដ្បិត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អះអាង​បែបនេះ​ក្តី ប៉ុន្តែ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​រិះគន់​លើ​ភាព​វ័យក្មេង​របស់​បេ​ក្ខ​នារី សយ យូ​សុមនា មិន​ទទួលយក​ឡើយ​។​លោក សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​អះអាងថា ខ្លួន​បាន​រកឃើញ​ភាពមិនប្រក្រតី​ក្នុង​នីតិវីធី​ដាក់ពាក្យ​សុំចូល​ប្រឡងប្រជែង​សិស្ស​ចៅក្រម​នេះ ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ និង​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ហើយ​ចូលរួម​សង្កេត​ការ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​
 
«​ពាក្យ​សុំចូល​ប្រជែង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ បានបញ្ជាក់​ពី​ការភ្ជាប់ បរិញ្ញាប័ត្រ​ច្បាប់ ដែល​ចុះហត្ថលេខា នៅ​ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ តែ​ការពិត កញ្ញា សយ​យូ​សុមនា ទើបបាន​ប្រលង​នៅ​សម័យ​ប្រលង​បរិញ្ញាប័ត្រ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៩ នេះ​ទេ ដូចនេះ​ការដាក់​ពាក្យ​សុំចូល​ប្រជែង​សិស្ស​ចៅក្រម តើ​កញ្ញា​បាន​បរិញ្ញាប័ត្រ​ពី​ណា​ទៅ​ភ្ជាប់​ជាមួយ​ពាក្យសុំ ? (​ឬ​មានការ​ជ្រោមជ្រែង​ណាមួយ ? ប្រភព​ឯកសា គេហទំព័រ​ហ្វេ​ស​បុក​របស់ ACU)»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​គណបក្ស​ខ្មែរ ដែល​បាន​បន្ថែមថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ចំពោះ​បញ្ហា​នេះ ដោយ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ទាំង​ខ្វះចន្លោះ​។​
 
​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ស្នើឱ្យ​មានការ​ស៊ើបអង្កេត​ម្ដងទៀត​លើ​ករណី​ខាងលើនេះ​។ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា​នឹងមាន​ការពិនិត្យ​ជាថ្មី​ចំពោះ​ករណីនេះ ព្រោះ​ពលរដ្ឋ​កម្ពុជា​កំពុង​ទទូច​សុំឱ្យ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ ចុះបើ​គ្រាន់តែ​នីតិវិធី​សុំ​ប្រឡងប្រជែង​សិស្ស​ចៅក្រម​មាន​នីតិវិធី​បន្លប់ បន្លំ​យ៉ាងនេះ តើ​ចៅក្រម កន្លងមក​ដែល​បានចេញ​ធ្វើការ ពលរដ្ឋ​អាច​ទុកចិត្តបាន​ឬទេ​?»៕
 

Tag:
 ACU
  ពុករលួយ​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com