អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសសុំទោស ក្រោយទៅលំហែកាយទាំងភ្លើងកំពុងឆេះព្រៃក្នុងស្រុក
× នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី២០ ខែធ្នូ បានប្រកាសសុំទោសជាសាធារណៈ បន្ទាប់ពីចំណាយពេលវិស្សមកាលជាមួយគ្រួសារ ស្របដែលភ្លើងឆេះព្រៃកំពុងអុកឡុកក្នុងរដ្ឋជាច្រើន។ ខណៈការរិះគន់លាន់រន្ថើនកាន់តែខ្លាំង លោក ម៉ូរីសុន បានប្រញាប់ចូលស្រុកវិញដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ យ៉ាងណាមិញ លោកបាននិយាយការពារខ្លួនថា វិស្សមកាលនោះ ជាអ្វីដែលោកបានសន្យាជាមួយកូនៗ និងត្រូវបានគ្រោងទុកមុន។
អូស្ត្រាលី កំពុងតែតស៊ូនឹងភ្លើងឆេះព្រៃកំពុងតែរាតត្បាតនៅរដ្ឋចំនួនបីក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ ភ្លើងឆេះព្រៃ បានបំផ្លាញផ្ទះច្រើនជាង៧០០ខ្នង ហើយព្រៃឈើ និងដីធ្លីប្រមាណ១,២លានហិចតាទៀត។ អ្នកពន្លត់អគ្គីភ័យពីរនាក់ បានស្លាប់ក្នុងពេលបំពេញភារកិច្ចនៅរដ្ឋ New South Wales ដែលធ្វើឲ្យចំនួនបុគ្គលិកពន្លត់អគ្គីភ័យស្លាប់ក្នុងភ្លើងឆេះព្រៃដែលផ្ទុះឡើងកាលពីខែតុលា កើនដល់៨នាក់ទៅហើយ។
ក្រោយទទួលបានព័ត៌មានមរណភាពនេះ នាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន ក៏ប្រញាប់ប្រញាលត្រឡប់ចូលស្រុកវិញ ខណៈលោកកំពុងតែរីករាយវិស្សមកាលជាមួយគ្រួសារនៅឯរដ្ឋហាវ៉ៃ។ ដំណើរវិសម្សកាលនេះ ធ្វើឲ្យលោក ម៉ូរីសុន រងការរិះគន់យ៉ាងខ្លាំង ខណៈប្រទេសជាតិកំពុងជួបបញ្ហាបន្ទាន់នោះ។
ក្នុងសេចក្ដីការណ៍ថ្ងៃទី២០ ខែធ្នូ លោក ម៉ូរីសុន បានបង្ហាញការសោកស្ដាយទៅកាន់អ្នករងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះព្រៃដែលរងការប៉ះពាល់ពីការចំណាយពេលសម្រាប់គ្រួសាររបស់លោក។ ក្រោយមក លោក ម៉ូរីសុន ក៏ប្រាប់វិទ្យុ 2GB ថា ដំណើរកម្សាន្តគ្រួសាររបស់លោក ត្រូវបានរៀបចំដើម្បីឲ្យកូនស្រីរបស់លោកភ្ញាក់ផ្អើល និងដើម្បីជំនួសដំណើរកម្សាន្តមួយដែលគ្រោងធ្វើក្នុងខែមករាកន្លងទៅ តែក៏ត្រូវលុបចោលវិញព្រោះលោកជាប់រវល់ទស្សនកិច្ចនៅជប៉ុន និងឥណ្ឌា។
នាយករដ្ឋមន្ត្រីអូស្ត្រាលីមកដល់ស្រុកថ្ងៃទី២១ ខែធ្នូ ហើយនៅថ្ងៃទី២២ លោកក៏ទៅចុះត្រួតពិនិត្យទីស្នាក់ការពន្លត់អគ្គីភ័យនៅទីក្រុងស៊ីដនី។ នៅទីនោះ លោក ម៉ូរីសុន ប្រាប់អ្នកសារព័ត៌មានថា ជនជាតិអូស្ត្រាលីមានការយល់ដឹងច្រើន រាប់ការរក្សាពាក្យសន្យាជាមួយកូនៗផងដែរ។ យ៉ាងណាមិញ ក្នុងនាមជានាយករដ្ឋមន្ត្រី លោកក៏មានការទទួលខុសត្រូវផ្សេងទៀត ហើយសូមទទួលយកពាក្យរិះគន់ទាំងអម្បាលម៉ាន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Bloomberg ។
លោក ម៉ូរីសុន បានលើកឡើងពីមូលហេតុជាច្រើនដែលនាំឲ្យមានភ្លើងឆេះព្រៃសន្ធោសន្ធៅដែលកើតឡើងអំឡុងពេលរលកកម្ដៅក្ដៅនៅអូស្ត្រាលី។ ជាមួយគ្នានេះ ភ្នាក់ងារពន្លត់អគ្គីភ័យ៣០នាក់ពីកាណាដា និង៩នាក់ពីអាមេរិក នឹងចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ៕
Tag:
អូស្ត្រាលី
ស្កុត ម៉ូរីសុន
© រក្សាសិទ្ធិដោយ thmeythmey.com