ជាតិ
ឆ្នាំ​២០១៩ តំបន់ឆ្នេរ​ទទួលបាន​ទេសចរ​អន្តរជាតិ​១,៣​លាន​នាក់
22, Dec 2019 , 11:08 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍(រូបពីក្រសួង)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍(រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ តំបន់ឆ្នេរ​នឹងមាន​កំណើន​ទេសចរ ទាំង​ភ្ញៀវ​អន្តរជាតិ និង​ភ្ញៀវ​ជាតិ សម្រាប់​ឆ្នាំ​២០១៩​នេះ​។ នេះ​ជាការ​អះអាង​របស់​រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន នាឱកាស​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​នៅ​ខេត្តកំពត នៅ​ថ្ងៃទី​២១​ខែធ្នូ​។​


 
​ឆ្នាំ​ចាស់​ជិត​បញ្ចប់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ប៉ាន់ប្រមាណ​ថា តំបន់ឆ្នេរ​របស់​កម្ពុ​ជា​នឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ១​លាន​៣​សែន​នាក់​ក្នុង​ឆ្នាំ​២០១៩​នេះ កើនឡើង ៤,៥​ភាគរយ ដែល​កាន់កាប់​ចំណែក​ទីផ្សារ​១៥​ភាគរយ​នៃ​ភ្ញៀវ​អន្តរជាតិ​មក​កម្ពុជា​។ ចំណែក​ទេសចរ​ជាតិ តំបន់ឆ្នេរ​នឹង​ទទួលបាន ៣,៤​លាន​នាក់ កើនឡើង ៣​ភាគរយ​។

 ​តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២០ តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១,៧​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៣,៥​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧,៥​លាន​នាក់ ក្នុង​កំណើន​ជា​មធ្យម ១០​ភាគរយ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៥,៥​លាន​នាក់ កើន​ឡើងជា​មធ្យម ៥​ភាគរយ​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ លើកឡើងថា ឆ្នេរ​របស់​កម្ពុជា​ប្រកបដោយ​សក្ដានុពល និង​មានការ​ទទួលស្គាល់​កិត្យានុភាព​ពី​អន្តរជាតិ​។ លោក ថោង ខុន ត្រូវបាន​ស្រង់​សំដី​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​យ៉ាង​ដូច្នេះ​ថា​៖«​ភាពសម្បូរ​បែប​នៃ​ធនធានធម្មជាតិ និង​វប្បធម៌​នៅតាម​បណ្តា​ឆ្នេរសមុទ្រ និង​កោះ​នានា គឺជា​ឧត្តមភាព​ប្រកួតប្រជែង ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​បានធ្វើ​ឲ្យ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​កំពុង​ទទួល​ស្វាគមន៍​កំណើន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​»​។​
 
​បន្ទាប់ពី​បាន​ក្លាយជា​សមាជិក​កាលពី​ឆ្នាំ​២០១១ កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​កាន់តំណែង​សំខាន់ៗ​ក្នុង​ក្រុមប្រឹក្សាភិបាល​ក្លឹប​ឆ្នេរ ដែល​រួមមាន​៖ អនុប្រធាន​ក្លឹប​ទទួលបន្ទុក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ២​អាណត្តិ​ជាប់​គ្នា​គឺ ឆ្នាំ​២០១២-២០១៥ និង ឆ្នាំ​២០១៥-២០១៨ និង​ជា​អគ្គនាយករង​ក្លឹប​សម្រាប់​អាណត្តិ ២០១៨-២០២១​។ នេះ​បើតាម​លោក ថោង ខុន ។​
 
​លោក ថោង ខុន បន្ថែមថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរ​លើក​ទី​១៨ នៅ​ឆ្នាំ​២០២២ ខាងមុខ​។  ព្រម​ជាមួយនេះ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​លើក​ទី​១ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា នា​ថ្ងៃទី​០៤-០៦ ខែមករា ឆ្នាំ​២០២០ ក្រោម​កិច្ចសហការ​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា ក្លឹប​ឆ្នេរ និង​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ​៕
 

Tag:
 តំបន់ឆ្នេរ
© រក្សាសិទ្ធិដោយ thmeythmey.com