កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ក្លាយជា​ម្ចាស់​ពាន Club World Cup ជា​ប្រវត្តិសាស្ត្រ
22, Dec 2019 , 1:58 pm        
រូបភាព
​មួយ​គ្រាប់​របស់​ខ្សែប្រយុទ្ធ Roberto Firmino នៅ​ម៉ោង​បន្ថែម បាន​ជួយ Liverpool យកឈ្នះ Flamengo ១-០ ដើម្បី​លើក​ពាន FIFA Club World Cup ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។​





នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Khalifa International ក្រុង​ដូ​ហា ប្រទេស​កាតា Liverpool ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប UEFA Champions Leageu ត្រូវ​ប៉ះ​ម្ចាស់​ពាន​តំបន់​អាមេរិក​ឡាទីន Flamengo នា​ថ្ងៃទី​២១ ខែធ្នូ​។​
 
​ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ផ្ទាល់​ជិត​៥០០០០​នាក់ ក្រុម​ទាំង​ពីរបាន​បើក​ការ​វាយ​សម្រុក​គ្នា​យ៉ាងខ្លាំង​ក្លា តាំងពី​វគ្គ​ទី​១​រហូត​ចប់​ការប្រកួត​៩០​នាទី​ប៉ុន្តែ​នៅតែ​គ្មាន​គ្រាប់​សុទ្ធ​ចូលគ្នា​។ រហូត​ចូលដល់​ម៉ោង​បន្ថែម​១៥​នាទី​លើក​ទី​១ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Firmino បានសម្រេច​ទី​គ្រាប់​ជ័យជម្នះ​ឲ្យ​ហង្ស​ក្រហម​នៅ​នាទី​៩៩ ដែលជា​គ្រាប់​បាល់​ធ្វើ​ឲ្យ​ក្រុម​នៅ​ប្រទេស​ខ្លួន Flamengo សល់​ត្រឹម​ការខកចិត្ត​។​


 
​នេះ​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់ Liverpool ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Jürgen Klopp ដែល​អាច​លើក​ពាន​តំណាង​ទ្វីប​មួយ​នេះ​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បានធ្វើ​ឲ្យ​ក្រុម​អង់គ្លេស​មួយ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ចូលចិត្ត​កីឡាបាល់ទាត់​ចាប់តាំងពី​លោក​ឡើងទៅ​ដឹកនាំ​នៅ​ឆ្នាំ​២០១៥​។​
 
Liverpool ពិតជា​ត្រូវបានគេទទួលស្គាល់​ថា​បាន​ផ្លាស់ប្តូរ​របៀប​លេង​គួរ​ឲ្យ​កត់សម្គាល់​រហូត​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​កាលពី​ឆ្នាំ​មុខ និង​រង​ជើងឯក​ក្របខណ្ឌ Premier League ដោយ​ចាញ់​ពិន្ទុ​ក្រុម​ជើងឯក Manchester City តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​នេះ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ដើម្បី​ឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​បាន​ដ្បិត​មាន​ពិន្ទុ​នាំមុខ​ដាច់ និង​មិនទាន់​ស្គាល់​ចាញ់​ឡើយ​។​
 
​សម្រាប់​តំណែង​ចំណាត់ថ្នាក់​ទី​៣ នៃ​ពាន Club World Cup ឆ្នាំ​២០១៩​នេះ បាន​ទៅ​ក្រុម​របស់​ម៉ិ​ស៊ិ​ក Monterrey ក្រោយ​ពួកគេ​ឈ្នះ​ក្រុម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត Al Hilal ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៤-៣​។ ក្រុម​ទាំងពី​បញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​ដោយ​លទ្ធផល​ស្មើគ្នា ២-២៕







Tag:
 Club World Cup
  Liverpool
  Flamengo
© រក្សាសិទ្ធិដោយ thmeythmey.com