ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​ករ Saemapetch Fairtex ឡើង​ប្រកួត​មួយ​ថៃ ដើម្បី​ចិញ្ចឹម​គ្រួសារ​
23, Dec 2019 , 7:59 am        
រូបភាព
ដោយ​៖ ស៊ី​ធី​
Saemapetch Fairtex មានជីវិត​តស៊ូ​យ៉ាង​លំបាក ដោយរូបគេជាអ្នក​ជួយ​ឪពុក​ម្ដាយ​ដែលមាន​មុខរបរ​ជា​អ្នក​រើស​ប្លា​ស្ទិ​ក និង ពុះឧស​លក់​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ យ៉ាងណាក្ដី កីឡាករប្រដាល់​មួយ​ថៃ​រូបនេះ​បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារធូរធារឡើងវិញ និង​អាច​រស់​នៅបាន​សមរម្យ តាមរយៈ​ការឡើង​សង្វៀន​ម្តងៗ​។​


 
​ក្នុង​គ្រា​លំបាក ឪ​ពុក​ម្ដាយ​របស់ Saemapetch រកលុយ​បាន​មិន​ដល់ ៣ ដុល្លារ​ទេ​ក្នុង​មួយថ្ងៃ​​។ បែបណា​ក្ដី Saemapetch បានកំណត់​អំពី​គោលដៅ​ធ្វើ​អ្វីៗ​ដើម្បី​ជួយ​មនុស្ស​ជាទី​ស្រលាញ់ និង គ្រួសារ ហើយ​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរឡើង​។ «​ខ្ញុំ​ចង់​ជួយ​គ្រួសារ​ខ្ញុំ​ណាស់​ទើប​ខ្ញុំ​ចាប់ផ្ដើម​ហាត់​ក្បាច់​មួយ​ថៃ​។ ឪពុកម្ដាយ​របស់ខ្ញុំ​ជា​អ្នកដើរ​រើស​ថង់​ប្លា​ស្ទិ​ក យកទៅលក់​។ ពួកគាត់​ប្រមូលរបស់​អេតចាយ​យក​លក់​ឲ្យ​ខ្ញុំ​ចូល​សាលា​។ ខ្ញុំ​តែងតែ​រក​វិធី​ដើម្បី​ជួយ​គ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​ដល់​មេភូមិ​របស់ខ្ញុំ ដែល​ជួយ​ឲ្យ​ខ្ញុំ​ហាត់​មួយ​ថៃ​នៅផ្ទះ​គាត់​មុន​ផ្លាស់​ទៅ​ក្លិប​ថ្មី​»​។​
 
​ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក រំលឹក​ទៀតថា​៖«​គាត់​សួរ​ខ្ញុំ​ថា​ចង់​ប្រកួត​មួយ​ថៃ​ទេ ហើយ​ខ្ញុំ​ប្រាប់ថា ខ្ញុំ​ចង់​។ ពូ​មេភូមិ​ដាក់​ឲ្យ​ខ្ញុំ​ប្រកួត​ដំបូង​។ ខ្ញុំ​ចាំ​មិន​ភ្លេច ខ្ញុំ​ប្រកួត​ដំបូង​ចាញ់ ហើយ​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងណាទេ​។ ពេល​ចាញ់​ប្រកួត​នោះ​ទើប អា​ចរក​វិធី​ឈ្នះ​បាន​។ ខ្ញុំ​ធ្វើ​បានល្អ និង​សុំា​ទៅនឹង​ការប្រកួត​»​។ 


 
​បន្ទាប់ពី​នោះមក រូបគេ​បាន​ប្រកួត​ញឹកញាប់​តាម​កម្មវិធី​បុណ្យ​នានា​។ កីឡាករ​ជើង​ខ្លាំង​ថៃ​ដដែល​គូសបញ្ជាក់ថា​៖«​ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​ទទួលបាន ១៧ ដុល្លារ​ក្នុង​ជ័យជម្នះ​ដំបូង​។ ខ្ញុំ​ជូន​លុយ​ទៅ ម្ដាយ​របស់ខ្ញុំ​ទាំងអស់​ព្រោះ​ពួកគាត់​មិនដែល​រកលុយ​បាន​ច្រើន​។ ខ្ញុំ​សប្បាយចិត្ត​បំផុត ដែល​បាន​ជួយ​គ្រួសារ​របស់ខ្ញុំ​។ វា​ពិត​ចំណូល​សំខាន់​ណាស់ ។ ឥឡូវនេះ ខ្ញុំ​សែន​រីករាយ​ដែល​បាន​ប្រកួត​នៅ សង្វៀន ONE​។ ខ្ញុំ​វ៉ៃ​តំណាង​ឲ្យ​ថៃ ក្នុង​ពិភពលោក​»​។ 
 
