ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន​៖ ការលុបបំបាត់​ល្បែង​អន​ឡាញ ដើម្បី​ធានា​សុវត្ថិភាព​អ្នកជំនួញ​ធំៗ​
22, Dec 2019 , 10:41 am        
រូបភាព
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សម្ដេច ហ៊ុន សែន បានប្រកាសថា កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​ល្បែង​អន​ឡាញ​បែប​អនាធិបតេយ្យ​ឡើយ ហើយ​សេដ្ឋកិច្ចកម្ពុជា ក៏​មិន​ពឹង​ផ្អែកលើ​វិស័យ​នេះដែរ​។ លោកនាយក​រដ្ឋមន្ត្រី ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​លើក​ទី​៨ ដែល​ធ្វើឡើង​នៅក្នុង​ខេត្តកំពត កាលពី​ថ្ងៃទី​២១ ធ្នូ​។​


 
​សម្ដេច ហ៊ុន សែន បាន​និយាយថា ការបើក​ឱ្យមាន​ល្បែង​អន​ឡាញ​នេះ វា​ធ្វើ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ពីរ គឺ បញ្ហា​លាងលុយកខ្វក់ និង​បញ្ហា​អសន្តិសុខ ដែល​បង្កឡើង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា (​ក្រុម​ជនពាល​)​។ សម្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហា​ទាំងនេះ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការវិនិយោគ និង​សេដ្ឋកិច្ចកម្ពុជា ដូច្នេះ​មានតែ​ការលុបបំបាត់ចោល​ល្បែង​អន​ឡាញ​ទេ ទើប​កម្ពុជា​អាច​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បាន​។​
 
«​មនុស្ស​មួយចំនួន​ព្រួយបារម្ភ​អំពី​បញ្ហា​បាត់​អន​ឡាញ នៅពេល​ដែលមាន​អន​ឡាញ នាំគ្នា​ព្រួយបារម្ភ​អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​។ នៅពេលដែល​យើង​បិទ​អន​ឡាញ​គេ​ព្រួយបារម្ភ​អំពី​ការបាត់​ជនជាតិ​ចិន​ពី​កម្ពុជា​។ តើ​អ្នក​ចង់បាន​អ្វី​ពិតប្រាកដ​? សម្រាប់​ខ្ញុំ ខ្ញុំ​សង្កេតឃើញថា បើ​សេដ្ឋកិច្ចកម្ពុជា​ពឹងពាក់​តែ​លើ​អន​ឡាញ កម្ពុជា​នឹង​ក្លាយទៅជា​អ្នករងគ្រោះ​សម្រាប់​បញ្ហា​សន្ដិសុខ​ជាតិ​របស់ខ្លួន យើង​ស្ថិតនៅក្រោម​ការគំរាមកំហែង នៃ​ក្រុម​ម៉ាហ្វីយ៉ា​ដែល​ជ្រៀត​ចូលមកក្នុង​ប្រទេសរ​បស់​យើង ដើម្បី​ធ្វើ​សកម្មភាព យើង​ក៏​ស្ថិតនៅក្នុង​ស្ថានភាព ដែល​នឹង​ក្លាយទៅជា​ប្រទេស​នៃ​គោលដៅ នៃ​ការលាង​លុយកខ្វក់ តាមរយៈ​អន​ឡាញ​»​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន​។​
 
​សម្ដេច ហ៊ុន សែន បានប្រកាស​ក្ដែ​ងៗ​ថា សេដ្ឋកិច្ចកម្ពុជា មិនត្រូវ​ពឹងផ្អែក​លើ​វិស័យ​អន​ឡាញ​នេះ​ទេ ហើយ​កម្ពុជា​ត្រូវការ​តែ​អ្នកវិនិយោគ​សុច្ចរិត​ប៉ុណ្ណោះ​។ ប្រមុខ​រដ្ឋាភិបាល និយាយ​ដូច្នេះ​ថា​៖«​យើង​នឹង​បាត់បង់​នូវ​សុវត្ថិភាព​អ្នកជំនួញ​ធំៗ អ្នករក​ស៊ីធំៗ​ដែលជា​អ្នកមាន​ប្រាក់​មិន​ហ៊ាន​ចូលមក​កម្ពុជា ដោយសារ​ខ្លាច​ពួកក្រុម​ម៉ាហ្វីយ៉ា ដូច្នេះ​អ្វី​ក៏ដោយ​ត្រូវមាន​ការបង់ថ្លៃ ។​យើង​សុខចិត្ត​មិនមាន​អន​ឡាញ ក៏ប៉ុន្ដែ​យើង​ច្បាស់​ជា​នាំមក​នូវ​ប្រទេស​របស់​យើង​ប្រកប​ដោយមាន​សន្ដិសុខ ហើយ​យើង​នាំមក​នូវ​ដោយ​អ្នកវិនិយោគ​សុច្ចរិត និង​អ្នកវិនិយោគ​ដែលមាន​ប្រាក់កាស​មក​រស់នៅ​កម្ពុជា​»​។​
 
​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ល្បែង​អន​ឡាញ​នឹង​លែងមាន​វត្តមាន​ទាំងស្រុង​នៅ​កម្ពុជា ក្រោយ​ដល់ពេល​កំណត់​នៃ​ការពន្យា​សុពលភាព​អាជីវ​កម្មនេះ​។​

កាលពី​ថ្ងៃទី​១៨ សីហា​កន្លងមក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ហាម​មិន​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​ឡើយ​។ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​។​
 
​សារាចរ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖ «​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង​និង ក្រៅប្រទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​»​។​

អត្ថបទទាក់ទង

 
ការប្រកាស​បិទ​ល្បែង​កាស៊ី​ណូង​ន​ឡាញ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចាប់បញ្ជូន​ជនជាតិ​ចិន​១៨០​នាក់​នៅ​ខេត្ត​ព្រះសីហនុ​ចេញពី​កម្ពុជា ដោយសារ​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Voice Over Internet Protocol (VOIP)​។ បើ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ មកដល់​ខែកក្កដា ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនល្មើស​ជ​ន​ជាតិចិន​ប្រមាណ ២, ៧០០​នាក់​ហើយ ចេញពី​កម្ពុជា​។​
 
​ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​វិធានការ​តឹងរឹង​ក្នុង​ការបិទ និង​បង្ក្រាប​កាស៊ីណូ​អន​ឡាញ​នេះ វា​បានធ្វើឱ្យ​ជនជាតិ​ចិន​ចាក​ចេញពី​កម្ពុជា ជា​បន្តបន្ទាប់ ។ ក្នុងនោះ​មាន​ជនជាតិ​ចិន​ប្រហែល​៦​ពាន់​នាក់​ចាកចេញ ខណៈ​ជនជាតិ​៥​ពាន់​នាក់​មកកាន់​កម្ពុជា​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ៕​
 
 
 

Tag:
 ហ៊ុន សែន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com