អត្ថបទពាណិជ្ជកម្ម
បុគ្គលិកហត្ថាកសិករខេត្តសៀមរាម រួមគ្នាបរិច្ចាគឈាម
× នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩ បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ប្រមាណជាង៧០នាក់មកពីការិយាល័យសាខានានាស្ថិតក្នុងខេត្តសៀមរាបបានរួមគ្នាបរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត និងផ្តល់ក្តីស្រលាញ់”។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ប្រធាននិងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងនាយកសាខា និងបុគ្គលិក ហត្ថាកសិករ លីមីតធីត ដែលកំពុងបម្រើការងារនៅក្នុងខេត្តសៀមរាប។
ការបរិច្ចាគឈាមរបស់បុគ្គលិកហត្ថាកសិករក្នុងថ្ងៃនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវផ្នែកសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ។
លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយឃើញបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង។ លោកបានលើកឡើងថា “ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលក្រុមការងារហត្ថាកសិករបានរួមគ្នាស្ម័គ្រចិត្តដើម្បីបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុងថ្ងៃនេះ ហើយឈាមដែលបរិច្ចាគនេះនឹងជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺបានទាន់ពេលវេលា ពីព្រោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនឹងផ្តល់ឈាមជូនអ្នកជម្ងឺភ្លាមៗប្រសិនបើគាត់ត្រូវការបន្ទាន់និងចាំបាច់ ដោយមិនតម្រូវឲ្យរកមនុស្សមកបរិច្ចាគដើម្បីផ្លាស់ប្តូរឡើយ“។
លោក កៅ គីវុធ នាយកសាខាហត្ថាកសិករ ខេត្តសៀមរាប បានមានប្រសាសន៍ថា “ដោយយល់ច្បាស់ពីភាពចាំបាច់នៃតម្រូវការឈាមសម្រាប់ជួយសង្គ្រោះអ្នកជម្ងឺ ទើបបុគ្គលិកហត្ថាកសិករដែលកំពុងបម្រើការងារនៅការិយាល័យសាខានានាក្នុងខេត្តសៀមរាបបានកេណ្ឌប្រមូលគ្នាមកបរិច្ចាគឈាម”។ លោកបន្តថា “ការបរិច្ចាគឈាមពិតជាសំខាន់ណាស់ ព្រោះអាចជួយសង្គ្រោះជីវិតមនុស្ស និងធ្វើឲ្យមនុស្សជាច្រើននៅជុំវិញគាត់សប្បាយរីករាយ”។ ជាចុងក្រោយលោកសង្ឃឹមថាសកម្មភាពក្នុងថ្ងៃនេះនឹងក្លាយជាគម្រូដ៏ល្អ ព្រមទាំងអាចជួយបំផុសបំផុលឲ្យមានការស្ម័គ្រចិត្តបរិច្ចាគឈាមកាន់តែច្រើន។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានបង្ហាញចំណាប់អារម្មណ៍បើកកម្មវិធី ដោយលោកបានលើកឡើងថា “ខ្ញុំសូមកោតសរសើរដល់លោកគ្រូ-អ្នកគ្រូដែលជាបុគ្គលិកហត្ថាកសិករ សម្រាប់ទឹកចិត្តនិងការស្រុះស្រួលគ្នាមកបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត និងផ្តល់ក្តីស្រលាញ់នាពេលនេះ”។ លោកបន្តថា “ការបរិច្ចាគឈាមផ្តល់អត្ថប្រយោជន៍សំខាន់ធំៗចំនួនបីគឺ ទី១ជួយឲ្យអ្នកបរិច្ចាគមានសុខភាពល្អ ទី២ជួយសង្គោះជីវិតមនុស្ស និងទី៣គឺជាការចូលរួមក្នុងសកម្មភាពសង្គមដ៏សំខាន់”។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា “លុយមិនអាចទិញជីវិតបានទេ ប៉ុន្តែឈាម១កំប្លោកអាចសង្គ្រោះជីវិតមនុស្សបាន”។
សូមបញ្ជាក់ថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៦ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១២៩ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com