Saemapetch Fairtex មាន​ស្រុកកំណើត​នៅ​ខេត្ត Chiang Mai ប៉ុន្តែ​រូបគេ​ធំធាត់ Chiang Rai ដោយមាន​ឳ​ពុក​ម្ដាយ​ជា​អ្នកស៊ីឈ្នួល​ពុះឧស​ដើម្បី​ចិញ្ចឹមជីវិត​។ 
 
 Saemapetch Fairtex ដែលជា​ម្ចាស់​ខ្សែក្រវាត់  MTGP Welterweight World Champion បានកើត​នៅក្នុង​ត្រកូល​ក្រីក្រ​មួយ និង​បាន​ជួយ​ឳ​ពុក​ម្ដាយ​ប្រមូល​ដប និង​ប្លា​ស្ទិ​ក សម្រាប់​លក់​ដើម្បី​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ​។ ដោយ​ចៃដន្យ មេភូមិ​ស្ថិតក្នុង​ភូមិតូច​មួយ​បានឃើញ​រូបគេ​តាមផ្លូវ និង បាន​ណែនាំ​រូបគេ​ឲ្យ​ទៅ​ហ្វឹកហាត់​ក្បាច់គុន​មួយ​ថៃ​។ បន្ទាប់មក​ជីវិត​របស់គេ​ក៏មាន​ការផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់​មិន​ធ្លាប់មាន​។ 
 
​ដោយសារ​មាន​ទេពកោសល្យ​ល្អ​ផង​នោះ Saemapetch បាន​ឡើង​ប្រកួត​នៅ​សង្វៀន​លើកដំបូង​ត្រឹម​អាយុ ១១ ឆ្នាំ​ប៉ុណ្ណោះ ហើយ ៣ ឆ្នាំ​បន្ទាប់ បាន​ឡើងទៅ​ប្រកួត​នៅ​សង្វៀន​ល្បី​នៅ​ថៃ  Rajadamnern Stadium នៅ​រាជធានី​បាងកក​។ បច្ចុប្បន្ននេះ Saemapetch ជា​កូនសិស្ស​នៅ​ក្លិប Fairtex Pattaya ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ជាមួយ​វីរបុរស​ថៃ​កីឡាករ Yodsanklai IWE Fairtex និង​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ពីរ​កីឡាការិនី Stamp Fairtex​។ Saemapetch ឈ្នះ​ខ្សែក្រវាត់ Tiger Cement Tournament ពីស​ង្វៀន​ប៉ុស្តិ៍​លេខ​៧ (Channel 7 Stadium) ទើប​មាន​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ និង ខែមេសា ឆ្នាំ ២០១៨ អាច​ឈ្នះ​ខ្សែក្រវាត់ MTGP Welterweight World Title បន្ថែមទៀត​។​


 
Saemapetch ទទួលបាន​បទពិសោធ​ន៍​យ៉ាងច្រើន និង បាន​ឡើងទៅ​ប្រកួត​នៅ​សង្វៀន​ល្បីៗ​នៅ​ប្រទេស​ថៃ​ទល់នឹង​កីឡាករ​ល្បីៗ និង ជើងចាស់​ជាច្រើន​។ គេ​ជា​កីឡាករ​លេចធ្លោ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពេល​ហ្វឹកហាត់ ហើយក៏​បាន​សាង​កេរ្តិ៍ ឈ្មោះ​យ៉ាង​ល្អ​បំផុត​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE ជាពិសេស​ឡើង​ប្រកួត​ក្នុង​កម្មវិធី ONE Super Series​។ កីឡាករ​ដដែល​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា​រូបគេ​ជា​អ្នកលេង​ក្បាច់គុន​មួយ​ថៃ​ល្អ​បំផុត​ម្នាក់​កម្រិត​ពិភពលោក​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕
 

© រក្សាសិទ្ធិដោយ thmeythmey.com