អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
រដ្ឋាភិបាល​គ្រោង​សង់ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ភ្ជាប់​ពី​សង្កាត់​ព្រែកប្រា មក​សង្កាត់​ចាក់អង្រែលើ​
23, Dec 2019 , 9:55 am        
រូបភាព
រូបតំណាង៖ ស្ពានឆ្លងកាត់ទន្ល
រូបតំណាង៖ ស្ពានឆ្លងកាត់ទន្ល
ដោយ: ថ្មីៗ
រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ចុះ​សិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ភ្ជាប់​ពី​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មក​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
 
​ការសិក្សា​គម្រោង​នេះ ធ្វើឡើង​បន្ទាប់ពី​សង្កេតឃើញថា ប្រជាពលរដ្ឋ​មាន​លំបាក​ក្នុងការ​ធ្វើដំណើរ ដែល​បណ្ដាលមកពី​ការកកស្ទះ​ចរាចរណ៍ នៅ​តប​ន់​ច្បារអំពៅ និង​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​។​
 
​យោងតាម​សេចក្ដីសម្រេច​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមការងារ និង​ចាត់តាំង​អភិបាលខណ្ឌ​ច្បារអំពៅ និង​ខណ្ឌមានជ័យ ជា​អនុប្រធាន​ក្រុមការងារ ព្រមទាំង​សមាជិក ១៧ នាក់​ផ្សេងទៀត​ដើម្បី​ធ្វើ​ការងារ​នេះ​។​
 
​ក្នុង​ជំហាន​បន្ទាប់ ក្រុមការងារ​នឹង​ចុះ​សិក្សា​កំណត់​ទីតាំង​សាងសង់ ដើម្បី​លើក​គម្រោង​ប្លង់​សាងសង់​ស្ពាន ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ និង​ការងារ​សំខាន់ៗ​មួយចំនួនទៀត​។​
 
​សូមបញ្ជាក់ថា ស្ពាន​ដែល​ឆ្លងកាត់​ទន្លេបាសាក់​មាន​ចំនួន ៤ ខ្សែ  ១. ស្ពាន​ព្រះមុនីវង្ស សាងសង់​ក្នុង​ឆ្នាំ​១៩៦០ ប្រវែង ២៦៩ ម៉ែត្រ​។ ២.​ស្ពាន​តាខ្មៅ សាងសង់​ក្នុង​ឆ្នាំ​២០១៥ មាន​ប្រវែង ៨៥៥ ម៉ែត្រ​។ ៣.​ស្ពាន​កោះធំ សាងសង់​ក្នុង​ឆ្នាំ ២០១៦ ប្រវែង ៤២០​ម៉ែត្រ​។ ៤. ស្ពាន​ជ្រៃ​ធំ សាងសង់​ក្នុង​ឆ្នាំ ២០១៧ ប្រវែង ២១៩​ម៉ែត្រ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com