អន្តរជាតិ
ត្រឹម​ពីរ​ខែ Youtuber ឈ្មោះ MrBeast បាន​ថវិកា​ជាង​២០​លាន​ដុល្លារ​ក្នុង​យុទ្ធនា​ការដាំ​ដើមឈើ​
23, Dec 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
​មិនទាន់​ដល់​ពីរ​ខែ​ស្រួលបួល​ផង លោក Jimmy Donaldson ជនជាតិ​អាមេរិក ដែលជា​ម្ចាស់​គណនី Youtube ដ៏​ល្បីឈ្មោះ «MrBeast» សម្រេច​ហួស​ផែនការ​របស់ខ្លួន ដោយ​ទទួលបាន​ទឹកប្រាក់​សប្បុរស​ជាង​២០​លាន​ដុល្លារ​អាមេរិក​សម្រាប់​យុទ្ធនា​ការដាំ​ដើមឈើ​២០​លាន​ដើម #TeamTrees ។​



​ក្រោម​សហការ​ជាមួយ​មូលនិធិ Arbor Day Foundation យុទ្ធនាការ #TeamTrees របស់ Donaldson ម្ចាស់ Youtube «MrBeast» ដែលមាន Subscribers ជិត​២៨​លាន ទទួលបាន​ម្ចាស់ជំនួយ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២៥ ខែតុលា មក ពោល​គឺមាន​អ្នកចូលរួម​ជាង​កន្លះ​លាន​នាក់ រួមទាំង​មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​ជាច្រើនរូប​ផងដែរ​។​
 
​លោក Donaldson ចង់​បង្ហាញថា អ្នកលេង Youtube មិនមែន​តែ​ធ្វើ​សកម្មភាព​បែប​សិល្បៈ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។ កត្តា​ដែល​នាំ​ឲ្យ​យុទ្ធនាការ #TeamTrees ឈាន​ថវិកា​ច្រើនជាង​ផែនការ​កំណត់​នោះ ក៏​ដោយសារតែ​មានការ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ពី​សំណាក់ Youtube ល្បីៗ​ផ្សេងទៀត ក្នុងនោះ​មាន​លោក Jimmy Kimmel ផងដែរ​។​


 
 
​ក្នុងចំណោម​សប្បុរសជន​ជាង​កន្លះ​លាន​នាក់ បុគ្គល​ល្បីៗ​ដែល​បាន​ចូលរួម មានដូចជា លោក Elon Musk អគ្គនាយក​ក្រុមហ៊ុន Tesla និង SpaceX (១​លាន​ដុល្លារ​អាមេរិក​) លោក Tobi Lutke អគ្គនាយក Shopify (១០០០, ០០១​ដុល្លារ​អាមេរិក​) រួមទាំង​លោក Jack Dorsey អគ្គនាយក Twitter និង Square, លោកស្រី Susan Wokckicki អគ្គនាយិកា Youtube ជាដើម​។​
 
​លោក Donaldson បាន​អះអាងថា យុទ្ធនាការ #TeamTrees សម្រាប់​គម្រោង​ដើមឈើ​២០​លាន​ដើម​នេះ នឹងធ្វើ​ឡើង​នៅតាម​តំបន់​ព្រៃ ដីឯកជន និង​សាធារណៈ​នានា ដែល​ត្រូវការ​ដើមឈើ ដើម្បី​ចូលរួម​កាត់បន្ថយ​សារធាតុ​គីមី​ពុល​ក្នុង​បរិយាកាស​។ 
 
​យោងតាម​ការផ្សាយ​រប​ស់ The Verge គម្រោង​ដាំ​នឹង​ចាប់ពី​ខែមករា ឆ្នាំ​២០២០ រហូតដល់​ខែធ្នូ ឆ្នាំ​២០២២​។ បើទោះបីជា​មូលនិធិ Arbor Day Foundation ប្រតិបត្តិការ​នៅ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេងៗ​ក៏ដោយ ប៉ុន្តែ​ដើមឈើ​ភាគច្រើន​នឹង​ដាំ​នៅតាម​ឧទ្យាន​ជាតិ​ក្នុង​សហរដ្ឋអាមេរិក​៕
 

Tag:
 បរិស្ថាន​
  TeamTrees
© រក្សាសិទ្ធិដោយ thmeythmey.com