ជាតិ
២៥ខេត្ត/រាជធានី
ចាក់ដី​ចូល​សមុទ្រ​៖ សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​លោក ជា សុផារ៉ា ចុះ​ស្រាវជ្រាវ ហើយ​ព្រមាន​ដកតំណែង​អ្នកពាក់ព័ន្ធ​
21, Dec 2019 , 10:40 pm        
រូបភាព
សម្ដេច ហ៊ុន សែន នា​ពិធី​បុណ្យ​សមុទ្រ​លើក​ទី៨ ជុំទី២ ក្នុង​ខេត្តកំពត
សម្ដេច ហ៊ុន សែន នា​ពិធី​បុណ្យ​សមុទ្រ​លើក​ទី៨ ជុំទី២ ក្នុង​ខេត្តកំពត
​ភ្នំពេញ​៖ ពី​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ក្នុង​ខេត្តកំពត សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ករណី​ចាក់ដី​ចូល​សមុទ្រ​នៅ​ខេត្តកោះកុង ដើម្បី​ទប់ស្កាត់​និង​ការពារ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​


​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទទួលបាន​ព័ត៌មាន​រហៀងៗ​មក​ថា មាន​ជនខិលខូច​លួច​ចាក់ដី​ចូល​សមុទ្រ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ឡើយ ហើយ​ក៏មាន​មន្ត្រី​ទាហាន​កាង​នៅ​ពីក្រោយ​ផងដែរ​។​«​ខ្ញុំ​ហាក់ដូច​ជាមាន​ព័ត៌មាន​ថា នៅ​ខេត្តកោះកុង ក៏​នៅ​បន្ត​មានការ​ចាក់ដី​ចូលទៅក្នុង​សមុទ្រ ដោយ​គ្មាន​ការអនុញ្ញាត ខ្ញុំ​ស្នើឱ្យ​ឯកឧត្តម ជា សុផារ៉ា ក៏ដូចជា​អភិបាលខេត្ត​កោះកុង ពិនិត្យ​ជាបន្ទាន់​តើ​វា​មាន​ពិត​ទេ ហាក់ដូច​ជាមាន​នាយទាហាន​ផងដែរ ដែល​ចូលរួម​សកម្មភាព​ទាំងនេះ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​រម្លឹក​ទៀតថា «​ហាម​ចាក់ដី​នៅ​ទីកន្លែង​ណា ដែល​គ្មាន​ការអនុញ្ញាត​»​។ 

​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ប្រសិនជា​រកឃើញ​នាយទាហាន​រូប​ណា ពិតជា​ពាក់ព័ន្ធ​នឹង​ករណី​ចាក់ដី​ចូល​សមុទ្រ​មែន​នោះ ពួកគេ​នឹងត្រូវ​ដកចេញ​ពី​តំណែង​ភ្លាម​តែម្ដង​។ ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា បើសិនជា​រកឃើញ​ករ​ណី​នេះ ខ្ញុំ​មិន​អនុញ្ញាតឱ្យ​ពួកគេ ស្ថិតនៅ​ជា​នាយទាហាន​កម្ពុជា​បន្ត​ទៀត​ទេ​។ បើ​ទុកឱ្យ​ពួកគេ​(​នាយទាហាន​ទាំងនោះ​)​នៅ​ធ្វើ​រឿង​យ៉ាង​ដូច្នេះ នោះ​ពួកគេ​ទាំងនោះ​នឹង​ក្លាយជា​អ្នក​កសាង​រដ្ឋ​នៅក្នុង​រដ្ឋ​ហើយ ។​ដូច្នេះ គឺ​មិន​អនុញ្ញាត​ឱ្យមាន​ករណីនេះ​ទេ​»​។ 

​ដ្បិត​ការចាក់ដី​ត្រូវបាន​ហាមឃាត់ ប៉ុន្តែ​ក៏មាន​ករណីខ្លះ​ត្រូវបាន​លើកលែង​ផងដែរ​។ ក្នុងន័យនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ការអនុញ្ញាតឱ្យ​ចាក់ដី​ចូល​សមុទ្រ​បាន លុះត្រា​ជា​ករណី​ចាំបាច់​ដូចជា ការកសាង​កំពង់ផែ សម្រាប់​ការដឹកជញ្ជូន​, ការចាក់​ថ្ម ដើម្បី​ទឹក​រាំង​រលក សម្រាប់​បង្កើត​តំបន់​កម្សាន្ត​ខ្លះ ដែល​ស្ថិតនៅក្រោម​ការសិក្សា​ច្បាស់លាស់​ពី​អាជ្ញាធរ​ជំនាញ មុននឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាក់ដី ពោលគឺ​មិនមែនជា​ការចាក់ដី​ទាំង​បំពាន​ច្បាប់​ឡើយ​។​

«​កុំឱ្យ​ឆ្នេរសមុទ្រ​របស់​យើង ត្រូវ​បំផ្លាញ​ដោយសារ​ការទម្លាក់​បង្ហូ​រ​ទឹកស្អុយ​ចូលទៅក្នុង​សមុទ្រ ការចាក់ដី​បំពាន ទៅលើ​សមុទ្រ ការកាប់​ព្រៃកោងកាង​ចោល ដើម្បី​ទន្ទ្រាន​យក​ដី ។​ចំណុច​ទាំងអស់នេះ គឺជា​ចំណុច​ដែល​រដ្ឋបាលខេត្ត​នីមួយៗ ត្រូវធ្វើ​(​យកចិត្តទុកដាក់​ទប់​ស្កាត់​)»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​អំពាវនាវ​ឱ្យ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​នាំគ្នា​ទប់ស្កាត់ និង​ការពារ​តំបន់ឆ្នេរ ក៏ដូចជា​តំបន់​ទេសចរ​ផ្សេង​ទៀតផង​៕
 

Tag:
 ​ហ៊ុន សែន​
 ​ជា សុផារ៉ា​
 ​នយោបាយ​
 ​បុណ្យ​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com